អេស៊ីលីដាស៊ីឃ្យូរីធី ភិអិលស៊ីគ្រងតំណែងជ័យលាភីឈ្មួញជើងសារមូលបត្រឆ្នើម ប្រាំត្រីមាសជាប់គ្នា

ដោយៈម៉ាណេត

ភ្នំពេញៈ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) បានប្រកាសនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ថា ជ័យលាភីឈ្នួញជើងសារមូលបត្រឆ្នើម សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២០ គឺក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធី ភិអិលស៊ី។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជ បានឱ្យដឹងថា នេះជាត្រីមាសទីប្រាំហើយ ដែលក្រុមហ៊ុនមូលបត្រនេះបានឈ្នះ ក្នុងកម្មវិធីនេះរបស់ ផ.ម.ក. ដែលការវាយតម្លៃនេះ គឺផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន៣ គឺទំហំជួញដូរមូលបត្ររបស់អតិថិជន ចំនួនគណនីជួញដូរបានបើកថ្មី និងការប្រើប្រាស់ប្រព័ន្ធជួញដូរចល័ត (MTS) របស់អតិថិជន។

នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២០ នេះ ទំហំជួញដូរមូលបត្រសរុបរបស់អតិថិជនក្រុមហ៊ុនអេស៊ីដា ស៊ីឃ្យូរីធី ភីអិលស៊ី មានចំនួន១៩,៥៧ប៊ីលានរៀល ស្មើនឹងប្រមាណ៤៨ភាគរយនៃទំហំជួញដូរមូលបត្រសរុប។ ទន្ទឹមនឹងនេះ ប្រមាណ៧៨ភាគរយ នៃចំនួនគណនីជួញដូរទាំងអស់ ដែលបានបើកថ្មីជាចំណែករបស់ក្រុមហ៊ុននេះផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទំហំជួញដូរសរុបរបស់អថិតិជនក្រុមហ៊ុនអេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី តាមរយៈប្រព័ន្ធ MTS មានចំនួន១៩,៤៣ប៊ីលានរៀល ខណៈដែលចំនួនគណនីជួញដូរតាមប្រព័ន្ធ MTS ដែលបានបើកថ្មីមានចំណែកប្រមាណ៦៤ភាគរយនៃគណនីបើកថ្មីសរុប។

កម្មវិធីឈ្មួញជើងសារមូលបត្រឆ្នើមនេះ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងស្វែងរកនូវ ក្រុមហ៊ុនឈ្មួញជើងសារមូលបត្រឆ្មើមប្រចាំត្រីមាសមួយៗ ដែលមានភាពឈានមុខគេ ក្នុងការផ្តល់សេវាកម្មឈ្មួញជើងសារមូលបត្រ សម្រាប់អតិថិជនរបស់ខ្លួន។

កាលថ្មីៗនេះ អេស៊ីលីដាស៊ីឃ្យួរឹធី ភីអិលស៊ីក៏បានឈ្នះពានរង្វាន់ “ឈ្មួញជើងសារមូលបត្រល្អបំផុតនៅកម្ពុជាប្រចាំឆ្នាំ២០២០” ក្នុងកម្មវិធីពានរង្វាន់ធនាគារ និងហិរញ្ញវត្ថុអន្តរជាតិ ដែលរៀបចំដោយទស្សនាវដ្តីធនាគារ និងហិរញ្ញវត្ថុអន្តរជាតិ ដែលមានការិយា​ល័យនៅទីក្រុងឡុង ចក្រភពអង់គ្លេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here