ដោយ: គង់ លាងហួរ
អន្តរជាតិ: ការជួញដូរផ្សារហ៊ុននៅតំបន់អាសុីបានប្រឈមមុខនឹងភាពមិនច្បាស់លាស់នៅព្រឹកថ្ងៃពុធនេះ ក្រោយពីព្រឹទ្ធសភាអាមេរិកបានបរាជ័យក្នុងការអនុម័តច្បាប់ផ្តល់មូលនិធិដល់ការចំណាយរបស់រដ្ឋាភិបាលអាមេរិក ដែលអាចនាំទៅដល់ការបិទទ្វាររដ្ឋាភិបាលបណ្តោះអាសន្ន។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅខាងក្រៅប្រទេសជប៉ុនបានងើបឡើងថ្លៃចំនួន០,១៤ភាគរយ គិតត្រឹមម៉ោង១០:៣៥នាទីព្រឹក។
ទោះជាយ៉ាងណា សន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ១,១៦ភាគរយ ខណៈផ្សារហ៊ុន Topix បានធ្លាក់ថ្លៃចុះ១,៧១ភាគរយ។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានផ្អាកការជួញដូរ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 និងសន្ទស្សន៍ផ្សារហ៊ុនក្រុងសៀងហៃ Shanghai Composite របស់ប្រទេសចិនបានផ្អាកការជួញដូរ ដោយសារថ្ងៃបង្កើតសាធារណៈរដ្ឋប្រជាមានិតចិននៅថ្ងៃទី១ ខែតុលា ដែលជាថ្ងៃឈប់សម្រាកក្នុងប្រទេសចិន។
ចំណែក ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានធ្លាក់ថ្លៃចុះ០,៤ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៥៩ភាគរយ៕







