ដោយ: សហសេវិក
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃនៅថ្ងៃអង្គារនេះ បន្ទាប់ពីភាគហ៊ុនរបស់បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាលើផ្សារហ៊ុន Wall Street បានងើបឡើងថ្លៃវិញ ដែលជំរុញដោយភាគហ៊ុនរបស់ក្រុមហ៊ុនមេ Alphabet របស់ Google និងក្តីសង្ឃឹមនៃការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារ Fed។
ភាគហ៊ុនរបស់ក្រុមហ៊ុនមេ Alphabet បានស្ទុះងើបឡើងថ្លៃ៦,៣១ភាគរយគិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃចន្ទម្សិលមិញ បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះបានប្រកាសពីការធ្វើឱ្យប្រសើរឡើងនូវម៉ូដែល AI ឈ្មោះ Gemini 3 ។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅខាងក្រៅប្រទេសជប៉ុនបានងើបឡើងថ្លៃចំនួន០,៧៧ភាគរយ គិតត្រឹមម៉ោង១០:៤៥នាទី។
ជាមួយគ្នានេះ សន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៥២ភាគរយ ខណៈផ្សារហ៊ុន Topix បានងើបឡើងថ្លៃ០,០៤ភាគរយ។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ០,៧១ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 របស់ប្រទេសចិនបានងើបឡើងថ្លៃ១,២៦ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុនក្រុងសៀងហៃ Shanghai Composite បានងើបឡើងថ្លៃ១,១៣ភាគរយ។
ចំណែក ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានធ្លាក់ថ្លៃចុះ០,១៣ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៨៣ភាគរយ៕







