ដោយៈ ចំណាន
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកជា វ៉ាន់ដេត បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្ដីពីភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល”។
វគ្គបណ្ដុះបណ្ដាលនេះ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ដោយសាស្រ្តាចារ្យចំនួន២រូបមកពីស្ថាប័ន បណ្តុះបណ្តាលភាពជាអ្នកដឹកនាំដ៏ល្បី HEC Paris ក្នុងគោលបំណងចែករំលែកចំណេះ ដឹងនិងបទពិសោធន៍ នៃការចាប់យកបច្ចេកវិទ្យាថ្មីៗ សម្រាប់អ្នកដឹកនាំការងារបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ក្នុងវិស័យសាធារណៈ (Digital Government Transformation in Public Sector) ជាអាទិ៍ ការបញ្រ្ចាបនិងការចាប់យកបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI)អភិបាលកិច្ចទិន្នន័យ និងការចាប់យកបច្ចេកវិទ្យាថ្មីៗ ព្រមទាំងការអនុវត្តជាក់ស្ដែងនូវគម្រោងផ្លាស់ប្តូរឌីជីថលផងដែរ។
លើសពីនេះ ថ្នាក់ដឹកនាំក.ប.ទ. ក៏អាចស្វែងយល់បន្ថែមអំពីបច្ចេកទេសនៃការគ្រប់គ្រងការផ្លាស់ប្តូរ (Change Management) ក្នុងការងារបរិវត្តកម្មឌីជីថល ផលប្រយោជន៍យុទ្ធសាស្ត្រនៃបរិវត្តកម្មឌីជីថល សម្រាប់ប្រតិបត្តិការរបស់រដ្ឋាភិបាល និងការកសាងការជឿទុកចិត្តលើការចាប់យកបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាព តម្លាភាព និងការផ្តល់សេវាសាធារណៈ៕









