មូលហេតុចំនួន២ធ្វើឲ្យAMROទម្លាក់ការព្យាករណ៍កំណើន សេដ្ឋកិច្ចកម្ពុជានិងប្រទេសមួយចំនួនទៀត

    ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ស្ថាប័ន​ស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​អាស៊ាន(AMRO)​ បានទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា ទាបជាងមុនដោយ​សារហេតុផលសំខាន់ៗចំនួន។

របាយការណ៍របស់AMRO បានបង្ហាញ​ថា សេដ្ឋកិច្ចកម្ពុជា​នឹងសម្រេចបានក្នុងអត្រាជាង៥% ដែលជា​អត្រា​កំណើនខ្ពស់លំដាប់ទី៣​ ក្នុងតំបន់អាស៊ាន​​ បន្ទាប់ពីប្រទេសវៀតណាម និង​ហ្វីលីពីន ហើយ​នៅ​ឆ្នាំ​២០២៦ នឹង​សម្រេចបាន​ក្នុង​អត្រា៤,៧%។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍​ AMRO ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា ​ឱ្យ​ដឹង​ថា តាម​ការ​ព្យាករគឺកំណើន​សេដ្ឋកិច្ចកម្ពុជា ក្នុង​ឆ្នាំ​២០២៥​ នឹងសម្រេចបានក្នុង​អត្រា៥,២% ដែល​​អត្រាទាប​ជាង​ការ​ព្យាករ​កាល​ពី​ខែ​មេសា ដែល​រំពឹង​នឹង​សម្រេច​បាន​ក្នុង​អត្រា​៥,៨%។

សម្រាប់​ឆ្នាំ​២០២៦ អត្រា​​កំណើននេះ​នឹងមាន​​ប្រមាណ​៤,៧% ខណៈ​កាល​ពី​ខែមេសា បានព្យាករក្នុង​អត្រា​​កំណើន៦%។ ជាមួយ​គ្នា​នេះ​អតិផរណា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់(CPI) ក្នុង​ឆ្នាំ​២០២៥ នេះ​ នឹងនៅតែមានស្ថិរភាព ក្នុងអត្រា២,៥% និងក្នុង​ឆ្នាំ​២០២៦ ចំនួន​ ២,៣%។

សម្រាប់តំបន់​អាស៊ាន​ទាំង​មូលAMRO ព្យាករថា ប្រទេសវៀតណាម ​នឹងមានកំណើន​សេដ្ឋកិច្ចខ្ពស់​ជាង​គេ គឺ​ក្នុងអត្រា៧% សម្រា​ប់​​ឆ្នាំ​២០២៥ និង​៦,៥%ក្នុង​២០២៦ ខណៈប្រទេសហ្វីលីពីន​​នឹង​សម្រេ​ចបាន​ក្នុង​អត្រា៥,៦% ក្នុង​ឆ្នាំ​២០២៥និង​៥,៥% នៅ​ឆ្នាំ​២០២៦​។

AMRO បាន​ឱ្យដឹងទៀត​​ថា ការពិនិត្យឡើងវិញ(ព្យាករ)​នេះបាន​ឆ្លុះបញ្ចាំង ពីភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល​ ដែលកំពុង​ជួប​ប្រទះ​នឹង​បញ្ហា​ប្រឈម​ថ្មី​ៗ​ ជាពិសេស​បណ្តាល​មក​ពី​​វិធានការពន្ធបដិការ​របស់សហរដ្ឋអាមេរិក ​ដែលប្រកាសដោយប្រធានាធិបតីលោក Donald Trump កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ​២០២៥។

របាយការណ៍ AMRO បង្ហាញទៀតថា តំបន់អាស៊ាន+3 (អាស៊ាន ចិន ជប៉ុន និង​កូរ៉េ) ក្នុង​ឆ្នាំ​២០២៥ នេះនឹង​មាន​កំណើនក្នុង​អត្រា៣,៨% និង ៣,៦% នៅឆ្នាំ២០២៦​ខាងមុខ​។

ការពិនិត្យឡើងវិញ​នៃការ​ធ្លាក់ចុះ ពីការព្យាករពីមុនសម្រាប់រយៈពេលទាំងពីរឆ្នាំ នេះ​បាន​ឆ្លុះបញ្ចាំងពីផលប៉ះពាល់ ដែល​បណ្តាល​មក​ពី​ការ​ដំឡើង​ពន្ធរបស់អាមេរិក ដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែសីហា ឆ្នាំ​២០២៥​។

ពន្ធគយទាំងនេះ ទំនងជានឹងកាត់បន្ថយតម្រូវការ របស់សហរដ្ឋអាមេរិក បង្កើនភាពមិនច្បាស់​លាស់នៃការវិនិយោគ និងធ្វើឱ្យទំនុកចិត្តអ្នកប្រើប្រាស់ធ្លាក់ចុះ។

AMRO បានឲ្យដឹងផងដែរថា ផលប៉ះពាល់នៃពន្ធនេះ ត្រូវបានគេព្យាករថា ​នឹងមាន​កាន់តែខ្លាំង​នៅឆ្នាំ​២០២៦ ជាពិសេសសម្រាប់សេដ្ឋកិច្ចក្នុងតំបន់ដែលប្រឈមមុខ នឹងពន្ធខ្ពស់ពីសហរដ្ឋអាមេរិក និងការ​ពឹងផ្អែកកាន់តែច្រើនលើតម្រូវការខាងក្រៅ។

AMRO ក៏បាន​ព្យាករ​ពី​អតិផរណាក្នុងតំបន់ ដែល​​រំពឹងថានឹងនៅតែមានកម្រិតទាបប្រហែល១% ក្នុងឆ្នាំ២០២៥ និង​ឆ្នាំ​២០២៦ ជាមួ​យនឹងកម្រិតមធ្យមនៃតម្លៃទំនិញសកល និងសម្ពាធតម្រូវការធ្លាក់ចុះកាន់តែច្រើន។

ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា លោកយិន លាងគង់បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជានៅតែមានភាពធន់ ប៉ុន្តែដោយសារបញ្ហាសកល ការកើនឡើងនូវពន្ឋគយរបស់អាមេរិក និងសង្រ្គាមជាមួយប្រទេសថៃ បាននិងកំពុងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជារងផលប៉ះពាល់បន្ថែមទៀតនៅចុងឆ្នាំនេះ។

លោកបន្តថា “ទោះជាយ៉ាងណាកំណើននៃការនាំចេញ និងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការនាំចេញរបស់កម្ពុជា នឹងធ្វើឲ្យសុខភាព​សេដ្ឋកិច្ចរបស់កម្ពុជាមិនរងផលប៉ះពាល់ធ្ងន់ធ្ងរឡើយ”។ លោកបន្ថែមថា “ការចាប់យកចំណែកទីផ្សារថ្មីៗរបស់កម្ពុជា និងការខិតខំប្រឹងប្រែ​ងរបស់រដ្ឋាភិបាលកន្លងមក ក្នុងការគោះទ្វារអ្នកវិនិយោគ ជាយុទ្ឋសា​ស្រ្តធ្វើឲ្យប្រាកដថា សេដ្ឋកិច្ចកម្ពុជានឹងមានភាពធន់រយៈពេលវែង”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here