ព្រលានយន្ដហោះអន្តរជាតិថ្មីខេត្តសៀមរាបតម្លៃជាង៩០០លានដុល្លារកំពុង ពន្លឿនការសាងសង់

ដោយៈ ឧត្តម

សៀមរាបៈ បើគ្មានអ្វីប្រែប្រួលទេ នៅដើមឆ្នាំ២០២៣ខាងមុខនេះ ព្រលានយន្តហោះអន្តរជាតិខ្នាតធំថ្មីនៃខេត្តសៀមរាប អាចបញ្ចប់ការសាងសង់ជាស្ថាពរ ហើយដាក់ដំណើរការស្របគ្នា ជាមួយនឹងគម្រោងព្រលានយន្ដហោះអន្តរជាតិភ្នំពេញថ្មី នៅខេត្តកណ្តាល ខណៈដែលបច្ចុប្បន្នសកម្មភាព នៃការសាងសង់កំពុងតែមមាញឹក ដោយធ្វើឡើងទាំងថ្ងៃទាំងយប់ និងប្រើប្រាស់កម្លាំងពលកម្មសរុបប្រមាណ៨០០នាក់។

 

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកសុខ ចិន្តាសោភា បានមានប្រសាសន៍នៅក្នុងកិច្ចចុះត្រួតពិនិត្យវឌ្ឍនភាព នៃការសាងសង់ព្រលានយន្ដហោះអន្តរជាតិថ្មីនៃខេត្តសៀមរាប នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០កន្លងមកថា គម្រោងវិនិយោគនេះ គឺជាគម្រោងអាទិភាពនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្រោមអនុស្សារណៈនៃការយោគយល់គ្នា រវាងក្រុមប្រឹក្សាអវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការជាតិកំណែទម្រង់ និងអភិវឌ្ឍន៍ចិន ស្ដីពី កិច្ចសហប្រតិបត្តិការវិនិយោគ និងសមត្ថភាពផលិត។

ជាមួយគ្នានេះ លោកបានវាយតម្លៃយ៉ាងខ្ពស់ ទៅលើការយកចិត្តទុកដាក់របស់ក្រុមហ៊ុនជំនាញ ដែលទទួលម៉ៅការសាងសង់ព្រលានយន្ដហោះអន្តរជាតិថ្មី នៃខេត្តសៀមរាបនេះ បើទោះជាស្ថិតនៅក្នុងស្ថានភាព ដែលកំពុងប្រឈមនឹងវិបត្តិនៃជំងឺឆ្លងក៏ដោយ ដែលវាជាការបង្ហាញពីភាពទទួលខុសត្រូវខ្ពស់ ទៅគម្រោងអភិវឌ្ឍន៍មួយនេះ។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប មានទីតាំងស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រ​និគម ខេត្តសៀមរាប កំពុងត្រូវបានសាងសង់ដោយក្រុមហ៊ុន Angkor International Airport Investment(AIAI) ដែលជាការវិនិយោគដោយក្រុមហ៊ុនមកពីខេត្តយូណាន ប្រទេសចិន ក្នុងទឹកប្រាក់ចំនួន៩៦២លានដុល្លារ។

ព្រលានយន្តហោះថ្មីនេះ សាងសង់នៅលើផ្ទៃដីប្រមាណ៧០០ហិកតា និងគ្រោងបញ្ចប់ការសាងសង់ទាំងស្រុងនៅត្រឹមអំឡុងខែតុលា ឆ្នាំ២០២២ និងដាក់ឱ្យប្រើប្រាស់នៅខែមីនា ឆ្នាំ២០២៣៕

LEAVE A REPLY

Please enter your comment!
Please enter your name here