ដោយៈ ម៉ាណា
ភ្នំពេញៈ ប្រធានក្រុមការងារចំពោះកិច្ច សម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក លោក ស៊ុន ចាន់ថុល បានអះអាងថា អត្រាពន្ធគយបដិការដែលរដ្ឋាភិបាលអាមេរិកយកពីទំនិញកម្ពុជាចាប់ពីដើមខែសីហា ឆ្នាំ២០២៥ នឹងធ្លាក់ចុះក្រោម៣៦% ដែលកំណត់ដោយរដ្ឋាភិបាលអាមេរិក នាពេលកន្លងមក។
ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន ក្នុងអំឡុងកម្មវិធីចុះពិនិត្យផ្ទៀងផ្ទាត់និយាមកា និងបញ្ចប់ការបោះបង្គោលព្រំដី សម្រាប់គម្រោងព្រែកជីកហ្វូណនតេជា នៅក្នុងខេត្តកែប កាលពីចុងសប្តាហ៍មុន លោក ស៊ុន ចាន់ថុល បានលើកឡើងថា ក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក បានធ្វើកិច្ចការជាច្រើ នដើម្បីធានាថាទំនិញកម្ពុជា នៅតែមានទីផ្សារល្អនៅអាមេរិក។
លោកបានបន្តថា ភាគីកម្ពុជាបានស្នើសុំដោយទទូចឱ្យភាគីអាមេរិក យកពន្ធពីកម្ពុជាក្នុងអត្រាមួយ ដែលអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង និងប្រទេសដៃគូប្រកួតប្រជែងនានា(ប្រទេសនាំចេញប្រភេទទំនិញទៅអាមេរិកប្រហាក់ប្រហែលនឹងកម្ពុជា)។
លោកប្រាប់ទៀតថា សម្រាប់កិច្ចចរចាជាមួយអាមេរិក រឿងពន្ធបដិការនេះ គឺក្រុមការងារចំពោះកិច្ច បានបញ្ជូនឯកសារទាំងអស់ទៅឱ្យភាគីអាមេរិក កាលពីវេលាម៉ោង ២៣:៣០នាទី(ម៉ោងនៅកម្ពុជា) នាថ្ងៃទី១៦ ខែកក្កដា រួចរាល់អស់ហើយ។
ជាមួយគ្នានេះ ខាងភាគីអាមេរិក ក៏បានធ្វើការពិភាក្សាផ្ទៃក្នុង និងបានធ្វើរបាយការណ៍ទៅលោកប្រធានាធិបតី ដូណាល់ ត្រាំ រួចហើយផងដែរ។
លោកបន្តថា កម្ពុជារំពឹងទទួលបានលទ្ធផលល្អ លើសពីការចរចាលើកមុន ដែលរដ្ឋាភិបាលអាមេរិកកំណត់យកពន្ធ បដិការពីទំនិញកម្ពុជាចំនួន ៣៦% ដោយបញ្ចុះពីអត្រា៤៩% នៅពេលប្រកាសដំបូង កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥។
លោកបញ្ជាក់ថា “យើងខ្ញុំសង្ឃឹមថាក្នុងអាទិត្យក្រោយនេះ យើងនឹងទទួលព័ត៌មានពីសហរដ្ឋអាមេរិក អំពីអត្រាពន្ធគយបដិការរបស់កម្ពុជាយើង”។
បើតាមលោក ស៊ុន ចាន់ថុល អត្រាពន្ធគយបដិការ ដែលរដ្ឋាភិបាលអាមេរិក នឹងប្រកាសនៅសប្តាហ៍ក្រោយ(មុនថ្ងៃទី១ ខែសីហា) សម្រាប់ប្រទេសកម្ពុជា គឺនឹងចុះទាបជាង៣៦% ដែលបានកំណត់នាពេលកន្លងមក។
កាលពីថ្ងៃទី៧ ខែកក្កដា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតឱ្យសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដោយបានបញ្ជាក់ ពីការបញ្ចុះពន្ធបដិការពីអត្រា៤៩% មក៣៦% លើទំនិញរបស់កម្ពុជា ដែលនាំចូលទៅអាមេរិក ដែលនឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី១ ខែសីហា បន្ទាប់ពីកម្ពុជាចរចាតាមប្រព័ន្ធអនឡាញ និងជួបផ្ទាល់ជាមួយតំណាងពាណិជ្ជកម្មអាមេរិកចំនួន ២ដងរួចមក។
រដ្ឋបាលសហរដ្ឋអាមេរិក កាលពីថ្ងៃទី២ ខែមេសា(ម៉ោងនៅសហរដ្ឋអាមេរិក) បានប្រកាសពីការដំឡើងពន្ធគយ សម្រាប់ការនាំចូលទំនិញពីស្ទើរគ្រប់ប្រទេស ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥តទៅ។
ទោះយ៉ាងណា នៅពេលកាលបរិច្ឆេទចូលមកដល់ លោក Donald J. Trump ក៏បានសម្រេចពន្យារពេលចំនួន៩០ថ្ងៃ ដើម្បីបើកឱកាសឱ្យប្រទេសនីមួយៗ ជួបចរចាទ្វេភាគីជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក។
យោងតាមទិន្នន័យកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) បានឱ្យដឹងថា ក្នុងឆមាសទី១ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងអាមេរិក សម្រេចបានទឹកប្រាក់សរុប៥,៦៩ពាន់លានដុល្លារ កើនឡើង២៥,៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ក្នុងនោះកម្ពុជានាំទៅអាមេរិក ៥,៥៦ពាន់លានដុល្លារ កើនឡើង២៥,៦%។ ចំណែកអាមេរិកនាំមកកម្ពុជា ១៦៤,៩លានដុល្លារ កើនឡើង ២៩%។
អាមេរិក គឺជាទីផ្សារដែលទទួលទិញទំនិញពីកម្ពុជា ច្រើនជាងគេដោយគ្រប់គ្រងប្រមាណ៣៨,៧% នៃទឹកប្រាក់នាំចេញសរុបរបស់កម្ពុជាក្នុងឆមាសទី១ ឆ្នាំ២០២៥ ដែលមានទឹកប្រាក់ចំនួន១៤,២៩ពាន់លានដុល្លារ៕









