កម្ពុជាចូលរួមវេទិកាសេដ្ឋកិច្ចឌីជីថលនៅប្រទេសចិន ខណៈកម្ពុជាកំពុងជម្រុញការអភិវឌ្ឍវិស័យនេះ

ដោយៈ គង់ ម៉ាលីនណា

    ប្រទេសចិនៈ មន្រ្តីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចូលរួមវេទិកាសេដ្ឋកិច្ចឌីជីថល ២០២៥ (The 2025 SCO Digital Economy Seminar) និងទស្សនកិច្ចសិក្សាទៅកាន់រោងចក្រ សហគ្រាស ឧហ្សាហកម្មបច្ចេកវិទ្យាឌីជីថលមួយចំនួន នៅទីក្រុងធានជីង សាធារណរដ្ឋប្រជាមានិតចិន។

លោកហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចឌីជីថល ២០២៥ (SCO 2025 Digital Economy Seminar) និងទស្សនកិច្ចសិក្សា នៅទីក្រុងធានជីង តបតាមការអញ្ជើញរបស់សាធារណរដ្ឋប្រជាមានិតចិន មកកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ភាគីកម្ពុជា ក៏មានការចូលរួមពី គណៈប្រតិភូថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងពាណិជ្ជកម្ម ផងដែរ។ កម្ពុជាបានក្លាយជាដៃគូសន្ទនានៃវេទិកាសេដ្ឋកិច្ចឌីជីថលនេះតាំងពីឆ្នាំ២០១៥ មកម្លេះ។

វេទិកាសេដ្ឋកិច្ចឌីជីថលនេះ បានរៀបចំឡើង ក្រោមប្រធានបទ “ឱកាសថ្មី ក្នុងការចាប់ផ្តើមកិច្ចសហប្រតិបត្តិការ ដ៏មានសក្តានុពល” ដោយរដ្ឋបាលទិន្នន័យជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន (National Data Administration of China)។

គោលបំណងនៃការរៀបចំវេទិកានេះឡើង គឺដើម្បីឱ្យតំណាងក្រសួង-ស្ថាប័នមកពីប្រទេសជាសមាជិក សមាជិកអង្កេតការណ៍ និងដៃគូសន្ទនាពាក់ព័ន្ធ ចូលរួមទស្សនកិច្ចសិក្សាបច្ចេកវិទ្យាទំនើបថ្មីៗ និងពិគ្រោះយោបល់ជុំវិញបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការ លើអន្តរកម្មតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ វិភាគសំយោគ និងចែករំលែកទិន្ន​ន័យ ការប្រើប្រាស់បញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាសម្រាប់ទីក្រុងឆ្លាតវៃ និងកម្មវិធីបច្ចេកវិទ្យានវានុវត្តផ្សេងៗទៀត។

ប្រធានបទសំខាន់ដែលបានលើកឡើង ក្នុងវេទិកានេះរួមមាន៖

១. ប្រព័ន្ធស្ថាប័នគោលសម្រាប់គ្រប់គ្រងធាតុទិន្នន័យ (Data Elements) ២. នវានុវត្តន៍នៃកិច្ចសហប្រតិបត្តិការ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ ៣. បរិវត្តកម្មឌីជីថលសម្រាប់ទីក្រុង និងឧស្សាហកម្ម ៤. ការអភិវឌ្ឍ និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត ៥. បទពិសោធនៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅប្រទេសចិន។

លោកហ៊ាង សុទ្ឋាយុត្តិបានថ្លែងក្នុងវេទិកានោះ ដោយបានរម្លឹកអំពីវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ ដឹកនាំដោយ លោកប្រធានាធិបតី ចិន កាលពីឆ្នាំ២០២៣ ដោយក្នុងនោះសម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្កត់ធ្ងន់ថា “សេដ្ឋកិច្ចឌីជីថលជាប្រភពនៃកំណើនថ្មី ដ៏មានសក្តានុពល“ ដែលឆ្លុះបញ្ជាំងអំពីការតាំងចិត្តខ្ពស់ ក្នុងការលើកកម្ពស់ការធ្វើឌីជីថលូបនីយកម្ម ឆ្ពោះទៅពន្លឿនការអភិវឌ្ឍក្នុងស្រុក និងការធ្វើសមាហរណកម្មក្នុងតំបន់។

លោកបានជម្រាបជូនដោយសង្ខេបអំពីសមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែងកំពុងបន្ត របស់រាជរដ្ឋាភិបាលកម្ពុជា លើការជំរុញការធ្វើទំនើបកម្មស្ថាប័ន និងការវិនិយោគលើការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ព្រមទាំងការកំណត់ចក្ខុវិស័យ ទិសដៅ និងផែនការសកម្មភាពដ៏រឹងមាំ របស់កម្ពុជា តាមរយៈយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទីមួយ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល២០២១​-២០៣៥ ។

លោកក៏បានគូសរំលេចនូវការរៀបចំ ដាក់ឱ្យដំណើការប្រព័ន្ធបច្ចេក​វិទ្យាឌីជីថលសំខាន់ៗរបស់កម្ពុជា រួមមាន ប្រព័ន្ធគ្រប់គ្រងគម្រោ​ងវិនិយោគកម្ពុជា cdcIPM និងថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា CamDX ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here