ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃក្នុងការជួញដូរនាព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រោយពីទិន្នន័យបានបង្ហាញថា តម្លៃទំនិញបោះដុំនៅសហរដ្ឋអាមេរិកបានធ្លាក់ចុះ២,៩ភាគរយកាលពីខែសីហា ស្របតាមការរំពឹងទុក បន្ទាប់ពីបានធ្លាក់ចុះ៣,៦ភាគរយនៅខែកក្កដា។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅខាងក្រៅប្រទេសជប៉ុនបានងើបឡើងថ្លៃចំនួន០,១៣ភាគរយ គិតត្រឹមម៉ោង១០:៣០នាទីព្រឹក។
ជាមួយគ្នានេះ សន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៩៩ភាគរយ ខណៈផ្សារហ៊ុន Topix បានងើបឡើងថ្លៃ០,១៦ភាគរយ។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ០,៣១ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 របស់ប្រទេសចិនបានងើបឡើងថ្លៃ១,៧៥ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុនក្រុងសៀងហៃ Shanghai Composite បានងើបឡើងថ្លៃ១,១២ភាគរយ។
ចំណែក ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានធ្លាក់ថ្លៃចុះ០,៤ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៣៣ភាគរយ៕







