ការនាំចូលសម្ភារសំណង់បានធ្លាក់ចុះជាលើកដំបូងនៅកម្ពុជា

ដោយ៖ លក្ខិណា
ភ្នំពេញ ៖ គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ ២០២០ ពោលគឺនៅក្នុងឆមាសទី១ឆ្នាំនេះ ការនាំចូលសម្ភារនិងបរិក្ខារសំណង់ពីក្រៅប្រទេសចូលមកកម្ពុជា បានធ្លាក់ចុះប្រមាណ១៤ភាគរយ។ នេះបើតាមរបាយការណ៍ដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា ប្រចាំឆមាសទី១ឆ្នាំ ២០២០។

យោងតាមរបាយការណ៍ដដែលនេះ បានអោយដឹងថា ក្នុងឆមាសទី១ នៃឆ្នាំ២០២០នេះ ការនាំចូលដែកមកកាន់កម្ពុជាក្នុងវិស័យសំណង់បានធ្លាក់ចុះរហូតដល់ ៤៤ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ខណៈស៊ីម៉ង់នៅតែបន្តកើនឡើងក្នុងអត្រាប្រមាណតែ៣ភាគរយប៉ុណ្ណោះ។ ចំណែកការនាំចូលបរិក្ខាសំណង់វិញមានកំណើនត្រឹមតែ០,៥ភាគរយ ។

បើតាមលោក ទឹម បូរីប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនសំណង់ ឃី ហួត បានឱ្យដឹងថា ចាប់តាំងពីដើមឆ្នាំ ២០២០មកនេះ ការលក់សម្ភារសំណង់របស់ក្រុមហ៊ុនមានការធ្លាក់ចុះខ្លាំងរហូតដល់ពាក់ជិតកណ្ដាលហើយក៏មិនទាន់ដឹងថា តើស្ថានភាពទីផ្សារនឹងល្អប្រសើរវិញនៅពេលណានោះដែរ ខណៈពេលដែលកូវីដ១៩ប្រសើរឡើងបន្តិចតែការសាងសង់នៅតែមិនទាន់មានសកម្មភាពកក្រើកឡើងវិញនោះទេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា ការធ្លាក់ចុះនៃការនាំចូលនិងការចែកចាយ សម្ភារសំណង់នៅកម្ពុជាស្ទើរតែគ្រប់ផ្នែកទាំងអស់ទៅហើយ ដូចជាសម្ភារបន្ទប់ទឹក និងឥដ្ឋការ៉ូជាដើម ។ លោកថា “កាលពីចុងឆ្នាំ ២០១៩ការចែកចាយសម្ភារសំណង់ក៏មានការថមថយបន្តិចដែរ តែចូលមកដល់ឆ្នាំ២០២០ភ្លាម និងគាប់ជួបនឹងវិបត្តិផងដែរនោះ ការចែកចាយនិងលក់គ្រឿងសំណង់បានបន្តធ្លាក់ចុះខ្លាំងតែម្ដង ហើយខាងក្រុមហ៊ុនក៏កំពុងរកដំណោះ ដើម្បីស្ដារទីផ្សារឡើងវិញ”។

យ៉ាងណាក្ដី បើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់វិញបានបង្ហាញថា គម្រោងសាងសង់ក្នុងវិស័យសំណង់រយៈពេល៦ខែ ដើមឆ្នាំ២០២០នេះបែរជាមានកំណើនជាង៦ខែដើមឆ្នាំ២០១៩ទៅវិញ ក្នុងនោះទុនវិនិយោគក្នុងវិស័យនេះក៏មានកំណើនដូចគ្នា។

យោងទៅតាមការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា របស់មូលនិធិរូបិយវត្ថុអន្តរជាតិបានបង្ហាញថា វិស័យសំណង់អាចនឹងមានកំណើន៩,៩ភាគរយក្នុងសេនារីយ៉ូមូលដ្ឋានដែលមានន័យថាបើសិនជាគ្មានវិបត្តិ ក៏ប៉ុន្តែនៅមានវិបត្តិបែបនេះស្ថាប័នអន្តរជាតិមួយនេះបានព្យាករណ៍ថាកំណើននៃវិស័យសំណង់អាចនឹងមានកំណើនត្រឹមតែ៣ភាគរយប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here