Moody’s៖ ស្ថានភាព​បំណុល​ក្រៅប្រទេស​របស់​កម្ពុជា​ស្ថិតក្នុង​ការគ្រប់គ្រង​បាន

ដោយៈ​ម៉ា​ណេ​ត

ភ្នំពេញៈ ភ្នាក់ងារ​វាយតម្លៃ​សេដ្ឋកិច្ច Moody’s របស់​សហរដ្ឋអាមេរិក​បានឱ្យដឹង​នៅ​ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១​កន្លងមក​ថា ហានិភ័យ​នៃ​ភាព​ងាយ​រងគ្រោះ​ពី​បំណុល​ពី​បរទេស​របស់​ប្រទេស​កម្ពុជា នៅតែ​ស្ថិតក្នុង​ការគ្រប់គ្រង​បាន។

យោងតាម​ការវាយតម្លៃ​ចុងក្រោយ​របស់​ភ្នាក់ងារ Moody’s អំពី​ផលប៉ះពាល់​នៃ​វិបត្តិ​កូ​វីដ១៩ លើ​អាស៊ី និង​ប៉ាស៊ីហ្វិក ទីភ្នាក់ងារ​វាយតម្លៃ​របស់​សហរដ្ឋ​អាមេរិក​នេះ បានឱ្យដឹងថា សម្ពាធ​រំហូរ​សាច់ប្រាក់ នឹង​បន្ត​បង្ក​ផលប៉ះពាល់​ដល់​ប្រទេស​មួយចំនួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ភ្នាក់ងារ Moody’s បាន​ប៉ាន់ប្រមាណ​ថា ទីផ្សារ​ជួរមុខ​ភាគច្រើន ដែល​រួមមាន​ប្រទេស​កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា មានការ​កើនឡើង​នៃ​បំណុល​ខាងក្រៅ​កាលពី​ឆ្នាំមុន ជាមួយនឹង​ផលប៉ះពាល់ផ្សេងៗគ្នា ប៉ុន្តែ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​បាន” ។

ភ្នាក់ងារ​នេះ​បានឱ្យដឹង​ទៀតថា “ការកើនឡើង​នូវ​បំណុល​ក្រៅប្រទេស នៅ​បង់​ក្លា​ដែ​ស កម្ពុជា និង​ហ្វី​ជី (Fiji) ត្រូវបាន​ជំរុញ​ដោយ​ហិរញ្ញប្បទាន ដែល​ផ្តល់​ដោយ​សហគមន៍​អន្តរជាតិ” ។

ជាមួយ​ការគ្រប់គ្រង​បំណុល​សាធារណៈ រដ្ឋាភិបាល​កម្ពុជា​តែងតែ​ធ្វើឡើង​ដោយ​ប្រុងប្រយ័ត្ន​បំផុត ដើម្បី​ជៀសវាង​វិបត្តិ​បំណុល​ដូច​ប្រទេស​មួយចំនួន ដែល​បាននិងកំពុង​មាន​បញ្ហា​កន្លងមក។

ជាក់ស្តែង​រដ្ឋាភិបាល​ក​ម្ពុ​ជា បានរៀបចំ​យន្តការ​ជាច្រើន ក្នុងការ​គ្រប់គ្រង​បំណុល​សាធារណៈ រាជរដ្ឋាភិបាល ប្រកាន់ខ្ជាប់​នូវ​គោល​រណ៍​គន្លឹះ​ចំនួន៥ដូចជា ទី១ ខ្ចី​ឥណទាន​ក្នុង​ទំហំ​សមស្រប ដែល​ស្ថានភាព​ថវិកា និង​សេដ្ឋកិច្ច​អាំ​ច​ទ្រាំទ្រ​បាន។ ទី២ ខ្ចី​តែ​ឥណទាន​ដែលមាន​កម្រិត​សម្បទាន ឬ​លក្ខខណ្ឌ​អនុគ្រោះ​ខ្ពស់។ ទី៣ ខ្ចី​សម្រាប់តែ​វិស័យ​អាទិភាព​ទ្រទ្រង់​ចីរភាព​នៃ​កំណើនសេដ្ឋកិច្ច និង​វិស័យ​បង្កើន​ផលិតភាព​សេដ្ឋកិច្ច ឬ​ផលិតភាព​ផលិតកម្ម។

ទី៤ ប្រើប្រាស់​ឥណទាន ប្រកបដោយ​តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និង​ស័​ក្ខិ​សិទ្ធ​ភាព​ខ្ពស់បំផុត។ ទី៥ ប្រើប្រាស់​ឥណទាន​សម្រាប់​ហិរញ្ញប្បទាន គម្រោង​វិនិយោគ លើ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ ដែល​ត្រូវមាន​ស្តង់ដា និង​គុណភាព​ខ្ពស់​ស្របតាម​គោលការណ៍ នៃ​ការគ្រប់គ្រង​ការវិនិយោគ​សាធារណៈ ព្រមទាំង​ឆ្លើយតប​ទៅនឹង​តម្រូវការ​នៃ​ការអភិវឌ្ឍ​ជាតិ នៅក្នុង​តំណាក់កាល​ថ្មី ពិសេស​ធានាបាន​នូវ​ចីរភាព​សេដ្ឋកិច្ច សង្គម បរិស្ថាន និង​ភាព​ធន់​នឹង​បម្រែបម្រួល​អា​កាល​ធាតុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here