តម្លៃកាក់ Bitcoin ឡើងថ្លៃខ្ពស់គួរឱ្យភ្ញាក់ផ្អើលនៅដើមឆ្នាំ២០២១នេះ

ដោយ ៖ សុខុម

ញូវយ៉ក: កាក់អេឡិចត្រូនិក ប៊ីតខ័ញ (Bitcoin) បានឡើងថ្លៃខ្ពស់រហូតដល់៤០.០០០ដុល្លារអាមេរិក ក្នុងមួយកា​ក់ជាលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍ទី៧ មករា កើនឡើងជាង ៧០០% បើធៀបនឹងការ​ជួញដូរកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១។

យោងតាមសារព័ត៌មាន CNA ឱ្យដឹងទៀតថា រូបិយប័ណ្ណឌីជីថលដ៏ពេញនិយមបំផុតរបស់ពិភពលោក​មួយនេះ​បានឡើងថ្លៃរហូតដល់ ៤០.៤០២,៤៦ ដុល្លារអាមេរិក ក្នុងមួយកាក់ពីអត្រាតម្លៃចុងក្រោយ ៣៩.១០០ ដុល្លារ។ រូបិយប័ណ្ណឌីជីថលនេះបានឡើងថ្លៃលើស ៣០.០០០ ដុល្លារជាលើកដំបូងកាលពីថ្ងៃទី០២ មករា ពីអត្រាតម្លៃ ២០.០០០ ដុល្លារកាលពីថ្ងៃទី១៦ ខែធ្នូ ចុងឆ្នាំ២០២០។

រូបិយប័ណ្ណឌីជីថលធំបំផុតទី២ Ethereum បើគិតពីមូលធនទីផ្សារ (Market Capitalization) បានឡើងថ្លៃ ១,៨% ដល់ ១.២៣១ ដុល្លារក្នុងមួយកាក់ និងរូបិយប័ណ្ណឌីជីថលធំបំផុតទី៤ XRP បានឡើងថ្លៃ ៣១% ដល់ ៣២ សេន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វិនិយោគិនមួយចំនួនចានចាត់ទុករូបិយប័ណ្ណឌីជីថលធំបំផុត Bitcoin ជាការវិនិយោគដ៏មានសុវត្ថិភាពសម្រាប់​ការពារ​ពី​អតិផរណា ស្របពេលបណ្ដារដ្ឋាភិបាលក្នុងពិភពលោកបញ្ចេញកញ្ចប់ថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់​ដើម្បី​ស្ដារសេដ្ឋកិច្ចពីផលប៉ះពាល់ ដែលបង្កឡើងដោយសារការផ្ទុះការឆ្លងរាតត្បាតវីរុសផ្លូវដង្ហើម​ប្រភេទថ្មីដ៏កាចសាហាវ​កូវីដ-១៩។

តើ Bitcoin ជាអ្វី ហើយអ្នកណាជាអ្នកបង្កើតវាឡើង និងមានប្រភពមកពីណាឱ្យប្រាកដ?

យោងតាម Wikipedia ឱ្យដឹងថា កាក់អេឡិចត្រូនិក Bitcoin ជារូបិយប័ណ្ណឌីជីថលប្រភេទថ្មីដែលបង្កើត​ឡើង​ក្នុង​ឆ្នាំ២០០៨ និងដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ២០០៩ ដោយជនមិនស្គាល់មុខម្នាក់ ឬមួយក្រុមដែលប្រើឈ្មោះថា Satoshi Nakamoto។

ការចរាចររូបិយប័ណ្ណឌីជីថលមួយនេះគ្មានប្រភពច្បាស់លាស់ទេ ពោលគឺធនាគារនៅក្នុងប្រទេសជាច្រើនមិនទទួល​ស្គាល់ឡើយ រួមទាំងធនាគារជាតិនៃកម្ពុជា របស់យើងផង។ វាមិនតម្រូវឱ្យបង់ប្រាក់បន្ថែមសម្រាប់ការចាយវាយ និងមិនតម្រូវឱ្យអ្នកប្រើប្រាស់រូបិយប័ណ្ណមួយប្រភេទនេះប្រើឈ្មោះពិតប្រាកដឡើយ។

សព្វថ្ងៃនេះ មានពាណិជ្ជករជាច្រើនកំពុងប្រើប្រាស់ Bitcoin សម្រាប់ទិញអីវ៉ាន់តាមអនឡាញ និងការចំណាយធំៗ​ជា​លក្ខណៈអន្តរជាតិជាដើម ព្រោះរូបិយប័ណ្ណឌីជីថល Bitcoin មិនមែនជាកម្មសិទ្ធិរបស់ប្រទេសណាមួយឡើយ ។ អាជីវកម្មខ្នាតតូចមួយចំនួនចូលចិត្តប្រើប្រាស់ Bitcoin ដោយសារតែវាមិនតម្រូវឱ្យមានការចំណាយប្រចាំថ្ងៃដូច​កាតឥណទាន។ អ្នកខ្លះទិញ Bitcoin ទុកជាការវិនិយោគ ដោយសង្ឃឹមថានឹងបានចំណេញនៅថ្ងៃក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here