កម្ពុជាត្រៀមបង្ហាញព្រលានយន្ដហោះថ្មីមួយទៀតនៅលើកោះរ៉ុង ខេត្តព្រះសីហនុ

ដោយៈឧត្តម

ព្រះសីហនុៈ ព្រលានយន្តថ្មីមួយទៀតនឹងបង្ហាញខ្លួននៅលើកោះរ៉ុង ស្ថិតក្នុងទីក្រុង​កោះរ៉ុង ខេត្តព្រះសីហនុ ដែលគំរោងនេះស្ថិតនៅក្នុងផែនការមេអភិវឌ្ឍន៍ដែលវិនិយោគដោយវិស័យឯកជន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានមានប្រសាសន៍ឲ្យគេហទំព័រCambodiabanknews.comនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះថា គម្រោងអភិវឌ្ឍន៍ព្រលានយន្ដហោះថ្មីមួយនេះ ស្ថិតនៅក្នុងផែនការមេរបស់ក្រុមហ៊ុន Royal Group Koh Rong Development របស់អ្នកឧកញ៉ាគិត ម៉េង នៅលើកោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

លោកបន្តថា “គម្រោងនៃការសាងសង់ព្រលានយន្តហោះនេះ វាជាផ្នែកនៃគោលដៅអភិវឌ្ឍ ដែលស្ថិតនៅក្នុងMaster Planនៃការវិនិយោគរបស់ក្រុមហ៊ុន Royal Groupប៉ុន្តែអ្វីដែលជាអាទិភាព គឺការស្ថាបនាផ្លូវបេតុងដែលមានប្រវែង៧០គីឡូម៉ែត្រ និងទទឹង៨ម៉ែត្រ”។លោកបន្តថា“ការស្ថាបនាផ្លូវនេះ ត្រូវចំណាតទំហំទឹកប្រាក់ប្រមាណ៣៥លានដុល្លារ រួមជាមួយនឹងបណ្តាញហេដ្ឋារចនាសម្ព័ន្ធរណបគម្រោងផ្សេងទៀត ដែលត្រូវបញ្ចប់ឱ្យបានមុន ហើយគម្រោងព្រលានយន្តហោះចាប់ផ្តើមធ្វើបន្ទាប់”។

លោកឃាង ភារម្យបានបន្តថា ពាក់ព័ន្ធទៅនឹងគម្រោង នៃការសាងសង់ព្រលានយន្តហោះនេះផងដែរ បច្ចុប្បន្ននេះរដ្ឋបាលខេត្តកំពុងរង់ចាំការកែសម្រួល Master Plan ពីក្រុមហ៊ុន Royal Group Koh Rong Development ដែលទទួលបានសិទ្ធិក្នុងការវិនិយោគ និងអភិវឌ្ឍន៍ ដោយឡែកសម្រាប់ទំហំទុន នៃការសាងសង់ព្រលានយន្តហោះសម្រាប់ការដឹកជញ្ជូនក្នុងស្រុកមួយនេះ យើងនៅមិនទាន់បានដឹងច្បាស់នៅឡើយនោះទេ ហើយក៏មិនទាន់ទទួលបានការសម្រេច ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានោះដែរ។ ដូច្នេះគម្រោងនេះនៅមិនទាន់បានបង្ហាញជាផ្លូវការជាក់លាក់ថា នឹងត្រូវអភិវឌ្ឍន៍នៅលើផ្ទៃដីទំហំប៉ុន្មាន និងចំណាយទុនក្នុងការសាងសង់ក្នុងកម្រិតប៉ុណ្ណានោះដែរ។

ជាមួយនឹងគម្រោងអភិវឌ្ឍន៍ នៅលើកោះរ៉ុងក្រោមការវិនិយោគ ពីសំណាក់ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េងមួយនេះ ជាគម្រោងដ៏ធំលើកដំបូងនៃការអភិវឌ្ឍកោះនៅក្នុងខេត្តព្រះសីហនុឱ្យក្លាយជាទីក្រុងកម្សាន្ត និងទេសចរណ៍លំដាប់ពិភពលោក ដោយក្នុងនោះរួមមានសណ្ឋាគារលំដាប់ផ្កាយ៥ ទីលានវាយកូនហ្គោល កាស៊ីណូ តំបន់រីហ្សត ផែបណ្តែតទឹក ស្ពាន ប្រភេទផ្ទះវីឡាភ្ជាប់ជាមួយអាងហែលទឹក រួមជាមួយនឹងមណ្ឌលកម្សាន្តមួយចំនួនទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here