ដោយ: សហសេវិក
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃនៅថ្ងៃចន្ទដើមសប្តាហ៍នេះ ស្របពេលក្រុមអ្នកវិនិយោគមានសុទិដ្ឋិនិយមថា វិបត្តិ Shutdown របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងអាចឈានដល់ទីបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។
ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានខិតជិតដល់ការបោះឆ្នោតលើកិច្ចព្រមព្រៀងមួយដើម្បីបើកដំណើរការរដ្ឋាភិបាលឡើងវិញ បន្ទាប់ពីមេដឹកនាំសំឡេងភាគច្រើននៃគណបក្សសាធារណៈរដ្ឋក្នុងព្រឹទ្ធសភា លោក John Thune បានអះអាងថា ការចរចាទ្វេភាគីកំពុងសម្រេចបានវឌ្ឍនភាពល្អប្រសើរ។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅខាងក្រៅប្រទេសជប៉ុនបានងើបឡើងថ្លៃចំនួន០,៨៩ភាគរយ គិតត្រឹមម៉ោង១០:៤១នាទី។
ជាមួយគ្នានេះ សន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៩៨ភាគរយ ខណៈផ្សារហ៊ុន Topix បានងើបឡើងថ្លៃ០,២៦ភាគរយ។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ០,៥៨ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 របស់ប្រទេសចិនបានធ្លាក់ថ្លៃចុះ០,២៤ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុនក្រុងសៀងហៃ Shanghai Composite បានធ្លាក់ថ្លៃចុះ០,០៣២ភាគរយ។
ចំណែក ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានងើបឡើងថ្លៃ០,៦៤ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ៣,០៤ភាគរយ៕








