កម្ពុជាមានសុទិដ្ឋិនិយមថា កម្ពុជានឹងទទួលបានពន្ឋគយបដិកាពីអាមេរិកទាបជាងមុន បន្ទាប់ពីយល់ព្រមឈប់បាញ់ជាមួយភាគីថៃ

ដោយៈ និស្ស័យ

    ភ្នំពេញៈ ​មន្រ្តីរដ្ឋាភិបាល​កម្ពុជា​មានសុទិដ្ឋិនិយម​ថា អត្រា​ពន្ធបដិការ​ដែល​រដ្ឋបាល​អាមេរិក បាន​កំណត់​យក​ពីទំនិញ​​កម្ពុជា​ចំនួន ៣៦% នា​ពេល​កន្លង​មក អាច​នឹង​ត្រូវ​បញ្ចុះ​បន្ថែម​ទៀត ​បន្ទាប់​ពី​​រដ្ឋាភិបាល​​​កម្ពុជា -ថៃ​​​​យល់​ព្រម​ឈប់​បាញ់​គ្នា​​ តាម​ការ​អំពាវនាវ​​​របស់​ប្រ​ធា​នាធិបតីអាមេរិក លោក Donald Trump។​

បន្ទាប់​ពី​កើត​​ជម្លោះ​ប្រដាប់​អាវុធ​ទ្រង់​ទ្រាយ​ធំ ​រយៈពេល៥​ថ្ងៃ​ចាប់​ពីព្រឹក​ថ្ងៃ​ទី២៤ ខែ​កក្កដា មក ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ថៃ បានយល់​ព្រម​​ប្រកាស​បទ​​ឈប់​បាញ់​ជាមួយ​គ្នា​ ដោយ​​​ចូល​ជាធរមាន​កាល​ពី​រាត្រី​ថ្ងៃ​ទី​២៨ ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ២០២៥​។ មុន​នឹង​ឈាន​ដល់​ការ​ព្រម​ព្រៀងនេះ ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ទូរស័ព្ទ​ទៅ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ទាំង២ ដោយ​ស្នើ​ឱ្យ​ឈប់​បាញ់​គ្នា​ជា​បន្ទាន់ ប៉ុន្តែ​​បើ​ភាគី​ទាំង២ មិន​ព្រម​តាម​សំណើនេះ គឺអាមេរិក​អាច​នឹង​ប្រើប្រាស់​វិធាន ការដំឡើង​​​អត្រា​ពន្ធ​បដិការ ខណៈ​ប្រទេស​ទាំង២ សុទ្ធតែកំពុង​ព្យាយាមចរចា​ជាមួយ​អាមេរិក ដើម្បី​បញ្ចុះ​អត្រា​ពន្ធ​រៀងៗ​ខ្លួន​​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា​ លោក Casey Barnett នៅលើបណ្តាញសង្គមផ្ទាល់​ខ្លួន​កាលពីព្រឹក​ថ្ងៃទី ២៩ កក្កដា​ បាន​សរសេរ​​​ថ្លែង​​អំណរគុណ ដល់​លោកប្រធានាធិបតី Trump ចំពោះកិច្ចអន្តរាគមន៍ដ៏​ឆាប់​រហ័ស និង​មាន​ប្រសិទ្ធភាព​ ដើម្បី​ឈាន​ទៅ​​បញ្ចប់​ការ​ប្រយុទ្ធគ្នា​រវាង​កង​យោធា​កម្ពុជា-ថៃ ​ក្នុងរយៈពេល៤៥:៣០ម៉ោង ​នៃកិច្ច​អន្តរាគមន៍ផ្ទាល់​របស់​លោក។

លោក​បន្ថែម​ថា “ឥឡូវនេះមានសង្ឃឹមហើយ សម្រាប់ជនភៀសខ្លួន​ប្រមាណ៣០ម៉ឺន​នាក់ និងមនុស្ស​រាប់លាននាក់​ទៀត ដែលជីវភាពរស់នៅរបស់ពួកគេ កំពុង​រង​នូវ​ការ​​គំរាមកំហែង ដោយ​ការ​ផ្ទុះ​​សង្គ្រាម​នេះ​”។លោកបាន​សរសេរថា “ជាមួយនឹងបទឈប់បាញ់ គឺ​ត្រូវតែចាត់វិធានការយ៉ាងម៉ឺងម៉ាត់​ ដើម្បីបន្ធូរបន្ថយភាពតានតឹង ដែលអាចផ្ទុះឡើងយ៉ាងងាយស្រួលដល់ការប្រយុទ្ធជាថ្មី”។

ក្នុងស្មារតី​ផ្នែក​ពាណិជ្ជកម្មរបស់​លោក​ Trump សង្ឃឹមថា​កម្ពុជា និងថៃនឹងអាចបន្ធូរបាន ​តាម​រយៈ​ការ​ធ្វើ​ឱ្យ​ធម្មតា​ឡើង​វិញ ​​នូវជីវភាពរស់នៅរបស់ប្រជាជនរបស់ពួកគេ និង​ការធ្វើពាណិជ្ជកម្មឆ្លងដែនឡើងវិញ​ដោយគ្មានលក្ខខណ្ឌ។​

ជាមួយគ្នានេះ ​​អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន លោក ឡោ វិចិត្រ បាន​មើលឃើញថា ​ការ​យល់​ព្រម​បង្កើត​ឱ្យ​មាន​បទឈប់បាញ់រវាង​ភាគី​ទាំង២ គឺ​ជាជំហានវិជ្ជមាន ដែល​នឹង​នាំមកនូវសន្តិភាព​សម្រាប់​ប្រទេសកម្ពុជា និង​ថៃ ក៏ដូចជា​ផ្តល់នូវបរិយា​កាសអំណោយផល​​ដើម្បី​ឱ្យមហា​អំណាច​អាមេរិក បន្ធូរបន្ថយអត្រាពន្ធបដិការ​សម្រាប់​ប្រទេស​កម្ពុជា ឱ្យ​ចុះ​នៅ​ទាប​ជាងអត្រា៣៦% ដែលនឹងត្រូវ​ចូលជាធរមាននៅ​ថ្ងៃទី១ សីហា ខាងមុខ។

លោកបាន​ថ្លែង​ថា “ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា តាម​រយៈ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំរដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ឈាន​ទៅ​បញ្ចប់​សង្គ្រាម​ជាមួយ​ភាគី​ថៃ នឹងផ្តល់​ផល​ជាវិជ្ជមាន​យ៉ាង​ច្រើន ​សម្រាប់​ប្រជាជន ព្រម​ទាំង​ទទួល​បាន​ការ​សាទរ​ពី​​​អាមេរិក​ តាម​រយៈ​ការ​ទម្លាក់​អត្រា​ពន្ធ​បដិការ​ផងដែរ”។​​ ​

ប្រធានក្រុម​ការងារ​ចំពោះ​កិច្ច សម្របសម្រួលទំនាក់ទំនងពាណិ​ជ្ជកម្ម និងវិនិយោគទ្វេភាគី​កម្ពុជា​-សហ​រដ្ឋអាមេរិក លោក ស៊ុន ចាន់ថុល ក្នុង​​អំឡុង​កម្មវិធីចុះពិនិត្យផ្ទៀងផ្ទាត់និយាមកា និងបញ្ចប់ការបោះបង្គោលព្រំដី ​សម្រាប់គម្រោងព្រែកជីកហ្វូណនតេជា នៅ​​ក្នុង​ខេត្តកែប នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កក្កដា បាន​និយាយ​ថា រហូត​​ក​ដល់​ពេល​នេះ គឺ​ក្រុមការងារ​ចំពោះ​កិច្ច​ សម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី​កម្ពុជា​-សហ​រដ្ឋអាមេរិក បាន​ធ្វើ​កិច្ច​ការ​ជា​ច្រើន​ដើម្បីធានាថា​ទំនិញ​កម្ពុជា ​នៅ​តែ​មាន​ទីផ្សារ​ល្អ​នៅ​​អាមេរិក។

លោក​បានបន្ត​​ថា “ភាគី​កម្ពុជា​បាន​ស្នើ​សុំ​ដោយ​ទទូច ​​​ឱ្យ​ភាគី​អាមេរិក​យក​ពន្ធ​ពី​កម្ពុជា​ ក្នុង​អត្រា​​មួយ​ដែល​អាច​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ជិតខាង​ និង​​ប្រទេស​ដៃគូ​ប្រកួត​ប្រជែងនានា​​”។

លោកប្រាប់​ទៀត​​ថា សម្រាប់​កិច្ច​ចរចា​ជា​មួយ​អាមេរិក រឿង​ពន្ធបដិការនេះ គឺ​ក្រុមការងារ​ចំពោះកិច្ច​បាន​បញ្ជូនឯកសារ ​ទាំង​អស់​ទៅឱ្យ​​ភាគី​​អាមេរិក កាល​ពីវេលា​ម៉ោង ២៣:៣០​នាទី​​(ម៉ោងនៅកម្ពុជា) នា​​ថ្ងៃ​ទី​១៦ ខែកក្កដា​ រួចរាល់​អស់​ហើយ​​។ ជាមួយ​គ្នា​នេះ​​ ខាង​ភាគី​អាមេរិកក៏​​បាន​ធ្វើ​ការ​ពិភាក្សាផ្ទៃ​ក្នុង​ និង​បាន​ធ្វើ​របាយការណ៍​ទៅ​​លោកប្រធានាធិបតី​ ដូណាល់ ត្រាំ រួចហើយផងដែរ​។​

លោក​បន្ត​ថា កម្ពុជា​រំពឹង​​ទទួល​បាន​លទ្ធផល​ល្អ ​លើស​ពី​​ការ​ចរចា​លើ​កមុន ​ដែល​រដ្ឋាភិបាល​អាមេរិក​​​កំណត់​យក​ពន្ធ​បដិការ ​ពី​ទំនិញ​​កម្ពុជាចំនួន៣៦​% ដោយ​បញ្ចុះ​​ពី​អត្រា៤៩% នៅ​ពេល​ប្រកាស​ដំបូង កាល​ពី​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០២៥​​”។

លោក​​ថ្លែង​ថា “យើងខ្ញុំ​សង្ឃឹមថា​ក្នុង​អាទិត្យ​ក្រោយនេះ យើង​នឹង​ទទួលព័ត៌មាន​ពី​សហរដ្ឋអាមេរិក ​អំពី​អត្រា​ពន្ធ​គយ​បដិការ​របស់​កម្ពុជា​យើង”។

បើ​តាម​លោក ស៊ុន ចាន់ថុល អត្រាពន្ធគយបដិការ​ដែល​រដ្ឋាភិបាល​អាមេរិក ​នឹង​ប្រកាស​នៅ​សប្តាហ៍​ក្រោយ(មុន​ថ្ងៃ​ទី​១ ខែ​សីហា) ​សម្រាប់​ប្រទេស​កម្ពុជា គឺ​នឹង​ចុះ​ទាប​ជាង​៣៦% ដែល​បាន​កំណត់​នា​ពេល​កន្លង​មក​។​

កាលពីថ្ងៃទី​៧ ខែកក្កដា ប្រធា​នាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតឱ្យ​សម្តេចធិបតីហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា ដោយ​បាន​បញ្ជាក់ ពីការបញ្ចុះពន្ធបដិការពីអត្រា​៤៩% មក​អត្រា ៣៦% លើទំនិញរបស់កម្ពុជាដែលនាំចូលទៅអាមេរិក ដែលនឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី១ ខែសីហា បន្ទាប់​ពីកម្ពុជាចរចាតាមប្រព័ន្ធអនឡាញ និងជួបផ្ទាល់ជាមួយតំ​ណាង ​ពាណិជ្ជ​កម្ម​អាមេរិកចំនួន២ដងរួចមក​។

រដ្ឋបាល​សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃ​ទី​២ ខែ​មេសា(ម៉ោង​នៅ​សហរដ្ឋអាមេរិក) បាន​ប្រកាស​ពី​ការ​ដំឡើង​ពន្ធ​គយ​ សម្រាប់​ការ​នាំ​ចូល​ទំនិញ​ពី​ស្ទើ​រគ្រប់​ប្រទេស ​​​ទៅកាន់​ទីផ្សារ​សហរដ្ឋអាមេរិក​ ចាប់​ពី​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០២៥ ត​ទៅ។

ទោះយ៉ាង​ណា​នៅ​ពេល​កាល​បរិច្ឆេទ បានចូល​មក​ដល់ លោក​ Donald J. Trump ក៏​បាន​សម្រេច​​ពន្យារ​ពេល​ចំនួន៩០​ថ្ងៃ​ ដើម្បី​បើក​ឱកាស​ឱ្យ​ប្រទេស​នីមួយៗ ​​​ជួប​ចរចា​ទ្វេភាគី​ជាមួយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​៕

LEAVE A REPLY

Please enter your comment!
Please enter your name here