រដ្ឋាភិបាលបន្តលើកលែងពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញផ្ទះតម្លៃក្រោម៧ម៉ឺនដុល្លារអាមេរិក

ដោយ៖ លក្ខិណា

ភ្នំពេញ៖ ដោយមើលឃើញថាស្ថានភាពនៃវិបត្តិកូវីដ១៩ ក្នុងប្រទេសកម្ពុជានៅតែមិនទាន់បានបញ្ចប់នៅឡើយ រដ្ឋាភិបាលបានសម្រេចលើកលែងបន្ទុកវិស័យឯកជននិងពលរដ្ឋបន្ថែមទៀត ក្នុងនោះ ពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញផ្ទះដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារអាមេរិក ក៏ត្រូវបានបន្តលើកលែងរហូតដល់ដំណាច់ឆ្នាំ ២០២១។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចនៅក្នុងបរិការណ៍នៃវិបត្តិ ការស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិនៃជងឺកូវីដ១៩ ជុំទី០៧ បានឱ្យដឹងថា បន្ទាប់ពីបានពិនិត្យ ថ្លឹងថ្លែង និងផ្លាស់ប្តូរយោបល់លើស្ថានភាពសង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទាំងក្នុងក្របខណ្ឌសកលលោក តំបន់ និងក្នុងស្រុក រាជរដ្ឋាភិបាលសម្រេចដាក់ចេញ នូវវិធានការបន្ថែមជុំទី៧ ក្នុងគោលបំណងបន្តដាក់ចេញ និងអនុវត្តវិធានការរក្សាលំនឹងអាជីវកម្ម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កម្ពុជាកំពុងបន្តប្រឈមនឹងវិបត្តិនៃជំងឺកូវីដ១៩ ក៏ដូចជាទ្រទ្រង់និងស្ដារអាជីវកម្ម និងធុរកិច្ចឱ្យងើបឡើងវិញ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍ក្រោយពីវិបត្តិនៃជំងឺកូវីដ១៩ និង បន្តជួយទំនុកបម្រុងដល់ជីវភាពប្រចាំថ្ងៃរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះតាមកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដើម្បីឆ្លងកាត់ដំណាក់កាលដ៏លំបាកបំផុតនៃវិបត្តិជំងឺកូវីដ១៩។

យោងតាមសេចក្តីប្រកាសនេះ បានឱ្យដឹងថា “រដ្ឋាភិបាលបានសម្រេចបន្តលើកលែងពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញផ្ទះដែលមានតម្លៃទាបជាង៧ម៉ឺនដុល្លារអាមេរិក ដោយគិតពីខែមករា ឆ្នាំ ២០២១ ដល់ដំណាច់ខែធ្នូ ឆ្នាំ ២០២១ ពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដែលចុះបញ្ជីនៅក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬនៅតាមមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ”។

ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលបានអំពាវនាវដល់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបញ្ចុះតម្លៃផ្ទះ ទៅតាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីឱ្យពលរដ្ឋអាចមានលទ្ធភាពក្នុងការទិញផ្ទះស្នាក់នៅ។

កន្លងមករាជរដ្ឋាភិបាលក៏បានប្រកាសផងដែរពីការពន្យារពេលក្នុងការអនុវត្តពន្ធលើចំណេញមូលធន ដល់ដើមឆ្នាំ២០២២ផងដែរ ។ អ្នកជំនាញនៃវិស័យអចលនវត្ថុបានសាទរនូវវិធានការនិងការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការជួយដល់វិស័យអចលនទ្រព្យ។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងថា ការអន្តរាគមន៍របស់រាជរដ្ឋាភិបាល នឹងអាចជួយស្រោចស្រង់ដល់វិស័យអចលនទ្រព្យ ដែលរងគ្រោះដោយសារតែកូវីដ១៩បានមួយកម្រិតទៀត ហើយនឹងជួយដល់ពលរដ្ឋម្ចាស់អចលនទ្រព្យក្នុងការទិញលក់អចលនទ្រព្យក្នុងពេលវិបត្តិផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here