សញ្ញាវិជ្ជមានៈ ទីបំផុតមេដឹកនាំចិន និងសហភាពអឺរ៉ុបសម្រេចបានកិច្ចព្រមព្រៀងវិនិយោគដ៏ធំ

ដោយៈសុខុម

អន្តរជាតិៈ នៅទីបំផុតប្រទេសចិន និងសហភាពអឺរ៉ុប សម្រេចបានកិច្ចព្រមព្រងព្រៀងវិនិយោគដ៏សំខាន់មួយ ហើយកាលពីរាត្រីថ្ងៃពុធ ទី៣០ ធ្នូម្សិលម៉ិញនេះ។

កិច្ចព្រមព្រៀងនេះ ទំនងជាធ្វើឱ្យសហរដ្ឋអាមេរិក មិនសប្បាយចិត្តនេះនឹងផ្ដល់លទ្ធភាព ចូលទៅកាន់ទីផ្សារកាន់តែទូលំទូលាយសម្រាប់ភាគីទាំង២ និងអនាគតកាន់តែត្រចះត្រចង់ សម្រាប់កិច្ចសហប្រតិបត្តិការចិន-សហភាពអឺរ៉ុប។ នេះបើយោងតាមប្រធា​នាធិបតីចិន លោក ស៊ី ជីនភីង បានបញ្ជាក់ក្នុងថ្ងៃដដែល។

នៅក្នុងលេខចុះផ្សាយនៅថ្ងៃទី៣១ ធ្នូ កាសែត China Daily បានដកស្រង់សម្ដីក្រុមអ្នកចរចាដូច្នេះថា កិច្ចព្រមព្រៀងនេះបានឈានដល់ការព្រមព្រៀងគ្នា “ជាគោលការណ៍” ហើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងសន្និសីទវីដេអូ ឬVideo Conference លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel)ប្រធានាធិបតីបារាំង លោកEmmanuel Macron  ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel ប្រធានគណៈកម្មការអឺរ៉ុប លោកស្រីUrsula von der Leyen ប្រធានាធិបតីចិន លោកស៊ី ជីនពីង និងថ្នាក់ដឹកនាំផ្សេងៗទៀតរបស់អឺរ៉ុប បានប្រកាសរួមគ្នា នូវការបិទបញ្ចប់ដំណើរការចរចានេះដោយជោគជ័យ ក្រោយអូសបន្លាយអស់រយៈពេលជាង៧ឆ្នាំ។

លោកស៊ី ជីនពីងបានថ្លែងថា កិច្ចព្រមព្រៀងដែលប្រកបដោយតុល្យភាព គុណភាពខ្ពស់ និងផ្ដល់អត្ថប្រយោជន៍ដល់គ្នាទៅវិញទៅមកនេះ ឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្ត និងទំនុកចិត្តរបស់ប្រទេសចិន នៅក្នុងការលើកកម្ពស់ការបើកទូលាយកម្រិតខ្ពស់។

លោកបានបន្ថែមថា កិច្ចព្រមព្រៀងនេះ នឹងជួយជំរុញការងើបឡើងនៃសេដ្ឋកិច្ចពិភពលោក ក្នុងសម័យក្រោយការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ជួយសម្រួលដល់ពាណិជ្ជកម្ម និងសេដ្ឋកិច្ចពិភពលោក បង្កើនទំនុកចិត្តរបស់សហគមន៍អន្តរជាតិ ចំពោះសកលភាវូបនីយកម្ម និងពាណិជ្ជកម្មសេរី និងជាការរួមចំណែកដ៏ធំ នៅក្នុងការកសាងសេដ្ឋកិច្ចពិភពលោកដែលមានលក្ខណៈបើកទូលាយ។

ការចរចាកិច្ចព្រមព្រៀងវិនិយោគចិន-សហភាពអឺរ៉ុប នេះបានចាប់ផ្តើមនៅខែតុលា ឆ្នាំ២០១៣ ជាមួយនឹងគោលបំណង សម្រេចឱ្យបានកិច្ចព្រមព្រៀងកម្រិតខ្ពស់ ដែលគ្របដណ្តប់ការការពារការវិនិយោគ និងការចូលទៅកាន់ទីផ្សារ។ ភាគីទាំង២បានរៀបចំកិច្ចចរចាជុំទី៣៥ កាលពីដើមខែធ្នូ ឆ្នាំ២០២០។

លោកស៊ី បានធ្វើការកត់សម្គាល់ថា “ប្រទេសចិន ប្ដេជ្ញាបង្កើតគំរូអភិវឌ្ឍន៍ថ្មីមួយដែលនឹងនាំមកនូវឱកាសទីផ្សារច្រើនជាងមុន និងទូលំទូលាយជាងមុនសម្រាប់កិច្ចសហប្រតិបត្តិការជាមួយអឺរ៉ុប និងពិភពលោកទាំងមូល”។លោកបាមសម្តែងសុទិដ្ឋិនិយមថា“ សហភាពអឺរ៉ុប នឹងលើកកម្ពស់ពាណិជ្ជកម្មសេរី និងពហុភាគីនិយម និងបង្កបរិយាកាសធ្វើពាណិជ្ជកម្មបើកទូលាយ ត្រឹមត្រូវ និងមិនរើសអើងសម្រាប់បណ្ដាវិនិយោគិនចិន”។

លោកបានរំលឹកថា ឆ្នាំ២០២០ ជាឆ្នាំដ៏លំបាកសម្រាប់ប្រទេសចិន អឺរ៉ុប ក៏ដូចជាពិភពលោកទាំងមូល ដែលបានបង្កឱ្យមានស្ថានភាពមិនប្រាកដប្រជា ដោយសារតែការ ផ្ទុះវីរុសកូវីដ-១៩ និងការផ្លាស់ប្ដូរយ៉ាងធំសម្បើម មិនធ្លាប់ជួបក្នុងរយៈពេលមួយសតវត្សរ៍មកនេះ។

លោកបានបន្ថែមថា “ប្រទេសចិន និងអឺរ៉ុបបានជម្នះគ្រប់ការលំបាក ហើយសម្រេ​ចបានសមិទ្ធផលជាផ្លែផ្កា នៅក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី”៕

LEAVE A REPLY

Please enter your comment!
Please enter your name here