NBC៖ ធនាគារ​នឹង​បន្ត​ដើរតួនាទី​សំខាន់​ក្នុង​ការរក្សា​លំនឹង​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ

ដោយ: ម៉ា​ណេ​ត

ភ្នំពេញ: វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​នឹង​បន្ត​ដើរតួនាទី​គន្លឹះ​មួយ ក្នុងការ​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច ព្រមទាំង​រួមចំណែក​រក្សា​លំនឹង​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ នេះ​បើ​យោងតាម​ការលើកឡើងរ​បស់​ធនាគារជាតិ​នៃ​កម្ពុជា (NBC) នៅក្នុង​របាយការណ៍​ស្តីពី​វឌ្ឍនភាព​ម៉ាក្រូសេដ្ឋកិច្ច និង​វិស័យ​ធនាគារ​ឆ្នាំ២០២០ និង​ទស្សនវិស័យ២០២១ ចេញផ្សាយ​នៅ​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ។

NBC បានឱ្យដឹងថា លើសពីនេះ​ការរំពឹង​ពី​ការ​ងើបឡើង នៃ​កំណើនសេដ្ឋកិច្ច​នឹង​អាច​បន្ថយ​សម្ពាធ​មកលើ​វិស័យ​ធនាគារ ជាពិសេស​លទ្ធភាព​បង្កើន​ឥណទាន និង​ទទួលបាន​ប្រាក់​បញ្ញើ​ខ្ពស់ជាង​ឆ្នាំ២០២០ ។ ទោះយ៉ាងណា ការថយចុះ​ចំណូល និង​សន្សំ​នៅ​ឆ្នាំ២០២០ នឹង​អាច​បង្កើន​បំណុល​របស់​ប្រជាជន ដែល​បញ្ហា​នេះ​អាច​បង្ក​ជា​ហានិភ័យ​ចម្បង​មួយ ដូចដែល​ប្រទេស​កំពុងអភិវឌ្ឍន៍​នានា បាននិងកំពុង​ប្រឈម​ក្នុងដំណាក់កាល​ក្រោយ​វិបត្តិ​កូ​វីដ-១៩ ដូច្នេះ​ដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ម្យ៉ាងទៀត ភាពមិនប្រាកដប្រជា​នៃ​វិស័យសេដ្ឋកិច្ច​មួយចំនួន ដែល​ទទួលរង​ឥទ្ធិ​ល​នៃ​ជំងឺ កូ​វីដ-១៩ ក៏​អាច​នាំឱ្យ​ហានិភ័យ​កើនឡើង ចំពោះ​វិស័យ​ធនាគារ​ផងដែរ។ ឆ្លើយតប​នឹង​បញ្ហា​នេះ ធន​គារ​ជាតិ​នៃ​កម្ពុជា នឹង​បន្ត​ពង្រឹង​ការត្រួតពិនិត្យ​ប្រព័ន្ធ​ធនាគារ និង​បាន​ត្រៀម​ដាក់ចេញ​វិធានការ​ប្រុងប្រយ័ត្ន និង​ការគាំទ្រ​ចាំបាច់​នានា ដើម្បី​រក្សា​ចីរភាព ភាព​ធន់ និង​ទំនុកចិត្ត មកលើ​ប្រព័ន្ធ​ធនាគារ​កម្ពុជា។

ទន្ទឹមនេះ ប្រព័ន្ធ​ធនាគារ​នឹង​បន្ត​ផ្តល់​ឥណទាន ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ លើកកម្ពស់​ការយល់ដឹង​ផ្នែក​ហិរញ្ញវត្ថុ​របស់​សាធារណជន ពង្រឹង​កិច្ច​គាំពារ​អតិថិជន និង​បង្កើន​គុណភាព និង​តម្លាភាព នៃ​ប្រព័ន្ធ​ចែករំលែក​ព័ត៌មាន​ឥណទាន ដែល​នឹង​រួមចំណែក​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​ឱ្យបាន​រឹងមាំ និង​ចៀស​ផុតពី​បញ្ហា​បំណុល​វ័ណ្ឌក​របស់​ប្រជាពលរដ្ឋ។

ម្យ៉ាងវិញទៀត​សេដ្ឋកិច្ចកម្ពុជា នៅ​បន្ត​មាន​កម្រិត​ដុល្លា​រូបនីយកម្ម​ខ្ពស់​នៅឡើយ បើទោះបីជា​សម្រេចបាន​វ​ឌ្ឍ​ន​ភាពល្អ​កន្លងមក​ក៏ដោយ ដូចជា ការបិទ​ស្លាក​ថ្លៃទំនិញ និង​សេវា​ជា​ប្រាក់រៀល ការបង្កើន​ការផ្តល់​កម្ចី និង​ការទូទាត់​សេវាសាធារណៈ​ជា​រៀល។

ការប្រើប្រាស់​ប្រាក់រៀល​ឱ្យ​កាន់តែ​ទូលំទូលាយ នឹង​គាំទ្រ​ដល់​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​គោលនយោបាយ​រូបិយវត្ថុ​និង​សារពើពន្ធ ជាពិសេស​ក្នុងដំណាក់កាល​ស្តារ និង​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច ដូចជា តាមរយៈ​ការកាត់បន្ថយ​អត្រា​ការប្រាក់​នៅលើ​ទីផ្សារ ការចាក់​បញ្ចូល​សាច់ប្រាក់​នៅក្នុង​សេដ្ឋកិច្ច និង​ការប្រមូល​ទុន​ដោយ​ការបោះ​ផ្សាយ​មូល​ប​ត្រ​រដ្ឋ​ជាដើម។

ក្នុងន័យនេះ​ការរៀបចំ​ក្របខ័ណ្ឌ និង​យន្តការ​បោះផ្សាយ​មូល​ប​ត្រ​រដ្ឋ និង​ការជំរុញ​ការប្រើប្រាស់​ប្រាក់រៀល នឹង​អនុញ្ញាតឱ្យ​រាជរដ្ឋាភិបាល ទទួលបាន​ហិរញ្ញប្បទាន​រយៈពេល វែង​បន្ថែមទៀត ហើយ​ផ្តល់​លទ្ធភាព​ដល់​ធនាគារជាតិ​នៃ​កម្ពុជា ក្នុងការ​អនុវត្ត​គោលនយោបាយ រូបិយវត្ថុ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ផ្អែកលើ​យន្តការ​ទីផ្សារ។

វិបត្តិ​ជំងឺ​កូ​វីដ-១៩ ក៏បាន​ផ្លាស់ប្តូរ​របៀប​នៃ​ការរស់នៅ ទំនាក់ទំនង និង​ដំណើរការ​សេដ្ឋកិច្ច ហើយ​បាន​នាំទៅរក​ប្រក្រតី​ថ្មី ដែល​ក្នុងនោះ​ការប្រើប្រាស់​បច្ចេកវិទ្យា​ទ​ទួលបាន​ការពេញនិយម និង​អាច​ក្លាយជា​ប្រភព​កំណើន​សក្តានុពល​ថ្មី​សម្រាប់​សេដ្ឋកិច្ច។

ក្នុងស្ថានភាព​នេះ ធនាគារជាតិ​នៃ​កម្ពុជា​ក៏បាន​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់ ផ្អែកលើ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុថ្មីៗ ដែល​បាននិងកំពុង​ដើរតួនាទី​កាន់តែ​សំខាន់​ក្នុងការ​សម្រួល និង​គាំទ្រ​កំណើន​ប្រតិបត្តិ​ការដោះដូរ ការវិនិយោគ និង​ពាណិជ្ជកម្ម​អន្តរជាតិ។ ទំនើបកម្ម​ប្រព័ន្ធ​ទូទាត់ និង​ការប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ថ្មី នឹង​រួមចំណែក គាំទ្រ​ដល់​សេដ្ឋកិច្ច​ឌីជីថល​របស់​រាជរដ្ឋាភិបាល​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here