ដោយ: សហសេវិក
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ ស្របពេលភាគហ៊ុនរបស់បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាធំៗលើផ្សារហ៊ុន Wall Street បានស្ទុះងើបឡើងថ្លៃ និងក្តីសង្ឃឹមចំពោះការបញ្ចុះអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកក្នុងកិច្ចប្រជុំគោលនយោបាយនៅខែធ្នូខាងមុខ។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅខាងក្រៅប្រទេសជប៉ុនបានងើបឡើងថ្លៃចំនួន០,២៣ភាគរយ គិតត្រឹមម៉ោង១១:៤៨នាទី។
ជាមួយគ្នានេះ សន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ១,០៥ភាគរយ ខណៈផ្សារហ៊ុន Topix បានងើបឡើងថ្លៃ០,៣៥ភាគរយ។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ០,៣៤ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 របស់ប្រទេសចិនបានងើបឡើងថ្លៃ០,៣១ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុនក្រុងសៀងហៃ Shanghai Composite បានងើបឡើងថ្លៃ០,៤៩ភាគរយ។
ចំណែក ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានងើបឡើងថ្លៃ០,០៤១ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៥១ភាគរយ៕







