អេស៊ីលីដាទទួលពានរង្វាន់ជាឈ្មួញជើងសារមូលបត្រល្អបំផុតនៅកម្ពុជា

ដោយ៖ សាវុធ

ភ្នំពេញ៖ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ដែលជាក្រុមហ៊ុនមូលបត្រឈានមុខគេក្នុងប្រទេសកម្ពុជា ឈ្នះពានរង្វាន់ “ឈ្មួញជើងសារមូលបត្រល្អបំផុតនៅកម្ពុជាប្រចាំឆ្នាំ២០២០” ក្នុងកម្មវិធីពានរង្វាន់ធនាគារ និងហិរញ្ញវត្ថុអន្តរជាតិ ដែលរៀបចំដោយទស្សនាវដ្តីធនាគារ និងហិរញ្ញវត្ថុអន្តរជាតិ ដែលមានការិយាល័យនៅទីក្រុងឡុង ចក្រភពអង់គ្លេស។

 

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអេស៊ីលីដា ស៊ីឃ្យួរឹធី ចេញផ្សាយក្នុងសប្តាហ៍នេះថា អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ពានរង្វាន់នេះ ផ្តល់ជូនបណ្តាក្រុមហ៊ុនឆ្នើមៗ ជាពិសេសក្រុមហ៊ុនដែលមានជំនាញក្នុងឧស្សាហកម្មធនាគារ និងហិរញ្ញវត្ថុ។

អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ត្រូវបានផ្តល់ពានរង្វាន់ជា “ឈ្មួញជើងសារមូលបត្រល្អបំផុតនៅកម្ពុជាប្រចាំឆ្នាំ២០២០” ដោយសារតែ ក្រុមហ៊ុននេះ សម្រេចនិងអនុវត្តបានលទ្ធផលល្អ ព្រមទាំងទទួលបានពិន្ទុល្អក្នុងផ្នែកដូចខាងក្រោម៖

លទ្ធផលល្អក្នុងវិស័យមូលបត្រដោយមានកំណើនខ្លាំងលើចំនួនគណនីជួញដូរ បរិមាណជួញដូរ និងតម្លៃជួញដូរ ក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ។
វិនិយោគផ្នែកបច្ចេកវិទ្យាដើម្បីអភិវឌ្ឍសេវាឌីជីថលកាន់តែប្រសើរឡើង។
ផ្តល់ព័ត៌មានទូលំទូលាយសម្រាប់វិនិយោគិន និងការស្រាវជ្រាវ។
មានអភិបាលកិច្ច និងការគ្រប់គ្រងហានិភ័យរឹងមាំ។

លោកព្រំ វិសុទ្ធអគ្គនាយកនៃអេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី បានមានប្រសាសន៍ថា ពានរង្វាន់នេះ ជាកិត្តិយស និងជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយទៀតរបស់អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី សម្រាប់ឆ្នាំថ្មី ២០២១ នេះបន្ទាប់ពីខ្លួនបានទទួលពានរង្វាន់ជា “ក្រុមហ៊ុនមូលបត្រឆ្នើម” ក្នុងកម្មវិធីដែលផ្តួចផ្តើមដោយទីផ្សារមូលបត្រកម្ពុជា ចំនួន ៣ ត្រីមាសជាប់គ្នាក្នុងឆ្នាំ២០២០។

លោកបានបន្តទៀតថា “យើងខ្ញុំសូមថ្លែងអំណរគុណដោយស្មោះស្ម័គ្រចំពោះវិនិយោគិន និងសាធារណៈជនទាំងអស់ដែលបាននិងកំពុងប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំកន្លងមក”។

លោកបានថ្លែងថា ពានរង្វាន់នេះ គឺជារបស់លោកអ្នកទាំងអស់គ្នា និងបានបញ្ជាក់ថា លោកអ្នកបានយល់ដឹងលើវិស័យមូលបត្រ និងទីផ្សារមូលបត្រ ព្រមទាំងយល់ដឹងច្បាស់ពីអត្ថប្រយាជន៏ដ៏សំខាន់របស់វិស័យ និងទីផ្សារនេះ សម្រាប់ជាជម្រើសនៃការវិនិយោគរបស់លោកអ្នក ដែលធ្វើអោយវិស័យ និងទីផ្សារនេះ មានសកម្មភាពកាន់តែរស់រវើក និងរីកចម្រើនថែមទៀត ដើម្បីចូលរួម និងជួយទ្រទ្រង់សេដ្ឋកិច្ចជាតិយើង។ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ចាត់ទុកគុណភាព និងភាពងាយស្រួលនៃការប្រើប្រាស់សេវាកម្ម ជាអាទិភាពដំបូងបំផុតសម្រាប់វិនិយោគិន និងសាធារណៈជនទាំងអស់។

លោក Wanda Rich និពន្ធនាយកនៃទស្សនាវដ្តីធនាគារ និងហិរញ្ញវត្ថុអន្តរជាតិ បានមានប្រសាសន៍ថា អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី បានបង្ហាញការប្តេជ្ញាយ៉ាងខ្លាំងចំពោះគុណភាព និងភាពងាយស្រួលនៃការអភិវឌ្ឍសេវាឈ្មួញជើងសាររបស់ខ្លួន តាមរយៈការធ្វើឱ្យប្រសើរឡើងនូវសេវាជួញដូរមូលបត្របែបឌីជីថល។

លោកបានបន្តថា អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ីមានការគ្រប់គ្រងហានិភ័យរឹងមាំ មានជំនាញ និងគុណភាពសេវាកម្មល្អ និងការអនុវត្តបានលទ្ធផលដែលគួរអោយស្ញប់ស្ញែងនូវកំណើនលើចំនួនគណនីជួញដូរ បរិមាណជួញដូរ និងតម្លៃជួញដូរ ព្រមទាំងកាន់កាប់ចំណែកទីផ្សារដ៏ធំក្នុងទីផ្សារនេះ បានធ្វើអោយ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី លេចធ្លោក្លាយជាអ្នកឈ្នះពានរង្វាន់ដ៏ពិតប្រាកដក្នុងប្រភេទពានរង្វាន់មួយនេះ។

លោកបានថ្លែងទៀត “យើងនឹងតាមពិនិត្យមើលបន្ថែមពីលទ្ធផលអនុវត្តរបស់អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី នៅក្នុងបណ្តាឆ្នាំខាងមុខៗទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here