ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃក្នុងការជួញដូរនាព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសផែនការដំឡើងពន្ធខ្ពស់លើការនាំចេញទំនិញរបស់ឥណ្ឌាទៅកាន់សហរដ្ឋអាមេរិក ដោយសារឥណ្ឌានៅតែបន្តនាំចូលប្រេងពីប្រទេសរុស្សុី។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុនបានងើបឡើងថ្លៃចំនួន០,៤ភាគរយ គិតត្រឹមម៉ោង១០:០៥នាទីព្រឹក។
ជាមួយគ្នានេះ សន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៦៣ភាគរយ ខណៈផ្សារហ៊ុន Topix បានងើបឡើងថ្លៃ០,៧៦ភាគរយ។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានស្ថិតក្នុងសភាពទ្រឹង។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 របស់ប្រទេសចិនបានងើបឡើងថ្លៃ០,២៩ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុនក្រុងសៀងហៃ Shanghai Composite បានងើបឡើងថ្លៃ០,៤៦ភាគរយ។
ចំណែក ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានងើបឡើងថ្លៃ១ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ១,១១ភាគរយ៕







