រដ្ឋមន្រ្តីក្រសួងទេសចរណ៍លើកកម្ពស់គុណតម្លៃយុវជនក្នុងការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហួត ហាក់បានចាត់ទុក “យុវជន គឺជាកម្លាំងស្នូលសម្រាប់អនាគត និងជាស្ពានមិត្តភាពដ៏មានតម្លៃ ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាអន្តរជាតិ”។

លោកថ្លែងបែបនេះ ក្នុងឱកាសអនុញ្ញាតជូនសមាគមយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ដឹកនាំដោយលោកជំទាវ ស្រូយ សុជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំយុវជន និងកីឡា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការរៀបចំកម្មវិធី “នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន” លើកទី៥០ ដែលព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៧ នៅខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ព្រមទាំងប្អូនៗក្រុមការងារយុវជនអាស៊ី អាគ្នេយ៍កម្ពុជា-ជប៉ុន សរុបជាង៤០នាក់។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានសម្តែងការគាំទ្រ និងលើកទឹកចិត្ត ដល់សមាគមយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ មិត្តភាព និងការផ្លាស់ប្តូរវប្បធម៌រវាងយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន តាមរយៈកម្មវិធី “នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន” ដែលជាកម្មវិធីមួយ បានរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះស្មារតីភាពជាអ្នកដឹកនាំ ការយោគយល់គ្នា និងការផ្លាស់ប្តូរវប្បធម៌រវាងយុវជនជាអន្តរជំនាន់។

លោករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន មិនត្រឹមតែជាវេទិកា សម្រាប់ការផ្លាស់ប្តូរបទពិសោធ ន៍ និងការអភិវឌ្ឍសមត្ថភាពយុវជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានមិត្តភាពដ៏រឹងមាំ ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៃបណ្តាប្រទេសក្នុងអាស៊ីអាគ្នេយ៍ និងជប៉ុនផងដែរ។

នេះជាលើកទី២ហើយ ដែលលោករដ្ឋមន្រ្តី បានទទួលជួបប្អូនៗ និងក្មួយៗ ក្រុមការងារយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន បន្ទាប់ពីជំនួបលើកទី១ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ដែលរដ្ឋមន្រ្តីរូបនេះ ក៏បានអនុញ្ញាតឱ្យប្រតិភូ សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ចំនួន១៨រូប (ស្រី៧រូប) ចូលជួបសំណេះសំណាល មុននឹងចេញដំណើរចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ រយៈពេល៣៤ថ្ងៃ ដោយចាប់ផ្តើមនៅទីក្រុងតូក្យូ ប្រទេសជប៉ុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here