ដោយៈ ចំណាន
ភ្នំពេញៈ កម្ពុជារកបានប្រាក់ជាង១០០០លានដុល្លារអាមេរិក ពីការនាំចេញស្បែកជើងទៅកាន់ទីផ្សារអន្តរជាតិ កើនឡើងជាង៣៣ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
នេះជាវឌ្ឍនភាពមួយ បើទោះបីជាទំនិញផលិតនៅប្រទេសកម្ពុជាកំពុងប្រឈមមុខ នឹងការយកពន្ធក្នុងអត្រា៣៦ភាគរយ នៅពេលនាំទៅទីផ្សារអាមេរិក ចាប់ពីថ្ងៃទី១ ខែសីហាក៏ដោយ ក៏សកម្មភាពនៃការនាំចេញ ផលិតផលស្បែកជើងកម្ពុជាទៅទីផ្សារអន្តរជាតិ រួមទាំងសហរដ្ឋអាមេរិក នាពេលនេះនៅតែមានសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់។
យោងតាមព្រឹត្តិបត្រព័ត៌មានរបស់សមាគមស្បែកជើងកម្ពុជា (Cambodia Footwear Association-CFA) ចេញផ្សាយកាលពីសប្តាហ៍មុន ឱ្យដឹងថា ចន្លោះពីខែមករា- ខែមិថុនា ឆ្នាំ២០២៥ កម្ពុជាបាននាំចេញស្បែកជើងទៅទីផ្សារអន្តរជាតិ ក្នុងទឹកប្រាក់សរុប១,០៣ ពាន់លានដុល្លារ កើនឡើង៣៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
ក្នុងចំនួននេះ គឺការនាំចេញទៅទីផ្សារអាមេរិក មានទឹកប្រាក់ ៣៨៨លានដុល្លារ ស្មើនឹង៣៨%នៃចំនួនទឹកប្រាក់នាំចេញស្បែកជើងសរុប។
អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជាបានមានប្រសាសន៍ឲ្យដឹងថា យើងគ្រប់គ្នាសុទ្ធតែដឹងហើយថា ស្ថានភាពនយោបាយ និងសេដ្ឋកិច្ចពិភពលោកក្នុងពេលនេះ គឺមិនមានភាពច្បាស់លាស់ឡើយ ដែលចំណុចទាំងនេះ សុទ្ធតែជះផលអវិជ្ជមានសម្រាប់ការធ្វើពាណិជ្ជកម្មអន្តរជាតិ។ ទោះយ៉ាងណា បើយើងងាកមកមើលការនាំចេញ ផលិតផលស្បែកជើងកម្ពុជាទៅទីផ្សារអន្តរជាតិ គឺនៅតែរក្សាបាននូវកំណើនគួរឱ្យកត់សម្គាល់។
ជាក់ស្តែងក្នុងឆមាសទី១ ឆ្នាំ២០២៥ នេះទឹកប្រាក់ដែលកម្ពុជាប្រមូលបាន ពីការនាំចេញស្បែកជើងទៅទីផ្សារអន្តរជាតិ គឺមានចំនួនរហូតដល់ជាង១ពាន់លានដុល្លារ ដោយកើនជាង ៣០%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។
កំណើននៃការនាំចេញនេះ ដោយសារកត្តាសំខាន់ៗមួយចំនួនដូចជា ទី១ ការជួយសម្របសម្រួលរបស់រាជរដ្ឋាភិបាល៖ រដ្ឋាភិបាលកម្ពុជា តែងផ្តល់ការគាំទ្រផ្នែកគោលនយោបាយ ដល់រោងចក្រ/សហគ្រាសទាំងអស់ ដូចជា ការសម្រួលផ្នែកពន្ធ ការលើកទឹកចិត្តសម្រាប់ការនាំចូលវត្ថុធាតុដើម និងការរក្សាស្ថិរភាពថ្លៃអគ្គិសនី។ ក្រៅពីនេះច្បាប់វិនិយោគថ្មីរបស់កម្ពុជា ក៏កំពុងដើរតួនាទីដ៏សំខាន់ ក្នុងការទាក់ទាញ និងរក្សាអ្នកវិនិយោគឱ្យមកបណ្តាក់ទុនកាន់តែច្រើន។
ទី២ កត្តាទំនុកចិត្ត៖ ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរឹងមាំបានធ្វើឱ្យអ្នកវិនិយោគមានទំនុកចិត្ត និងជ្រើសរើសយកប្រទេសកម្ពុជាធ្វើជាមូលដ្ឋាន ផលិតកម្មស្បែកជើងដ៏សំខាន់របស់ខ្លួន។ ការផ្លាស់ប្តូរការបញ្ជាទិញ ពីបណ្តាប្រទេសនានាមកកម្ពុជា ក៏ជាចំណែកជួយដល់ការកើនឡើងនេះផងដែរ។
ទី៣ គុណភាពផលិតផល៖ ក្រុមហ៊ុនផលិតស្បែកជើងនៅកម្ពុជាបានបន្តរក្សា និងលើកកម្ពស់គុណភាពផលិតផល ស្របតាមស្តង់ដារអន្តរជាតិ ដែលជាតម្រូវការរបស់ម៉ាកល្បីៗ ដូចជា Adidas, VF Corporation និង Skechers ជាដើម។
អ្នកឧកញ៉ាលី ឃុនថៃបានបញ្ជាក់ថា “ការផ្តោតលើនិរន្តរភាព ការកាត់បន្ថយការបំភាយកាបូន និងសុវត្ថិភាពការងារ ក៏បានរួមចំណែកក្នុងការបង្កើនភាពប្រកួតប្រជែងផងដែរ”៕










