ដោយៈ ម៉ាណា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម និងតំណាងផ្នែកឯកជនបានបើកសិក្ខាសាលាស្តីពី “លទ្ធផល និងអនុសាសន៍នៃការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣”។
ឧកញ៉ាបណ្ឌិត ស៊ីន ចន្ធី សមាជិកទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកក្រុមការងារ “ឆ” “ផ្នែកផលិតកម្មកែច្នៃសម្រាប់ការនាំចេញ និងកិច្ចសម្រួលពាណិជ្ជមកម្ម”ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) បានដឹកនាំសមាជិក និងក្រុមការងារនៃសភាពាណិជ្ជកម្មកម្ពុជា ចូលរួមសិក្ខាសាលាស្តីពី “លទ្ធផល និងអនុសាសន៍នៃការត្រួតពិនិត្យឡើងវិញ គោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣”។
លោកសុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ គោលនយោបាយពាណិជ្ជកម្មកម្ពុជា តំណាង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង លោក Igor Driesmans ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាបានចូលរួមជាអធិបតីក្នុងពិធីនេះ។
សិក្ខាសាលានេះក៏មានការចូលរួមផងដែរ ពីសំណាក់់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធដែលជាសមាជិក នៃគណៈកម្មការគោលនយោបាយពាណិជ្ជកម្មកម្ពុជា តំណាងដៃគូអភិវឌ្ឍន៍ តំណាងស្ថានទូតបរទេសប្រចាំនៅកម្ពុជា និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
គោលបំណងនៃសិក្ខាសាលានេះ ដើម្បីផ្សព្វផ្សាយអំពីលទ្ធផល និងអនុសាសន៍ នៃការត្រួតពិនិត្យឡើងវិញ គោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣ និងពិភាក្សាអំពីបញ្ហាប្រឈម សំណើរបស់សមាជិក និងតម្រូវការជំនួយបច្ចេកទេស ក្នុងការកែសម្រួលនូវការអនុវត្តកាតព្វកិច្ចរបស់កម្ពុជា។
កិច្ចប្រជុំ ត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣ (3rd TPR) ក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO) កាលពីថ្ងៃទី២៦ និង២៨ ខែមីនា ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស បានប្រព្រឹត្តទៅ យ៉ាងរលូននិងជោគជ័យ ដោយទទួលបានការវាយតម្លៃជាវិជ្ជមាន ពីបណ្តាសមាជិកWTO លើការអនុវត្តគោលនយោបាយពាណិជ្ជកម្មកម្ពុជា។
ទន្ទឹមនឹងនោះ សមាជិកមួយចំនួន ក៏បានស្នើសុំកម្ពុជាពិចារណាចូលរួមក្នុងសន្ធិសញ្ញា កិច្ចព្រមព្រៀង (Plurilateral Agreements) និងគំនិតផ្តួចផ្តើមនានា ព្រមទាំងកែសម្រួលនូវការអនុវត្តកាតព្វកិច្ចមួយចំនួនផងដែរ៕









