ក្រសួងពាណិជ្ជកម្មអបអរសាទរការនាំចេញផលិតផលកសិកម្មពីកម្ពុជាទៅកាន់អូស្រ្តាលីជាលើកដំបូង

ដោយៈ គង់ សិរីម៉ាលីនណា

    ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ នៃក្រសួងពាណិជ្ជកម្ម លោកសំហេង បូរ៉ាបានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាក្នុងពិធីសម្ភោធ ការដឹកជញ្ជូនផលិតផលកសិកម្ម ទៅប្រទេសអូស្រ្តាលីជាលើកដំបូង របស់ក្រុមហ៊ុន Royal Trust Trading Co., Ltd (RTT) ។

ពិធីនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង- ស្ថាប័នពាក់ព័ន្ធ ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា អគ្គនាយកRTT ប្រធានសមា​គមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ និងតំណាងវិស័យឯកជនពាក់ព័ន្ធផ្សេងទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថ្លែងក្នុងសុន្ទរកថា នៃពិធីសម្ភោធនេះ លោករដ្ឋលេខាធិការបានគូសបញ្ជាក់អំពី កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រសួងពាណិជ្ជកម្ម និងវិស័យឯកជន ដោយមានការគាំទ្រពីដៃគូអភិវឌ្ឍន៍ដូចជា នាយកដ្ឋានការបរទេស និងពាណិជ្ជកម្ម ប្រទសអូស្ត្រាលី (DFAT) កម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និង សហគ្រិនខ្មែរ (KE) ក្នុងការជំរុញការនាំចេញផលិតផល ដែលផលិតពីកម្ពុជា ដែលមានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់វិស័យកសិ-កែច្នៃរបស់កម្ពុជា នាពេលបច្ចុប្បន្នខណៈពេលដែលបរិយា​កាសនៃការធ្វើពាណិជ្ជកម្ម ក្នុងពិភពលោកមានភាពមិនច្បាស់លាស់។

ចាប់ផ្តើមពីការធ្វើទស្សនកិច្ចសិក្សា ការគាំទ្របច្ចេកទេស ការទាក់ទងផ្ទាល់ ជាមួយអ្នកទិញដូចជាក្រុមហ៊ុនC.A.G. Wholesaler Pty Ltd និងការអនុលោមតាមបទដ្ឋានស្តង់ដារ និងគុណភាពអន្តរជាតិ ក្រុមហ៊ុនRTT បានផ្តល់ជាគំរូមួយ ដល់សហគ្រាសផ្សេងទៀតក្នុងការធានាបានការចូលទីផ្សារប្រកួតប្រជែងពិភពលោក។

ការនាំចេញផលិតផលកសិកម្ម ទៅប្រទសអូស្ត្រាលីលើកដំបូងនេះ មានចំនួន១២តោន ដែលនៅក្នុងនោះមាន គ្រាប់ស្វាយចន្ទី ដំណា​ប់ស្វាយ ខ្នុរស្ងួត ចេក និង នំត្រាវ។ តាមការគ្រោងទុក ការនាំចេញផលិតផលកសិកម្ម ទៅប្រទសអូស្ត្រាលីបន្តបន្ទាប់ទៀត នឹងមានចំនួនកើនឡើង និងមានផលិតផលកសិកម្មកាន់តែច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here