ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃនៅព្រឹកថ្ងៃចន្ទនេះ ខណៈផ្សារហ៊ុនជប៉ុនបានស្ទុះងើបឡើងថ្លៃយ៉ាងគំហុក បន្ទាប់ពីគណបក្សសេរីប្រជាធិបតេយ្យ និងគណបក្ស Japan Innovation Party បានឯកភាពគ្នាបង្កើតរដ្ឋាភិបាលចម្រុះដែលអាចត្រួសត្រាយផ្លូវឱ្យលោកស្រី Sanae Takaichi ក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ប្រទេសជប៉ុន។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅខាងក្រៅប្រទេសជប៉ុនបានងើបឡើងថ្លៃចំនួន១,៥៩ភាគរយ គិតត្រឹមម៉ោង១១:៣៣នាទី។
ជាមួយគ្នានេះ សន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ២,៩៣ភាគរយ ខណៈផ្សារហ៊ុន Topix បានងើបឡើងថ្លៃ២,១២ភាគរយ។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ២,៤១ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 របស់ប្រទេសចិនបានងើបឡើងថ្លៃ០,៨ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុនក្រុងសៀងហៃ Shanghai Composite បានងើបឡើងថ្លៃ០,៦៩ភាគរយ។
ចំណែក ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានងើបឡើងថ្លៃ០,៤ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ១,៣៩ភាគរយ៕







