ដោយៈ ម៉ាល័យ
ភ្នំពេញៈ ក្រុមមន្រ្តី និងតំណាងវិស័យឯកជនជាច្រើន បានបើកកិច្ចពិភាក្សាស្តីពី ការពង្រឹងប្រព័ន្ធឧស្សាហកម្មផលិតកម្ម ក្នុងប្រទេសកម្ពុជា “តួនាទីនៃការប្រើប្រាស់ម៉ាស៊ីនស្វ័យប្រវត្តិ និងបច្ចេកវិទ្យាជំនាន់ថ្មីក្នុងខ្សែច្រវាក់ផលិតកម្ម”។
លោកលឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាស្តីពី ការពង្រឹងប្រព័ន្ធឧស្សាហកម្មផលិតម្ម ក្នុងប្រទេសកម្ពុជា “តួនាទីនៃការប្រើប្រាស់ម៉ាស៊ីនស្វ័យប្រវត្តិ និងបច្ចេកវិទ្យាជំនាន់ថ្មីក្នុងខ្សែច្រវាក់ផលិតកម្ម”។
កិច្ចពិភាក្សានេះ ត្រូវបានសម្របសម្រួលរៀបចំ ដោយសភាពាណិជ្ជកម្មកម្ពុជា និងសម្ព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ហើយក៏ជាកម្មវិធីមួយក្នុងព្រឹត្តិការណ៍ពិព័រណ៍ “ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ” និងព្រឹត្តិការណ៍ពិព័រណ៍ “សម្លៀកបំពាក់ និងវាយភ័ណ្ឌកម្ពុជាអន្តរជាតិ”លើកទី៩ ដែលត្រូវបានរៀបចំចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥។
ឆ្លើយនឹងសំនួរពីអ្នកសម្របសម្រួល និងអ្នកចូលរួម លោកអគ្គលេខាធិការរងបានលើកឡើង ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការសម្រួលដល់ធុរកិច្ច ដែលរងផលប៉ះពាល់ពីភាពរអាក់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គត់ ដែលបណ្តាលមកពីការបិទ ច្រកព្រំដែនកម្ពុជា-ថៃ។ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញលើកទឹកចិត្តឱ្យមានការវិនិយោគផលិតវត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេចនៅក្នុងស្រុក ដើម្បីធានាស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងវិធានការជំរុញលើកទឹកចិត្ត ឱ្យប្រើប្រាស់ធាតុផ្សំក្នុងស្រុក ឱ្យបានច្រើនជាអតិបរិមា។
ទន្ទឹមនេះ លោកលឹម វិសាលបានបញ្ជាក់ថា វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៩ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់បរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា ព្រោះថាជាវេទិកាមួយ ស្ថិតក្រោមការដឹកនាំដោយផ្ទាល់របស់នាយករដ្ឋមន្ត្រី ដើម្បីពិនិត្យនិងដោះស្រាយបញ្ហាប្រឈម និងកង្វល់ពាក់ព័ន្ធនឹងការវិនិយោគឯកជន ក៏ដូចជាការគិតគូរសម្របសម្រួលបន្ថែម សម្រាប់វិស័យមួយចំនួន ក្នុងការកាត់បន្ថយថ្លែដើមធុរកិច្ច សំដៅលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ច។
ក្នុងនីតិកាលទី៧នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រូវបានរាជរដ្ឋាភិបាលប្រគល់ភារកិច្ច ឱ្យសម្របសម្រួលរៀបចំរបាយការណ៍ស្តីពីវឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងឱកាសវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ហើយគោរពរាយការណ៍ ជូនប្រមុខរាជរដ្ឋាភិបាល រៀងរាល់៦ខែម្តង។
លោកអគ្គលេខាធិការរងបានគូសរំលេច ពីវិធានការណ៍មួយចំនួនរបស់រាជរដ្ឋាភិបាល ក្នុងការកែលម្អបរិយាកាសវិនិយោគ ដែលអាចធ្វើឱ្យកម្ពុជាក្លាយមជ្ឈមណ្ឌលផលិតកម្ម ដែលមានភាពប្រកួតប្រជែង ដូចជាការកាត់បន្ថយថ្លៃអគ្គិសនី និងថ្លៃភស្តុភារកម្ម ការអភិវឌ្ឍធនធានមនុស្ស ការសម្រួលនីតិវិធីរដ្ឋបាល ការជំរុញការធ្វើពិពិធកម្មឧស្សាហកម្ម ការទាក់ទាញកន្សោមឧស្សាហកម្មពីដើមទីដល់ចុងទី។ល។៕









