ការនាំចូលរថយន្តនៅកម្ពុជាធ្លាក់ចុះ៣៥ភាគរយក្នុងឆ្នាំ២០២០

ដោយ៖ លក្ខិណា

ភ្នំពេញ៖ ដោយសារតែការរីករាលដាលនៃជំងឹកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាលើពិភពលោកទាំងមូល ការធ្វើពាណិជ្ជកម្មឆ្លងប្រទេសក៏ជួបប្រទះនឹងបញ្ហាដែរ ជាក់ស្ដែងការនាំចូលរថយន្តមកចែកចាយក្នុងទីផ្សារប្រទេសកម្ពុជាត្រូវបានរាយការណ៍ថា ធ្លាក់ចុះប្រមាណ៣៥ភាគរយ ក្នុងឆ្នាំ២០២០នេះ។

លោកងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia និងជាសមាជិកនៃសមាគឧស្សាហកម្មយានយន្តនៅកម្ពុជាបានឱ្យដឹងថា ការរីករាលដាលនៃជំងឺកូវីដ១៩ ធ្វើឱ្យការនាំចូលរថយន្តមកកាន់ទីផ្សារកម្ពុជាទាំងមូលធ្លាក់ចុះប្រមាណ៣៥ភាគរយ ដោយសារតែការបញ្ជាទិញក្នុងស្រុកធ្លាក់ចុះដូចគ្នា។

លោកបន្តថា ការធ្លាក់ចុះរហូតដល់៣៥ភាគរយនេះ ភាគច្រើនគឺធ្លាក់ទៅលើការនាំចូលរថយន្តជជុះ ឬរថយន្តមួយទឹកពីក្រៅប្រទេស ដោយឡែកការនាំចូលរថយន្តថ្មីមកកាន់ប្រទេសកម្ពុជាក៏មានការធ្លាក់ចុះដែរតែក្នុងកម្រិតមួយទាបនៅឡើយជាក់ស្ដែងក្រុមហ៊ុនអ អិម ខេ ខេមបូឌា ដែលនាំចូលរថយន្តហ្វដ Land Rover និង Jaguar មានការធ្លាក់ចុះប្រមាណខ្ទង់១០ភាគរយ ក្នុងឆ្នាំ ២០២០នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យ៉ាងណាក្ដីនៅក្នុងឆ្នាំ ២០២១ខាងមុខនេះ លោករំពឹងថាទីផ្សាររថយន្តនៅកម្ពុជានឹងសន្ទុះងើបឡើងវិញ ដោយរំពឹងការរីករាលនៃជំងឺកូវីដ១៩កីនឹងត្រូវថមថយ ហើយសេដ្ឋកិច្ចនៃប្រទេសរងឥទ្ធិពលពីកូវីដ១៩ក៏នឹងងើបឡើងវិញ រួមទាំងកម្ពុជាផងដែរ។

ទន្ទឹមនឹងនេះដែរ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា ក៏បានចេញសេចក្តីសម្រេចមួយ ក្នុងការដំឡើងពន្ធលើការនាំចូលរថយន្តសម្រាប់អ្នកប្រើប្រាស់ផ្ទាល់ខ្លួន ហើយក៏មានលក្ខខណ្ឌពិសេសមួយផងដែរគឺហាមលក់ឬផ្ទេរកម្មសិទ្ធិមុនពេលចុះបញ្ជាធ្វើផ្លាកលេខ។

ក្នុងសេចក្ដី សម្រេចនោះ រដ្ឋាភិបាលសម្រេចបូកបន្ថែម៥ភាគរយលើតម្លៃគិតពន្ធគយ គឺដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងការនាំចូលជាលក្ខណៈបុគ្គលិកសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន លើរថយន្តថ្មីដែលជាប់សិទ្ធិផ្ដាច់មុខលើការនាំចូលនិងចែកចាយក្នុងប្រទេសកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here