វិភាគ៖ តើ​អាមេរិក​និង​ចិន​ចាប់ផ្ដើម​សង្គ្រាម​ពាណិជ្ជកម្ម​ជាថ្មី​ឬ​យ៉ាងណា ខណៈ​ចិនចាប់ផ្តើម​វាយបក​ទណ្ឌកម្ម​អាមេរិក

ដោយៈ​សុខុម

ប្រទេស​ចិនៈ មនោគមវិជ្ជា​សេរី និង​កុ​ម្មុយ​ស​នី​ស្ត​ប៉ះគ្នា នឹងធ្វើ​ឲ្យ​ពិភពលោក​រង​ការ​រង្គោះរង្គើរ និង​បញ្ហា​សេដ្ឋកិច្ច​ថ្មី​បាន​លេចឡើង ដែល​ផ្តល់​ការខាតបង់​ច្រើនជាង​ចំណេញ​សំរាប់​ពិភពលោក ពិសេស​ប្រទេស​ក្រីក្រ​នានា។

ជាមួយនឹង​ការ​ផ្តោតលើ​ផលប្រយោជន៍ អាមេរិក​ក្រោម​រដ្ឋបាល​លោក​ដូ​ណា​ល់ ត្រាំ ដែល​ជិត​ផុត​អាណត្តិ​នេះ បាន​បន្សល់​នូវ​ពពក​ខ្មៅ​ជាច្រើន​សំរាប់​ចិន និង​មេដឹកនាំ​នានា​របស់​ពិភពលោក។ ជាក់ស្តែង​កាលពី​ថ្ងៃ​សៅរ៍ ទី៩ ខែមករា ចិន បានចេញ​បទបញ្ជា​ថ្មី​មួយ​ដែលមាន​ប្រសិទ្ធភាព​អនុវត្តន៍ភ្លាមៗ ដើម្បី​ហាមប្រាម​ក្រុមហ៊ុន​នានា មិនឱ្យ​គោរព​តាមច្បាប់​បរទេស ដែល​ដាក់​បម្រាម​មិន​ឱ្យធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន​ចិន និង​បុគ្គល​ជនជាតិ​ចិន។ នេះ​បើ​យោងតាម​កាសែត South China Morning Post ចុះផ្សាយ​ក្នុង​ថ្ងៃ​ដដែល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាម​ក្រសួងពាណិជ្ជកម្ម​ចិន​បានឱ្យដឹងថា “វិធាន​ស្ដីពី​ការទប់ស្កាត់​ការអនុវត្ត​ក្រៅ​ដែនដី​ដោយ​មិន​ត្រឹមត្រូវ​នូវ​ច្បាប់ និង​វិធានការ​នានា​របស់​បរ​ទេស” (Rules on Counteracting Unjustified Extraterritorial Application of Foreign Legislation and Other Measures) ខាងលើនេះ​អនុវត្ត​ចំពោះ​កាលៈទេសៈ​ដែល “ហាមប្រាម ឬ​រឹតបន្តឹង​ដោយ​មិន​ត្រឹមត្រូវ” លើ​បុគ្គល ក្រុមហ៊ុន និង​ស្ថាប័ន​ចិន ក្នុង​ការធ្វើសកម្មភាព​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​សកម្មភាព​ពាក់ព័ន្ធ​ជា​ប្រក្រតី​ជាមួយ​ភាគី​ពី​ប្រទេស​ទី៣” ។

ក្រសួង​នេះ​បញ្ជាក់ថា “(វិធាន​ថ្មី​នេះ) ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ បញ្ចៀស ឬ​សម្រាល​ផលប៉ះពាល់ មកលើ​បណ្ដា​ក្រុមហ៊ុន​សហគ្រាស​ចិន និង​ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​អន្តរជាតិ​ជា​ប្រក្រតី” ។

ក្រោម​ច្បាប់​វិធាន​ថ្មី​នេះ បុគ្គល​ឬ​ស្ថាប័ន​ចិន​នានា ត្រូវ​រាយការណ៍​ទៅ​ក្រសួងពាណិជ្ជកម្ម​ក្នុង​រយៈពេល៣០ថ្ងៃ អំពី​អាជីវកម្ម​របស់ខ្លួន ដែល​រង​ផលប៉ះពាល់​ដោយសារ​ការអនុលោម​តាមច្បាប់​បរទេស។

យោងតាម​វិធាន​នេះ ប្រសិនបើ​គោរព​បាន​តាម​លក្ខខណ្ឌ​ត្រឹមត្រូវ ក្រសួង​នឹង​ចេញ​អធិបញ្ជា (សេចក្ដី​បង្គាប់) ប្រឆាំង​ការទទួលស្គាល់ ការអនុវត្ត និង​ការអនុលោម​តាមច្បាប់ និង​វិធានការ​នានា​របស់​បរ​ទេស។ ហើយ​ដំណើរការ​រាយការណ៍​នេះ នឹង​រក្សា​ទុកជា​ការសម្ងាត់ ប្រសិនបើ​ចាំបាច់។

មាត្រា៨ នៃ​វិធាន​នេះ​បញ្ជាក់ថា បុគ្គល និង​អង្គភាព​នានា​អាចដាក់​ពាក្យ​ទៅ​ក្រសួង​ដើម្បី​សុំ​ការលើកលែង​ពី​អធិបញ្ជា​នេះ ហើយ​សេចក្ដីសម្រេច​លើ​ការអនុវត្ត​នេះ ត្រូវធ្វើឡើង​ក្នុង​រយៈពេល៣០ថ្ងៃ។

ទន្ទឹមនេះ​រដ្ឋាភិបាល​ចិន ក៏​អាច​នឹង​ចាត់វិធានការ​តបត​វិញ​ផងដែរ ប្រសិនបើ​ចាំបាច់។

វិធាន​នេះ​គឺជា​ចំណាត់ការ​ចុងក្រោយ នៃ​កិច្ចប្រឹងប្រែង​ជា​បន្តបន្ទាប់​របស់​ចិន ដើម្បី​ប៉ះប៉ូវ​ផលប៉ះពាល់​បង្កឡើង ដោយសារ​ចំណាត់ការ​ពាណិជ្ជកម្មរ​បស់​សហរដ្ឋអាមេរិក។ ក្នុង​ឆ្នាំ២០១៩ រដ្ឋាភិបាល​ក្រុង​ប៉េកាំង ក៏បាន​បញ្ចេញ​បញ្ជីខ្មៅ នៃ​បណ្ដា​អង្គភាព​ដែល​មិនអាច​ទុកចិត្តបាន​ផងដែរ។

សហរដ្ឋអាមេរិក​កាលពី​សប្តាហ៍​កន្លងទៅ បាន​គំរាម​ដាក់ទណ្ឌកម្មថ្មីៗលើ​ក្រុង​ហុងកុង និង​ចិនដីគោក (ចិន​ប៉េកាំង) ដោយសារ​ការចាប់ខ្លួន អ្នកនយោបាយ​បក្សប្រឆាំង​ជាង ៥។

មជ្ឈដ្ឋាន​មួយចំនួន​បាន​ប៉ាន់​ស្មានថា សហរដ្ឋអាមេរិក ក៏​អាច​នឹង​រឹតបន្តឹង​ការ​រៃអង្គាស​មូលនិធិ​ជា​រូបិយប័ណ្ណ​ដុល្លារ សម្រាប់​បណ្ដា​ក្រុមហ៊ុន​ចិន នៅ​ក្រុង​ហុងកុង​ផងដែរ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ នៃ​ការ​កាន់អំណាច​ក្រោម​រដ្ឋការ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ។

ក្រុមអ្នកវិភាគ​និយាយថា វិធាន​ថ្មី​របស់​ក្រសួងពាណិជ្ជកម្ម​ចិន នេះ​នឹង​រឹតបន្តឹង​បណ្ដា​ក្រុមហ៊ុន​ពហុ​ជាតិ​សាសន៍ ដែល​ធ្វើឱ្យ​ពួកគេ​ពិបាក​សម្រេចចិត្ត មិនដឹងថា​គួរ​គោរព​តាម​បទបញ្ជា​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ឬក៏​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

លោក Nick Marro ប្រធាន​អ្នកវិភាគ​ផ្នែក​ពាណិជ្ជកម្ម​ពិភពលោក​នៅ Economist Intelligence Unit មាន​មូល​ដ្ឋា​នៅ​ក្រុង​ហុងកុង ដែលជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ Economist Group មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស និយាយថា វិធាន​នេះ​នឹង​បង្ក​ការលំបាក​ក្នុងការ​អនុវត្ត ព្រោះ​សហរដ្ឋអាមេរិក នៅតែ​ជាទី​ផ្សារ​ដ៏​សំខាន់ សម្រាប់​ក្រុមហ៊ុន​ភាគច្រើន ហើយ​ក្រុម​អ្នកធ្វើ​គោលនយោបាយ ក៏​បានដឹង​ច្បាស់​ពី​ចំណុច​នេះដែរ។

លោក​បាន​បន្ថែមថា “ប៉ុន្តែ​វិធានការ​ថ្មី​របស់​ក្រសួងពាណិជ្ជកម្ម​នេះ​បង្ហាញថា ការគិត​ជា​យុទ្ធសាស្ត្រ ប្រហែលជា​កំពុង​ផ្លាស់ប្តូរ​មកដល់​ចំណុច​មួយ ដែល​ក្រុមមន្ត្រី​កាន់តែ​ងាយស្រួល ក្នុង​ចាប់បង្ខំ​ឱ្យ​ក្រុមហ៊ុន​នានា​ជ្រើសរើស​ភាគី​ខាង​ណាមួយ” ។

លោក Henry Gao សាស្ត្រាចារ្យ​រង​ផ្នែក​ច្បាប់​នៅ​សកល​វិទ្យាល័យ​គ្រប់គ្រង​សិង្ហ​បុរី (Singapore Management University) បាន​លើកឡើងថា វិធាន​ថ្មី​នេះ​ធ្ងន់ធ្ងរ​ជាង​អ្វីដែល​លោក​រំពឹងទុក​ឆ្ងាយ​ណាស់។

លោក​រំពឹងថា “ក្រុមហ៊ុន​អាមេរិក​ជាច្រើន​ក៏​នឹងរង​ផលប៉ះពាល់​ដែរ ព្រោះ​ក្រោម​មាត្រា៩នៃ​វិធាន​នេះ​ចែងថា ក្រុមហ៊ុន​ណាមួយ​ដែល​អនុវត្តន៍ តាម​ទណ្ឌកម្ម​ដាក់​លើ​អង្គភាព​នានា​របស់​ចិន អាច​នឹងរង​ពាក្យបណ្ដឹង​ទាមទារ​សំ​ជំងឺ​ចិត្ត នៅក្នុង​ប្រទេស​ចិន” ។ លោក​បន្ថែមថា “ក្រុមហ៊ុន​នានា​នឹងត្រូវ​បង្ខំចិត្ត​ធ្វើការ​ជ្រើសរើស” ។

ក្នុង​ឆ្នាំ​កន្លងទៅ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បានដាក់​ទណ្ឌកម្ម​ជាប​ន្ត​បន្ទាប់ លើ​ម ន្ត្រី និង​ក្រុមហ៊ុន​ចិន ដីគោក និង​ក្រុង​ហុងកុង ដោយ​អាច​ដាក់ទោស​ស្ថាប័នហិរញ្ញវត្ថុ​នានា​ដែល​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ពួកគេ​ទៀតផង។ អ្នក​ដែល​ត្រូវបាន​កំណត់​គោលដៅ​ទាំងនោះ​រួមមាន​ទាំង​លោកស្រី Carrie Lam Cheng Yuet-ngor ជា​មេដឹកនាំ​ក្រុង​ហុងកុង ដែល​ត្រូវបាន​ដាក់ទណ្ឌកម្ម រួមជាមួយ​មន្ត្រីកំពូលៗមួយចំនួនទៀត កាលពី​ខែសីហា ឆ្នាំ២០២០ផងដែរ ចំពោះ​តួនាទី​របស់​ពួកគេ ក្នុងការ​រឹតត្បិត​សេរីភាព​នយោបាយ​ក្នុង​ក្រុង​នេះ។

កាលពី​ខែ​មុន សហរដ្ឋអាមេរិក ក៏បាន​ដាក់ទណ្ឌកម្ម​លើ​សមាជិកសភា​ចិន ចំនួន ១៤ រូប​ផងដែរ​ចំពោះ​តួនាទី​របស់​ពួកគេ ក្នុងការ​ធ្វើ​សេ​ក្ដី​ព្រាង​ច្បាប់​ស្ដីពី​សន្តិសុខ​ជាតិ​សម្រាប់​ក្រុង​ហុងកុង។

ក្រុម​និយ័ត​ករ​វិស័យ​ហិរញ្ញវត្ថុ​របស់​ប្រទេស​ចិន កាលពី២សប្ដាហ៍​មុន​បាន​អះអាងថា ទណ្ឌកម្ម​របស់​សហរ​ដ្ឋ​អាមេរិក លើ​បណ្ដា​ក្រុមហ៊ុន​ឬ​បុគ្គល​ជា​ជនជាតិ​ចិន គ្មាន​មូល ដ្ឋា​ន​ច្បាប់​នៅ​ក្រុង​ហុងកុង ឬ​ចិនដីគោក​ឡើយ។

សហរដ្ឋអាមេរិក ក៏បាន​ចុះបញ្ជី​ខ្មៅ​ក្រុមហ៊ុន​ចិនធំៗជាច្រើន​ទៀត រួមទាំង​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប​ធំ​បំផុត SMIC និង​ក្រុមហ៊ុន​ផលិត​ដ្រូ​ន DJI ផងដែរ។ បណ្ដា​ក្រុមហ៊ុន​អាមេរិក ត្រូវបាន​រឹតបន្តឹង​ក្នុង​ការលក់​ផលិតផល ទៅឱ្យ​ក្រុមហ៊ុន​ទាំងនេះ​ដោយ​សំអាង​លើ​ហេតុផល​សន្តិសុខ​ជាតិ។

ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗរបស់​ចិន រួមមាន​ក្រុមហ៊ុន Huawei ក្រុមហ៊ុន ByteDance ក្រុមហ៊ុន​Alibaba និង​ក្រុមហ៊ុន Tencent ក៏បាន​ជាប់ផុង​ក្នុង​សង្គ្រាម​បច្ចេកវិទ្យា រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​នេះ​ផងដែរ។

សហរដ្ឋអាមេរិក​បាន​រឹតបន្តឹង​ក្រុមហ៊ុន Huawei ធ្វើយ៉ាងណា​ឱ្យ​ក្រុមហ៊ុន​នេះ​ពិបាក​ទទួលបាន​បន្ទះ​ឈី​ប​ពី​អាមេរិក​កាលពី​ឆ្នាំមុន ខណៈ​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ក្រុង​ប៉េកាំង​ByteDance ដែល​កាន់កាប់​ក្រុមហ៊ុន​TikTok បាន​បំពាន​ឱសានវាទ​ដែល​សហរដ្ឋអាមេរិក បានកំណត់​ត្រឹម​ថ្ងៃទី៤ ធ្នូ ឱ្យ​ដកចេញ Platform វីដេអូ​ខ្លី​របស់ខ្លួន ខណៈ​កិច្ចព្រមព្រៀង​របស់ខ្លួន ជាមួយ​ក្រុមហ៊ុន​អាមេរិក Oracle សម្រាប់​កាន់កាប់​ភាគហ៊ុន​មួយផ្នែក កំពុង​ស្ថិតក្រោម​ការពិនិត្យ​ពិច័យ​ដោយ​ភាគី​ទាំងពីរ។

យោងតាម​សេចក្ដីរាយការណ៍​ថា រដ្ឋការ​របស់លោក ដូ​ណា​ល់ ត្រាំ កំពុង​ពិចារណា​ហាមឃាត់​ពលរដ្ឋ​អាមេរិក មិនឱ្យ​វិនិយោគ​លើ​ក្រុមហ៊ុន​Alibaba និង​ក្រុមហ៊ុន Tencent ដែល​ទាំងនេះ សុទ្ធតែជា​ក្រុមហ៊ុន​ចិន​ចុះបញ្ជី​ជា​សាធារណៈ ដែលមាន​តម្លៃ​បំផុត​នៅក្នុង​សហរដ្ឋអាមេរិក។ តាម​ការ​បញ្ជាក់ថា ក្រុមហ៊ុន Alibaba ជា​ម្ចាស់​កាសែត South China Morning Post។

ផ្សារភាគហ៊ុន​សហរដ្ឋ​អាមេរិក New York Stock Exchange កាលពី​ថ្ងៃ​ពុធ ទី៦ មករា បាន​គូសបញ្ជាក់​ជាថ្មី​ថា ខ្លួន​នឹង​បន្ត​ផែនការ​លុប​ក្រុមហ៊ុន​ចិន​ចំនួន៣ រួមមាន​ក្រុមហ៊ុន China Telecom ក្រុមហ៊ុន​China Mobile និង​ក្រុមហ៊ុន​China Unicom ចេញពី​បញ្ជី​ផ្សារភាគហ៊ុន​នៅ​សហរដ្ឋអាមេរិក ដើម្បី​អនុលោម​តាម​បទបញ្ជា ដែល​ចុះហត្ថលេខា​សម្រេច​ដោយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក្រោយ​ប្រកាស​បានតែ២ថ្ងៃ​ថា ខ្លួន​នឹង​លុបចោល​ផែនការ​នេះ។

បទបញ្ជា​នេះ​បាន​ហាម​ក្រុមហ៊ុន និង​ពលរដ្ឋ​អាមេរិក មិនឱ្យ​វិនិយោគ​លើ​បណ្ដា​ក្រុមហ៊ុន ដែល​រដ្ឋការ​របស់លោក ដូ​ណា​ល់ ត្រាំ​បាន​អះអាង​ដោយ​គ្មាន​មូលដ្ឋាន និង​មិន​សម​ហេតុផល​ថា មាន​ទំនាក់ទំនង​ជាមួយ​យោធា​ចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here