គម្រោងអភិវឌ្ឍតំបន់កម្សាន្តនានាក្នុងខេត្តកំពតកំពុងជំរុញតម្លៃអចលនទ្រព្យ កើនឡើងជាបន្តបន្ទាប់

ដោយៈ រ៉ាណេត

កំពតៈ ជាមួយនឹងការទាញយកផលចំណេញ ពីការបង្កើតគម្រោងអភិវឌ្ឍន៍ជាតំបន់កម្សាន្ត និងផ្ទះលំហែរកាយនៅក្នុងខេត្តកំពត បានក្លាយជាចលករមួយដ៏សំខាន់ក្នុងការជំរុញឱ្យតម្លៃអចលនទ្រព្យ ជាពិសេសទីផ្សារដីធ្លីមានការកើនឡើងជាបន្តបន្ទាប់។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោកសយ ស៊ីណុល បានមានប្រសាសន៍កាលពីសប្តាហ៍មុនថា ខេត្តកំពតនៅពេលបច្ចុប្បន្ន មានគម្រោងសាងសង់សំណង់បម្រើឱ្យវិស័យទេសចរណ៍ជាច្រើនគម្រោង ដែលក្នុងនោះភាគច្រើនមាននៅតំបន់ក្បែរភ្នំ ក្បែរមាត់ព្រែកជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបញ្ជាក់ថា “នៅក្នុងឆ្នាំ២០២០នេះ យើងមានបញ្ហាពាក់ព័ន្ធនឹងជំងឺកូវីដមែន ប៉ុន្តែសម្រាប់ការអភិវឌ្ឍន៍វិស័យសេវា និងសំណង់ដែលបំរើឱ្យវិស័យទេសចរណ៍ នៅក្នុងខេត្តកំពតនៅតែមានជារៀងរាល់ថ្ងៃ”។ លោកបន្តថា “យើងសង្កេតឃើញថា សំណង់ដែលសាងសង់រួចរាល់ និងសំណង់ដែលកំពុងសាងសង់ មានការរីកដុះដាលច្រើនទាំងនៅក្នុងក្រុង និងនៅតាមដងព្រែកនៃខេត្តកំពត” ។

លោកឧកញ៉ា នួន អក ម្ចាស់គម្រោងអភិវឌ្ឍតំបន់កម្សាន្តធម្មជាតិ និងកែច្នៃដ៏ធំប្រចាំខេត្តដែលមានឈ្មោះថា «កំពតឋានសួគ៌» បានប្រសាសន៍ថា នៅក្នុងខេត្តកំពតនេះ មានគម្រោងអភិវឌ្ឍន៍សំណង់លម្ហែកាយ គម្រោងបង្កើតតំបន់លំហែរជាច្រើន នៅតែដំណើរការ និងមានការកើនឡើងជាបន្តបន្ទាប់។

លោកឧកញ៉ាបានបន្តថា “សម្រាប់តែគម្រោងកំពតឋានសួគ៌ ដែលកំពុងបន្តសកម្ម​ភាពសាងសង់ទៅតាមផែនការមេ បានក្លាយទៅគម្រោងដ៏ធំ និងលេចធ្លោជាងគេនៅក្នុងខេត្ត ដោយសារតែការរចនាប្លង់ និងទីតាំងរបស់គម្រិងស្ថិតនៅតំបន់ ដែលមានសក្ដានុពល”។ លោកឧកញ៉ាបន្តថា “ បច្ចុប្បន្នក្រុមការងារជំនាញបាន និងកំពុងរៀបចំនូវទីតាំងកម្សាន្តប្លែកៗជាច្រើន ដែលក្នុងនោះរួមមាន ដូចជា ទីតាំងជិះទូកកម្សាន្តតាមមាត់ព្រែក កន្លែងថតរូបអនុស្សាវរីយ៍ តំបន់សួនផ្កាចំរុះ ជាពិសេសសួនផ្កាឈូករ័ត្នដ៏ធំល្វឹងល្វើយលើកដំបូងប្រចាំខេត្តកំពត ដែលកំពុងមានភាពទាក់ទាញយ៉ាងខ្លាំង”។

លោកឧកញ៉ាបានបន្តថា “តាមរយៈភាពល្អប្រសើរនៃកត្តាភូមិសាស្ត្រ ជាពិសេសភាពអំណោយផលពីធម្មជាតិ ទៅលើវិស័យទេសចរណ៍ ខ្ញុំជឿជាក់ថានៅថ្ងៃអនាគតខាងមុខដ៏ខ្លីនេះ”។លោកបន្តថា“ខេត្តកំពតនឹងទាក់ទាញទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនជាក់ជាមិនខាន ខណៈដែលបច្ចុប្បន្ននេះមានអ្នកវិនិយោគ និងអភិវឌ្ឍន៍ជាច្រើនចំណាយដើមទុនជាច្រើនលានដុល្លារលើការវិនិយោគ និងកែច្នៃជាតំបន់កម្សាន្តបែបធម្មជាតិជាច្រើនទីតាំង” ។

គម្រោងអភិវឌ្ឍន៍ កំពតឋានសួគ៌ ស្ថិតនៅភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត មួយនេះគឺមានទំហំធំធេង និងត្រូវបានបែងចែកជាតំបន់កម្សាន្តផ្សេងៗ គ្នាជាច្រើន មិនតិចជាង៥នោះទេ ដូចជា តំបន់កម្សាន្តសួនផ្កាឈូករ័ត្ន តំបន់កម្សាន្ត និងលំហែរព្រៃកោងកាង ព្រៃអំពិលអំពែក ភោជនីយដ្ឋាន តំបន់ផ្ទះលំហែរ និងសណ្ឋាគារ ដែលនៅថ្ងៃអនាគត អាចសាងសង់រហូតដល់ប្រមាណ១០០០បន្ទប់។

អគ្គនាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បានមានប្រសាសន៍ថា នៅតំបន់ណាក៏ដោយ នៅពេលដែលមានគម្រោងអភិវឌ្ឍន៍តំបន់នោះតែងតែជំរុញឱ្យតម្លៃដីធ្លីកើនឡើងថ្លៃ ទាស់ត្រង់ឡើងតិច ឬច្រើនតែប៉ុណ្ណោះ ដែលអាស្រ័យទៅលើទំហំ និងប្រភេទនៃគម្រោង ជាពិសេសសកម្មភាពនៃការអភិវឌ្ឍ។

លោកស្រីបានបញ្ជាក់ថា “មិនថាចំពោះតែគម្រោងអភិវឌ្ឍលំនៅដ្ឋាន បែបលំហែរកាយ ឬគម្រោងអភិវឌ្ឍន៍តំបន់កម្សាន្តនោះទេ គឺសុទ្ធតែជាចលករយ៉ាងសំខាន់ក្នុងការជំរុញឱ្យតម្លៃដីឡើងថ្លៃទាំងអស់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here