ដោយៈសាវុធ
ភ្នំពេញៈ គោលការណ៍នៃការផ្គូផ្គងសញ្ញាបណ្ណនិងភាគហ៊ុន ត្រូវបានអនុវត្តដូចគ្នាតាមវិធីសាស្ត្រដេញថ្លៃ ដូចមានចែងនៅក្នុងវិធាន ប្រតិបតិ្តការទីផ្សារមូលបត្ររបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា លើកលែងតែករណីមានថ្លៃផ្គូផ្គងចាប់ពីពីរឡើងទៅ នៅក្នុងការដេញថ្លៃដោយយកថ្លៃតែមួយ។
សម្រាប់ភាគហ៊ុន ថ្លៃជួញដូរគឺយកថ្លៃណា ដែលកៀកនឹងថ្លៃជួញដូរចុងក្រោយ ឬឯសញ្ញាបណ្ណ ដែលថ្លៃជួញដូរ គឺត្រូវគណនាយកថ្លៃមធ្យមនព្វន្ត នៃថ្លៃផ្គូផ្គងខ្ពស់បំផុតនិងថ្លៃផ្គូផ្គងទាបបំផុត។
ក្នុងករណីថ្លៃទទួលបានពីការគណនានេះ មិនចំនឹងឯកតាគម្លាតថ្លៃ នោះថ្លៃជួញដូរត្រូវបង្គត់ឡើងតាមឯកតាគម្លាតថ្លៃ។
ជាមួយគ្នានេះផងដែរ បរិមាណបញ្ជាអប្បបរមារបស់សញ្ញាបណ្ណ និងភាគហ៊ុនមានចំនួនដូចគ្នា គឺមួយឯកតាសញ្ញាបណ្ណ និងមួយភាគហ៊ុន។
ប៉ុន្តែបរិមាណបញ្ជាអតិបរមា របស់សញ្ញាបណ្ណគឺ១០.០០០ (មួយម៉ឺន) ឯកតាសញ្ញាបណ្ណ ខណៈដែលបរិមាណបញ្ជាអតិបរិមារបស់ភាគហ៊ុន មិនត្រូវបានកំណត់នោះទេ៕