សេដ្ឋកិច្ចមហាប្រទេសចិនហក់ឡើងជាថ្មី ជាផលវិជ្ជមានសម្រាប់ពិភពលោកទាំងមូល

ដោយ ម៉ាណេត

ភ្នំពេញៈ បន្ទាប់ពីរងគ្រោះដោយសារជំងឺCovid-19 សេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងរីកលូតលាស់ឡើងវិញ បន្ទាប់ពីការធ្លាក់ចុះរយៈពេល៣ ខែដ៏អាក្រក់បំផុតក្នុងប៉ុន្មានទសវត្សរ៍ចុងនេះ។

ខណៈពេលដែលបញ្ហានេះ អាចមានឥទ្ធិពលល្អសម្រាប់ការងើបឡើងវិញ ក្រោយពេលជំងឺរាតល្បាតបានបញ្ចប់ជាសកល តែទិន្នន័យបានបង្ហាញថា ប្រជាជននៅតែមានអារម្មណ៍ភ័យខ្លាចក្នុងការចាកចេញពីផ្ទះ និងចំណាយប្រាក់។

ប្រទេសមានសេដ្ឋកិច្ចធំទី២របស់ពិភពលោក បានកើនឡើង៣,២ភាគរយក្នុងរយៈ​ពេលពីខែមេសា ដល់ខែមិថុនា បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមស្ថិតិរបស់រដ្ឋាភិបាល ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។ វាប្រសើរជាងកំណើន២,៥ភាគរយ ដែលក្រុមអ្នកវិភាគរបស់ក្រុមហ៊ុន Refinitiv កំពុងរំពឹងទុក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការងើបឡើងវិញនៃមហាយក្សចិន វាក៏មានន័យថា ចិនបានងាកចេញពីវិបត្តិសេដ្ឋកិច្ច។

នៅក្នុងត្រីមាសទី១ សេដ្ឋកិច្ចដែលមានទំហំទឹកប្រាក់១៤ ទ្រីលានដុល្លារនេះ បានធ្លាក់ចុះ៦,៨ភាគរយ ដែលជាការធ្លាក់ចុះដ៏អាក្រក់បំផុត សម្រាប់រយៈពេលតែមួយត្រីមាស គិតចាប់តាំងពីប្រទេសចិន បានចាប់ផ្តើមផ្សព្វផ្សាយតួលេខទាំងនោះក្នុងឆ្នាំ ១៩៩២។ នោះក៏ជាលើកដំបូង ដែលប្រទេសចិនបានរាយការណ៍ ពីការធ្លាក់ចុះសេដ្ឋកិច្ចចាប់តាំងពីឆ្នាំ ១៩៧៦។

ការងើបឡើងវិញត្រូវបានគេរំពឹងទុកយ៉ាងទូលំទូលាយ។ ចិន ដែលជាចំណុចកណ្តាល នៃការផ្ទុះឡើងនៃជំងឺរាតត្បាត និងជាប្រទេសដំបូងគេនៅលើពិភពលោក ដែលបានដាក់ចេញនូវវិធានការណ៍តឹងរ៉ឹង ដើម្បីកំចាត់មេជំងឺនេះ គឺជាប្រទេសដ៏ធំដំបូងគេ ដែលបានបើកដំណើរការឡើងវិញ។ ឥលូវនេះ វាជាលើកដំបូងដែលងើបចេញ ពីការធ្លាក់ចុះសេដ្ឋកិច្ច។

ការវិលត្រឡប់ទៅរកកំណើនដំបូង សម្រាប់សេដ្ឋកិច្ចប្រទេសចិន អាចបង្ហាញពីព័ត៌មានល្អ សម្រាប់ពិភពលោកទាំងមូល។

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យកាលពីខែមិថុនាថា សេដ្ឋកិច្ចពិភពលោកអាចធ្លាក់ចុះដល់ ៤,៩ ភាគរយនៅឆ្នាំ ២០២០ ដែលទាបជាងការព្យាករណ៍កាលពីខែមេសា។ IMF នាពេលនោះបានព្យាករថា ការស្ទុះងើបឡើងវិញ នឹងកើតមានឡើងយឺតជាងការរំពឹងទុក។

IMFបានឱ្យដឹងទៀតថា “ការធ្លាក់ចុះអាចនឹងមិនធ្ងន់ធ្ងរជាងការព្យាករណ៍ទេ ប្រសិ​នបើការធ្វើឱ្យមានប្រក្រតីភាពសេដ្ឋកិច្ច កើនឡើងលឿនជាងការរំពឹងទុកនាពេលបច្ចុប្បន្ននៅក្នុងតំបន់ ដែលបានបើកដំណើរការឡើងវិញ”។

IMFបានព្យាករណ៍ថា សេដ្ឋកិច្ចចិននឹងកើនឡើង១%នៅឆ្នាំនេះ ស្របពេលដែលសហរដ្ឋអាមេរិក និងអឺរ៉ុបនឹងមើលឃើញការធ្លាក់ចុះយ៉ាងខ្លាំង៕ CNN

LEAVE A REPLY

Please enter your comment!
Please enter your name here