ក្រសួងបានកំណត់លើការវាយតម្លៃនិងកំណត់ទីផ្សារគោលដៅទេសចរណ៍ឆ្នាំ២០២៧ ២០២៨

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋមន្រ្តីទេសចរណ៍ លោកហួត ហាក់បានថ្លែងថា ការវាយតម្លៃ និងកំណត់ទីផ្សារទេសចរណ៍ គោលដៅអាទិភាពសម្រាប់ឆ្នាំ២០២៧ និង ២០២៨ គឺជាការគិតគូរយុទ្ធសាស្ត្របុរេសកម្ម ដ៏មានសារៈសំខាន់ ដោយឈរលើអភិក្រម ប្រាកដនិយម អាចអនុវត្តបានជាក់ស្តែង មានភាពបត់បែនខ្ពស់ និងការប្រមូលផ្តុំជាសហថាមពលរវាងរដ្ឋ និងឯកជន។

គួបផ្សំនឹងការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធផងដែរ ជាមួយនឹងការពង្រឹងមូលដ្ឋានគ្រឹះ និងការលើកកម្ពស់គុណភាពសេវាកម្មផ្ទៃក្នុងរបស់យើងឱ្យបានរឹងមាំ

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកហួត ហាក់ រួមជាមួយឧកញ៉ាលូ ម៉េង សហប្រធានក្រុម

ការងារផ្នែកទេសចរណ៍ ក្រុម “ខ” បានថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកម្មវិធីសិក្ខាសាលាស្តីពីការសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេសឆ្នាំ២០២៧-២០២៨ ក្រោមប្រធានបទ “ការវាយតម្លៃ និងកំណត់ទីផ្សារទេសចរណ៍អាទិភាព ឆ្នាំ២០២៧-២០២៨”។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងចំនួន ៣ រួមមាន៖ (១) ស្វែងយល់អំពីនិន្នាការនៃការធ្វើដំណើរក្នុងតំបន់ និងសកលដែលជះឥទ្ធិពល លើតម្រូវការក្នងវិស័យទេសចរណ៍ (២) ពិភាក្សាលើបញ្ហាប្រឈមដែលប៉ះពាល់ដល់សមត្ថភាពប្រកួតប្រជែង រួមទាំងការតភ្ជាប់ផ្លូវអាកាសនិងតម្លៃ និងទី(៣) កំណត់ទីផ្សារទេសចរណ៍អាទិភាពសម្រាប់ឆ្នាំ២០២៧-២០២៨។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលបានផ្តល់ការសម្របសម្រួលសព្វគ្រប់បែបយ៉ាងនាពេលកន្លងមក។

លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងឆន្ទៈមោះមុតរបស់ផ្នែកឯកជន នៃមហាគ្រួសារវិស័យទេសចរណ៍កម្ពុជា ដែលជានិច្ចជាកាលតែងតែរួមសុខ រួមទុក្ខជាមួយគ្នា និងចូលរួមជាកម្លាំងចលករយ៉ាងស្អិតរមួត ជាមួយគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រោមដំបូលរាជរដ្ឋាភិបាល ដើម្បីស្តារនិងលើកស្ទួយឧស្សាហកម្មទេសចរណ៍នៅកម្ពុជា។

ជាមួយគ្នានេះ  លោកហួត ហាក់ បានមានប្រសាសន៍ថា សិក្ខាសាលានាពេលនេះ គឺពិតជាមានសារៈសំខាន់ និងទាន់សភាពការណ៍ ស្របពេលដែលស្ថានភាពនយោបាយ និងសេដ្ឋកិច្ចពិភពលោក និងតំបន់ មានការប្រែប្រួលយ៉ាងឆាប់រហ័ស ទៅកាន់ស្ថានភាពដ៏លំបាក។

ទន្ទឹមនឹងនេះ ការគិតគូរអំពីផែនការយុទ្ធសាស្ត្រ ទីផ្សារទេសច​រណ៍សម្រាប់ឆ្នាំ២០២៧-២០២៨ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីវិធានការបន្ទាន់ និងយុទ្ធនាការជាក់ស្តែងមួយចំនួន ដែលរាជរដ្ឋាភិបាលបានសម្រេចដាក់ចេញ ដើម្បីជំរុញនិងស្តារកំណើនទេសចរនៅគ្រប់រដូវកាល  តួយ៉ាដូចជាការទទួលបាននូវគោលការណ៍ អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកភាពឱ្យក្រសួងទេសចរណ៍ បន្តដាក់ចេញនូវ  “យុទ្ធនាការទស្សនាកម្ពុជា នៅរដូវកាលបៃតងឆ្នាំ២០២៦ (Green Season)” ដែលឆ្នាំនេះ គឺជាឆ្នាំទី២  និងត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី២ ខែឧសភា កន្លងទៅ នៅផ្លូវថ្មើរជើងចតុមុខ (Walk Street) រាជធានីភ្នំពេញ។

លោកបន្តថា ក្រសួងទេសចរណ៍ ក៏កំពុងបន្តជំរុញយ៉ាងសកម្មនូវយុទ្ធនាការរដូវកាលសាមគ្គីភាព (Solidarity Season) ដែលទាមទារឱ្យមានស្មារតីខ្មែរជួយខ្មែរ, ខ្មែរជួយសេដ្ឋកិច្ចខ្មែរ, ខ្មែរជួយទេសចរណ៍ខ្មែរ, តាមរយៈការជំរុញចលនាទេសចរណ៍ក្នុងស្រុក  ដែលជាចន្ទល់ដ៏រឹងមាំមួយក្នុងការទ្រទ្រង់ និងបន្តរក្សានូវនិរន្តរភាពអាជីវកម្មរបស់បងប្អូនប្រតិបត្តិករទេសចរណ៍នារដូវកាលនេះ។

បន្ថែមលើនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញគោលនយោបាយនៃការផ្តល់ការលើកលែងទិដ្ឋាការ (Visa Exemption) ដល់ប្រជាជនចិនរយៈពេល១៤ថ្ងៃ ក្នុងដំណាក់កាលសាកល្បងរយៈពេល ៤ខែ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ពោលគឺនៅក្នុងរដូវកាលបៃតងនេះ ដើម្បីស្រូបទាញលំហូរទេសចរចិន ដែលជាទីផ្សារដ៏ធំសម្បើមឱ្យធ្វើដំណើរមកកម្សាន្តនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here