ដោយៈ ម៉ាណា
ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់អន្តរក្រសួង បានរៀបចំសន្និសីទថ្នាក់ជាតិស្ដីពីបញ្ជាសិប្បនិម្មិតសម្រាប់ការអប់រំ ឆ្នាំ២០២៥ ក្រោមប្រធានបទ “បញ្ញាសិប្បនិម្មិតសម្រាប់អនាគតនៃការអប់រំនៅកម្ពុជា”។
សន្និសីទនេះត្រូវបានប្រារពឡើងក្រោមអធិបតីភាព លោកហង់ ជូនណារ៉ុនរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងលោកជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.)។
លោកជា វ៉ាន់ដេត បានបញ្ជាក់អំពីសារៈសំខាន់នៃបចេ្ចកវិទ្យាបញ្ញាសិប្បនិម្មិត ដែលបាននិងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ហើយបានចូលរួមចំណែក ក្នុងការជំរុញសេដ្ឋកិច្ចនិងសង្គម។
ក្នុងន័យនេះ ក.ប.ទ. បានបំពេញការងារអាទិភាពជាច្រើន រួមទាំងការរៀបចំសេចក្តីព្រាងគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ សំដៅកសាងហេដ្ឋារចនាសម្ព័ន្ធឆ្អឹងខ្នង និងអភិបាលកិច្ចក្នុងវិស័យនេះ តាមការប្រគល់ភារកិច្ចពីរាជរដ្ឋាភិបាល។
លោករដ្ឋមន្រ្តីបន្តថា ក.ប.ទ. ក៏បានខិតខំកសាងធនធានមនុស្សឌីជីថល ឱ្យស្របតាមតម្រូវការរបស់កម្ពុជានាពេលបច្ចុប្បន្ន ដោយបានផ្តល់អាហារូបករណ៍ ជំនួយហិរញ្ញវត្ថុ និងកម្មវិធីបណ្តុះបណ្តាលផ្សេងទៀតដល់សិស្ស និស្សិត និងមន្រ្តីរាជការ ចាប់តាំងពីឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ន។
ក្នុងចំណោមនិស្សិត២៥០០ មាននិស្សិតប្រមាណ១៧០នាក់ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ លើមុខជំនាញឌីជីថល នៅសាកលវិទ្យាល័យដៃគូរចំនួន៦ ហើយបច្ចុប្បន្នពួកគាត់ កំពុងបំពេញការងារនៅតាមក្រសួង ស្ថាប័នរដ្ឋ និងឯកជន។
ជាមួយគ្នានេះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា បច្ចេកវិទ្យា បានផ្ដល់មកឱ្យយើងទាំងឧត្តមភាព និងបញ្ហាប្រឈម។ ដូច្នេះហើយ គួរយកទស្សនៈនេះមកសំយោគ ដើម្បីរៀបចំគោលនយោបាយឱ្យសមស្រប សំដៅលើកកម្ពស់កំណើនសេដ្ឋកិច្ច បរិយាបន្ន និងនិរន្តរភាព។
បន្ថែមលើនេះ លោកឧបនាយករដ្ឋមន្រ្តី បានណែនាំដល់មជ្ឈមណ្ឌលស្រាវជ្រាវ បញ្ញាសិប្បនិម្មិតសម្រាប់ការអប់រំ ដែលដឹកនាំប្រធានក្រុមប្រឹក្សាសាកលវិទ្យា ដើម្បីរៀបចំគោលបាយអប់រំមានបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីកាត់បន្ថយភាពអវិជ្ឍមាន និងបង្កើនប្រសិទ្ធភាពក្នុងការបង្រៀន។
បន្ថែមលើនេះ លោកស្រី Eather McFarlane មន្ត្រីទទួលបន្ទុកនៃអង្គការ UNESCO បានសម្តែងការកោតសរសើរ ចំពោះភាពបុរេសកម្មរបស់ ក.ប.ទ. ក្នុងការបញ្ចប់ការវាយតម្លៃការត្រៀមខ្លួន សម្រាប់បញ្ញាសិប្បនិម្មិត (RAM –Readiness Assessment Methodology) របស់អង្គការ UNESCO ហើយកម្ពុជាបានក្លាយជាប្រទេសទីបួន ក្នុងតំបន់អាស៊ាន ដែលបានបញ្ចប់កិច្ចការនេះ។
លោកស្រីបន្តថា សមិទ្ធផលRAM របស់កម្ពុជា គឺបានឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តដ៏មុតមាំ ក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិត ប្រកបដោយការទទួលខុសត្រូវ និងក្រមសីលធម៌”៕










