លែង FREE ដូចមុនហើយ! Telegram នឹងចាប់ផ្ដើមយកថ្លៃសេវាក្នុងឆ្នាំ២០២១

ដោយ: សុខុម

មូស្គូ: លោក Pavel Durov មានដើមកំណើតរុស្ស៊ី ដែលជាស្ថាបនិកនៃកម្មវិធី Telegram (តេឡេក្រាម) បានប្រកាសគួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃទី២៣ ធ្នូថា កម្មវិធី (App) នេះ នឹងចាប់ផ្ដើមយកថ្លៃសេវាចាប់ពីដើមឆ្នាំ២០២១ តទៅ ខណៈពេលក្រុមហ៊ុន ដែលរីកកាន់តែធំឡើងៗមួយនេះ “ត្រូវការថវិកាយ៉ាងតិចពីរបីរយលានដុល្លារក្នុងមួយឆ្នាំ”។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយក្នុងថ្ងៃដដែល។

លោកបានលើកឡើងតាមរយៈសេចក្ដីថ្លែងការណ៍ថា “ក្រុមហ៊ុន Telegram នឹងចាប់ផ្ដើមរកប្រាក់ចំណូលចាប់ពីឆ្នាំក្រោយតទៅ។ យើងនឹងអាចបញ្ចេញមុខងារថ្មីៗច្រើនរាប់មិនអស់ និងស្វាគមន៍អ្នកប្រើប្រាស់រាប់ពាន់លាននាក់”។

សហគ្រិនវ័យ ៣៦ ឆ្នាំរូបនេះបានបញ្ជាក់ថា លោកគ្មានគម្រោងលក់ក្រុមហ៊ុននេះឡើយ ដូច្នេះហើយបានជាលោកសម្លឹងរកវិធីបង្កើតប្រាក់ចំណូលដើម្បីធានានិរន្តរភាពរបស់ក្រុមហ៊ុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

Telegram គឺជា Platform បណ្ដាញទំនាក់ទំនងសង្គមដ៏ពេញនិយមនៅក្នុងប្រទេសមួយចំនួន ជាពិសេសនៅក្នុងបណ្ដាប្រទេសអតីតសហភាពសូវៀត និងប្រទេសអ៊ីរ៉ង់ ហើយត្រូវបានប្រើប្រាស់ទាំងសម្រាប់ការទំនាក់ទំនងផ្ទាល់ខ្លួន និងការចែករំលែកព័ត៌មាន និងដំណឹង។

កម្មវិធីនេះទាក់ទាញបានអ្នកប្រើប្រាស់សកម្មជិត ៥០០ លាននាក់ ចាប់តាំងពីលោក Pavel Durov និងប្អូនប្រុសបង្កើតរបស់លោកឈ្មោះ Nikolai បានបង្កើតវាឡើងក្នុងឆ្នាំ២០១៣។

លោកថ្លែងថា “ខ្ញុំបានចំណាយប្រាក់សន្សំផ្ទាល់ខ្លួនដើម្បីរ៉ាប់រងលើការចំណាយភាគច្រើនរបស់ក្រុមហ៊ុន Telegram ។ ទោះជាយ៉ាងណា ជាមួយនឹងកំណើននាពេលបច្ចុប្បន្នរបស់ខ្លួន Telegram កំពុងបោះជំហានឆ្ពោះទៅទទួលបានអ្នកប្រើប្រាស់រាប់ពាន់លាននាក់ និងត្រូវការថវិកាទ្រទ្រង់ក្នុងចំនួនច្រើនគួរសម”។

ជាចុងក្រោយ លោកបានបញ្ជាក់យ៉ាងខ្លីថា មុខងារណាដែលមិនគិតថ្លៃ គឺនៅតែមិនគិតថ្លៃដដែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here