ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីរបាយការណ៍បង្ហាញថា ការនាំចេញទំនិញរបស់ប្រទេសជប៉ុនបានកើនឡើង៤,២ភាគរយនៅខែកញ្ញាឆ្នាំ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អត្រាកំណើននេះមានកម្រិតទាបជាងការរំពឹងទុកថា នឹងកើនឡើង៤,៦ភាគរយ។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅខាងក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះចំនួន០,៦៥ភាគរយ គិតត្រឹមម៉ោង១១:២៩នាទី។
ជាមួយគ្នានេះ សន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានស្ថិតនៅទ្រឹង ខណៈផ្សារហ៊ុន Topix បានងើបឡើងថ្លៃ០,៦៣ភាគរយ។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ១,២៧ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 របស់ប្រទេសចិនបានធ្លាក់ថ្លៃចុះ០,៧ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុនក្រុងសៀងហៃ Shanghai Composite បានធ្លាក់ថ្លៃចុះ០,៤៤ភាគរយ។
ចំណែក ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានធ្លាក់ថ្លៃចុះ០,៧៣ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៦៩ភាគរយ៕







