ធនាគារកណ្តាលកម្ពុជា និងឡាវ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុនិងសេដ្ឋកិច្ច

ដោយ៖ សាវុធ

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលឡាវ បានប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគី ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ច។

ការប្តេជ្ញានេះបានធ្វើឡើង ក្នុងកិច្ចប្រជុំទ្វេភាគីរវាងធនាគារជាតិនៃកម្ពុជា ដែលដឹកនាំដោយលោកជា ចាន់តូទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលឡាវ ដឹកនាំលោក Sonexay Sitphaxay ទេសាភិបាលធនាគារកណ្តាលឡាវ។ នេះបើយោងតាមការចេញផ្សាយរបស់ធនាគារជាតិនៃកម្ពុជាកាលពីម្សិលម៉ិញ។

ធនាគារកណ្តាលឡាវ និងធនាគារជាតិនៃកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកាត់បន្ថយផលប៉ះពាល់មកលើសេដ្ឋកិច្ច តាមរយៈការរក្សាស្ថិរភាពថ្លៃ និងការអនុវត្តគោលនយោបាយរូបិយវត្ថុវិត្ថារកម្ម ដើម្បីគាំទ្រការផ្តល់សន្ទនីយភាពរបស់វិស័យធនាគារចំពោះសកម្មភាពសេដ្ឋកិច្ច។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារកណ្តាលទាំងពីរបានប្តេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីជាប្រពៃណីឱ្យកាន់តែរីកចម្រើនថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រទេសនិងប្រទេសទាំងពីរ ដែលឋិតនៅភូមិផងរបងជាមួយ។

ធនាគារកណ្តាលទាំងពីរ ក៏បានចូលរួមក្នុងការជួយសម្រាលបន្ទុករបស់ប្រជាជនក្រីក្រនិងក្រុមហ៊ុន-សហគ្រាស ដែលទទួលរងការធ្លាក់ចុះចំណូល ដោយបានបន្ធូរបន្ថយបញ្ញត្តិកម្មមួយចំនួន ដែលផ្តល់លទ្ធភាពឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុអាចរៀបចំឥណទានឡើងវិញបាន។

ទន្ទឹមនេះ ធនាគារកណ្តាលទាំងពីរក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលបានរួមចំណែកពង្រឹងសមត្ថភាពជំនាញ តាមរយៈការផ្លាស់ប្តូរចំណេះដឹងនិងជំនាញ និងពង្រឹងការអភិវឌ្ឍវិស័យធនាគារនិងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

បច្ចុប្បន្នធនាគារពាណិជ្ជខ្មែរចំនួន២ មានវត្តមាននៅប្រទេសឡាវ និងមានការរីកចម្រើនគួរឱ្យកត់សម្គាល់៕

LEAVE A REPLY

Please enter your comment!
Please enter your name here