ការលក់លំនៅដ្ឋាននៅទីក្រុងហុងកុងដាំក្បាលចុះនៅខែកក្កដា តែក្រុមអ្នកជំនាញនៅតែមានសុទិដ្ឋិនិយម

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការលក់អចលនទ្រព្យលំនៅដ្ឋាននៅទីក្រុងហុងកុង ដែលជាតំបន់រដ្ឋបាលពិសេសរបស់ប្រទេសចិនបានធ្លាក់ចុះកាលពីខែកក្កដា ក្រោយពីបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៧ខែកាលពីខែមិថុនា។

ទោះជាយ៉ាងណា ក្រុមអ្នកវិភាគរំពឹងថា ការលក់លំនៅដ្ឋាននៅទីក្រុងហុងកុងនឹងស្ទុះងើបឡើងវិញនៅឆមាសទី២ ឆ្នាំ២០២៥។នេះបើយោងតាមការចុះផ្សាយដោយកាសែត South China Morning Post។

ទំហំទឹកប្រាក់ពីការលក់លំនៅដ្ឋានសរុបបានដាំក្បាលចុះ២៤,១ភាគរយចន្លោះពីខែមិថុនារហូតដល់ខែកក្កដាមកនៅត្រឹម៤៦,៤ពាន់លានដុល្លារហុងកុង។ ក្នុងនោះ ការលក់លំនៅដ្ឋានថ្មី និងការលក់លំនៅដ្ឋានប្រភេទទី២ បានដាំក្បាលចុះព្រមគ្នា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យ៉ាងណាមិញ ជារួម ទីផ្សារលំនៅដ្ឋានរបស់ទីក្រុងហុងកុងនៅតែរក្សាបាននិន្នាការនៃការងើបឡើងវិញ ខណៈការលក់លំនៅដ្ឋានសម្រេចបានចំនួនលើសពី៥.០០០យូនីតក្នុងរយៈពេល៥ខែជាប់ៗគ្នាមិនធ្លាប់មាន គិតចាប់តាំងពីទីផ្សារបានចាប់ផ្តើមដាំក្បាលចុះនៅចុងឆ្នាំ២០២១។

លោក Eddie Kwok អ្នកជំនាញជាន់ខ្ពស់នៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE Hong Kong បានអះអាងថា “គោលនយោបាយរបស់រដ្ឋបាលហុងកុងស្តីពីការបញ្ចុះអត្រាពន្ធប្រថាប់ត្រាមកនៅត្រឹម១០០ដុល្លារហុងកុងចំពោះលំនៅដ្ឋាន ដែលមានតម្លៃចាប់ពី៤លានដុល្លារហុងកុងចុះក្រោម នឹងជួយជំរុញការលក់លំនៅដ្ឋាន”។

លោកបានរំពឹងថា “បណ្តាអ្នកអភិវឌ្ឍន៍នឹងសម្រុកបើកដំណើរការលក់លំនៅដ្ឋាន ដែលមានតម្លៃក្រោម៤លានដុល្លារហុងកុង ដើម្បីទាញយកអត្ថប្រយោជន៍ពីនិន្នាការនេះ”។

លោក Kwok បានបន្ថែមថា ការលក់លំនៅដ្ឋាននឹងកើនឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានខែខាងមុខ។ការណ៍នេះនឹងជំរុញឱ្យមានកំណើនវិជ្ជមាននៅក្នុងឆមាសទី២ ឆ្នាំ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here