ដោយៈ ម៉ាណា
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់បានថ្លែងថាកម្ពុជា តែងតែស្វាគមន៍ភ្ញៀវទេសចរពីគ្រប់ទិសទី ដោយក្តីស្រឡាញ់ និងភាពកក់ក្តៅ។
លោកបន្តថា ការចូលរួមរបស់អង្គទូត និងក្រុមអ្នកផលិតមាតិកាទេសចរណ៍បរទេស គឺជាកម្លាំងជំរុញដ៏សំខាន់ ក្នុងការផ្សព្វផ្សាយសក្តានុពល និងភាពស្រស់ស្អាតនៃប្រទេសកម្ពុជា ទៅកាន់ពិភពលោក ជាពិសេសក្នុងរដូវកាលបៃតង ដែលពោរពេញដោយបទពិសោធន៍ធម្មជាតិ និងវប្បធម៌ដ៏មានតម្លៃ។
លោករដ្ឋមន្រ្តីបានថ្លែងបែបនេះ ក្នុងឱកាសនៃពិធីប្រកាសបើកជាផ្លូវការ “យុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង ឆ្នាំ២០២៦”។
លោករដ្ឋមន្រ្តី បានអញ្ជើញសំណេះសំណាល ជាមួយអង្គទូតបរទេសប្រចាំ នៅព្រះរាជាណាចក្រកម្ពុជា និងក្រុមអ្នកផលិតមាតិកាទេសចរណ៍បរទេស (Influencers) ជាច្រើននាក់ ដែលបានអញ្ជើញចូលរួមគាំទ្រ និងអបអរសាទរពិធីប្រកាសបើកជាផ្លូវការ “យុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង ឆ្នាំ២០២៦” ដែលប្រព្រឹត្តទៅក្រោមបរិយាកាសស្និទ្ធស្នាល ព្រមទាំងបានថ្លែងអំណរគុណ ចំពោះការគាំទ្រ និងការចូលរួមយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់សហគមន៍អន្តរជាតិ។
លោកហួត ហាក់បានលើកឡើងថា ការចូលរួមរបស់ដៃគូអន្តរជាតិ និងអ្នកបង្កើតមាតិកាទេសចរណ៍បរទេស មានតួនាទីសំខាន់ក្នុងការបង្កើនភាពទាក់ទាញ និងជំរុញភាពជឿជាក់លើគោលដៅទេសចរណ៍កម្ពុជា ជាពិសេសក្នុងរដូវកាលបៃតង ដែលមានធម្មជាតិបៃតងស្រស់ស្អាត បទពិសោធន៍ទេសចរណ៍ប្លែកថ្មី ដែលអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យអញ្ជើញមកទស្សនាកម្ពុជាកាន់តែច្រើន៕









