ដោយៈ ម៉ាណេត
ភ្នំពេញៈ គោលការណ៍នៃការផ្គូផ្គងសញ្ញាបណ្ណ និងភាគហ៊ុន ត្រូវបានអនុវត្តន៍ដូចគ្នា តាមវិធីសាស្ត្រដេញថ្លៃ ដូចមានចែងនៅក្នុងវិធានប្រតិបតិ្តការទីផ្សារ មូលបត្ររបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា លើកលែងតែករណីមានថ្លៃផ្គូផ្គង ចាប់ពីពីរឡើងទៅនៅក្នុងការដេញថ្លៃដោយយកថ្លៃតែមួយ។
សម្រាប់ភាគហ៊ុន ថ្លៃជួញដូរគឺយកថ្លៃណា ដែលកៀកនឹងថ្លៃជួញដូរចុងក្រោយ ឬឯសញ្ញាបណ្ណ ដែលថ្លៃជួញដូរគឺត្រូវគណនា យកថ្លៃមធ្យមនព្វន្តនៃថ្លៃផ្គូផ្គងខ្ពស់បំផុត និងថ្លៃផ្គូផ្គងទាបបំផុត។
ក្នុងករណីថ្លៃទទួលបាន ពីការគណនានេះមិនចំនឹងឯកតាគម្លាតថ្លៃ នោះថ្លៃជួញដូរត្រូវបង្គត់ឡើងតាមឯកតាគម្លាតថ្លៃ។
ជាមួយគ្នានេះផងដែរ បរិមាណបញ្ជាអប្បបរមារបស់សញ្ញាបណ្ណ និងភាគហ៊ុនមានចំនួនដូចគ្នា គឺមួយឯកតាសញ្ញាបណ្ណ និងមួយភាគហ៊ុន។ ប៉ុន្តែបរិមាណបញ្ជាអតិបរមារបស់សញ្ញាបណ្ណគឺ១០.០០០ (មួយម៉ឺន) ឯកតាសញ្ញាបណ្ណ ខណៈដែលបរិមាណបញ្ជាអតិបរិមារបស់ភាគហ៊ុន មិនត្រូវបានកំណត់នោះទេ៕