តើផ្សារហ៊ុននៅតំបន់អាសុីមានអ្វីប្រែប្រួលសំខាន់ៗនៅថ្ងៃអង្គារនេះ?

ដោយ: សហសេវិក
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃក្នុងការជួញដូរនៅថ្ងៃអង្គារនេះ ដោយសារសុទិដ្ឋិនិយមចំពោះភាគហ៊ុនរបស់បណ្តាក្រុមហ៊ុនបច្ចេកវិទ្យា ដែលវិនិយោគលើបញ្ញាសិប្បនិម្មិត(AI) និងក្តីសង្ឃឹមថា វិបត្តិ Shutdowns របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងបញ្ចប់ក្នុងសប្តាហ៍នេះ។

នៅថ្ងៃចន្ទ(ម៉ោងនៅអាមេរិក) ភាគហ៊ុនរបស់ក្រុមហ៊ុនបន្ទះឈីប Nvidia បានស្ទុះងើបឡើង៥,៨ភាគរយ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google បានស្ទុះងើបឡើង៤ភាគរយ ខណៈភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft បានស្ទុះងើបឡើង១,៩ភាគរយ។

តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ខាងក្រៅប្រទេស​ជប៉ុន​បានងើបឡើងថ្លៃចំនួន០,០៦ភាគរយ គិតត្រឹមម៉ោង១០:៤០នាទី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ សន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៤៣ភាគរយ ខណៈផ្សារហ៊ុន Topix បានងើបឡើងថ្លៃ០,១៧ភាគរយ។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ០,៣៩ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 របស់ប្រទេសចិនបានធ្លាក់ថ្លៃចុះ០,៦៧ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុនក្រុងសៀងហៃ Shanghai Composite បានធ្លាក់ថ្លៃចុះ០,៣៨ភាគរយ។

ចំណែក ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានធ្លាក់ថ្លៃចុះ០,១៤ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ១,៤២ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here