ក្រសួងបង្ហាញពីបញ្ហាប្រឈមនិងវិបត្តិនានា ប៉ុន្តែវិស័យទេសចរណ៍នៅរក្សាបានភាពធន់

ដោយៈ ចំណាន

    ភ្នំពេញៈ ក្រសួងទេសចរណ៍បានលើកឡើងថា ទោះបីជាវិស័យទេសចរណ៍កម្ពុជា កំពុងប្រឈមមុខនឹងស្ថានភាពដ៏លំបាក និងវិបត្តិនានាយ៉ាងណាក្តី ក៏វិស័យនេះនៅតែបន្តបង្ហាញពីភាពធន់ និងការរីកចម្រើនទៅមុខយ៉ាងសកម្ម។

ការអភិវឌ្ឍនេះ ត្រូវបានជំរុញតាមរយៈការលើកកម្ពស់គុណភាពគោលដៅទេសចរណ៍ ការពង្រឹងយុទ្ធនាការ “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” ព្រមទាំងការជំរុញភាពស្អាត និងបៃតងនៅតាមក្រុង និងខណ្ឌទូទាំងប្រទេស ដើម្បីលើកស្ទួយសោភ័ណភាព បរិស្ថាន និងភាពទាក់ទាញរបស់កម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យបន្តអនុវត្តចលនាប្រទ្បងប្រណាំងទីក្រុងស្អាត លោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេស​ចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាតលើកទី១ ដើម្បីជំរុញការអនុវត្តយន្តការប្រទ្បងប្រណាំង ទីក្រុងស្អាត ដែលជាកេរ្តិ៍ដំណែលដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានបន្តផ្តល់ការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយស នៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត។

ឆ្លៀតឱកាសនៃកិច្ចប្រជុំនាព្រឹកនេះ លោកប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅនូវស្នាដៃរបស់បណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី ដែលបានចាប់ផ្តើមគំនិត និងជំរុញការអនុវត្តយុទ្ធនាការ ប្រទ្បងប្រណាំងទីក្រុងស្អាត ចាប់តាំងពីការដាក់ឱ្យអនុវត្តដំបូង កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១២ ដែលមានរយៈកាលជិត១៤ឆ្នាំ គិតមកដល់បច្ចុប្បន្ន ដោយគំនិតផ្តួចផ្តើម នេះបានធ្វើឱ្យក្រុង ខណ្ឌទូទាំងប្រទេសមានការប្រែមុខមាត់យ៉ាងច្រើនទាំងក្នុងកម្រិតថ្នាក់ជាតិ និងតំបន់។

ជាមួយគ្នានេះ លោកហួត ហាក់វាយតម្លៃទីក្រុងស្អាត ក៏បានគូសរំលេចផងដែរថា គោលបំណងសំខាន់ៗ នៃកិច្ចប្រជុំលើកដំបូងនាថ្ងៃនេះ ទី១) បង្ហាញសមាសភាពអនុប្រធាន សមា​ជិក សមាជិកា នៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ទី២).ស្តាប់របាយការណ៍វឌ្ឍ​នភាពការងារ របស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត។

ទី៣).ពិនិត្យលទ្ធផល នៃការវាយតម្លៃទីក្រុងស្អាតលើកទី៤ សុពលភាពឆ្នាំ២០២៦-២០២៩ មុនគោរពរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល ពិនិត្យ និងសម្រេចចុងក្រោយ និងទី៤). ពិនិត្យលើសកម្មភាពការងារមួយចំនួន ដែលនឹងត្រូវអនុវត្តក្នុងឆ្នាំ២០២៦នេះ។

លោកហួត ហាក់ជូនបន្ថែមថា លទ្ធផលនៃការវាយតម្លៃទីក្រុងស្អាតនេះមានសូចនាករគោល ចំនួន៧ សូចនាករលម្អិត ចំនួន៤១ និងលក្ខណវិនិច្ឆ័យចំនួន១១៣ ហើយត្រូវបានអនុវត្តន៍ផ្អែកលើស្តង់ដាទីក្រុងស្អាត និងផ្អែកលើអភិក្រម ចំនួន៣ គឺទី១). ពិនិត្យលើសមិទ្ធផលកន្លងមក ដែលទទួលបានពីការវាយតម្លៃទីក្រុងស្អាត លើកទី៣ ពោលគឺផ្អែកលើការសន្និដ្ឋានជាមុនថា ការអភិវឌ្ឍរបស់ក្រុង ខណ្ឌបេក្ខភាពត្រូវដើរឆ្ពោះទៅមុខ មិនដើរថយក្រោយ។

ទី២) ពិនិត្យលើឯកសារភ្ជាប់ថ្មីៗបន្ថែមទៀត ដែលផ្តល់ជូនដោយក្រុង-ខណ្ឌបេក្ខភាព និងទី៣).ការពិនិត្យទីតាំងជាក់ស្តែងបន្ថែមទៀតទៅតាមសូចនាករនីមួយៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here