ក្រសួងពាណិជ្ជកម្ម ជំរុញការប្រមូលពន្ធលើសេវាឌីជីថលនេះឱ្យមានតម្លាភាពដល់ក្រុមហ៊ុនឯកជន

ដោយ៖ សាវុធ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យមានការសិក្សាឱ្យលម្អិតបំផុត ដើម្បីធានាថា គោលនយោបាយប្រមូលពន្ធលើសេវាឌីជីថលនេះ ផ្តល់តម្លាភាព សមធម៌ និងតុល្យភាព ជូនក្រុមហ៊ុនឯកជនផ្តល់សេវាឌីជីថល អ្នកប្រើប្រាស់សេវាឌីជីថល និងស្ថាប័នអនុវត្តគោលនយោបាយនេះ។

លោកសុខ សុភ័ក្រ្តរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ បានដឹកនាំក្រុមការងារជំនាញចូលរួមកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សាលើការប្រមូលពន្ធលើសេវាឌីជីថល (Digital Services Tax) ជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធអនឡាញ ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋលេខាធិការ បានលើកឡើងអំពីនិន្នាការអន្តរជាតិ និងតំបន់ចំពោះការកំណត់ពន្ធលើផលិតផលនិងសេវាឌីជីថល អំពីកាតព្វកិច្ចផ្នែកពន្ធដែលជាការប្តេជ្ញាចិត្តរបស់ព្រះរាជាណាចក្រកម្ពុជានៅក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្របខណ្ឌគតិយុត្តពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងដែន (Cross-border E-Commerce)។

លោករដ្ឋលេខាធិការ បានបង្ហាញនូវការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅក្នុងការបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសិក្សាស្វែងយល់ឱ្យកាន់តែច្បាស់ និងស៊ីជម្រៅអំពីយន្តការ និងនីតិវិធីនៅក្នុងការប្រមូលពន្ធលើសេវាឌីជីថល ក្នុងកម្រិតសកល និងតំបន់ ដោយនឹងសហការជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាវិស័យឯកជនផងដែរ។

លោករដ្ឋលេខាធិការ ជំរុញឱ្យមានការសិក្សាឱ្យលម្អិតបំផុត ទាំងការប្រមូលទិន្នន័យសម្រាប់វិភាគ និងការវាយតម្លៃលើផលប៉ះពាល់ និងកាលានុវត្តភាពចេញពីការយកពន្ធលើសេវាឌីជីថលនេះ ដើម្បីធានាថា គោលនយោបាយប្រមូលពន្ធលើសេវាឌីជីថលនេះ ផ្តល់តម្លាភាព សមធម៌ និងតុល្យភាព ជូនក្រុមហ៊ុនឯកជនផ្តល់សេវាឌីជីថល អ្នកប្រើប្រាស់សេវាឌីជីថល និងស្ថាប័នអនុវត្តគោលនយោបាយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here