ធនាគារ​នាំមុខគេ​មួយ​នៅ​កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​ឥណទាន​កម្រិត «B+» ពី​ភ្នាក់ងារ​វាយតម្លៃ​អន្តរជាតិ

ដោយៈ សាវុធ

ភ្នំពេញៈ ធនាគារ ABA Bank ជា​ធនាគារ​នាំមុខគេ​របស់​កម្ពុជា និង​ជា​បុត្រ​សម្ពន្ធ​របស់​ធនាគារ​ជាតិ​កាណាដា បានប្រកាស​នៅ​ល្ងាច​ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ថា ភ្នាក់ងារ​វាយតម្លៃ Standard & Poor’s Global Ratings Agency (S&P) បានបញ្ជាក់​ជាថ្មី​អំពី​ចំណាត់ថ្នាក់​ឥណទាន​របស់​ធនាគារ ABA នៅ​កម្រិត «B+» ជាមួយ​ទស្សនវិស័យ​ស្ថិរភាព។

ទស្សនវិស័យ​ស្ថិរភាព​នេះ ឆ្លុះបញ្ចាំង​ពី​ទស្សនៈ​របស់ S&P ដែលថា ធនាគារ​នឹង​គ្រប់គ្រង​ប្រកបដោយ​ចីរភាព នូវ​កំណើន​យ៉ាង​ឆាប់រហ័ស​នៃ​ប្រាក់កម្ចី និង​ប្រាក់​បញ្ញើ ទោះបីជា​មានការ​រីក​រា​ល​ដាល​នៃ​វីរុស​កូ​វីដ១៩ក៏ដោយ។ អ្នកស្រាវជ្រាវ​ក៏បាន​បញ្ចេញ​ទស្សនៈ​ថា និមិត្តសញ្ញា​អាជីវកម្ម មូលធន​កម្ម ប្រូ​ហ្វា​ល​ហានិភ័យ និង​ថវិកា និង​សាច់ប្រាក់​ងាយស្រួល​របស់​ធនាគារ ABA នឹង​រក្សា​មិន​ផ្លាស់ប្តូរ​ដដែល​ក្នុង​រយៈពេល ១២ខែ​បន្ទាប់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ភ្នាក់ងារ S&P មានបាន​ឱ្យដឹងថា “តាម​ទស្សនៈ​របស់​យើង និមិត្តសញ្ញា​អាជីវកម្ម​របស់​ធនាគា​រ ABA កំពុង​តែមាន​ភាពរឹងមាំ ដោយសារតែ​កំណើន នៃ​ចំណែក​ទីផ្សារ​ដ៏​គួរកត់សម្គាល់​របស់ខ្លួន។ ធនាគារ​បន្ត​ពង្រីក​ចំណែក​ទីផ្សារ​ប្រាក់កម្ចី បណ្តាញ​ចែកចាយ​រូបវន្ត និង​ឌីជីថល ព្រមទាំង​មូលដ្ឋាន​អតិថិជន​របស់ខ្លួន” ។ ភ្នាក់ងារ​ដដែល​បាន​បន្តថា “យើង​ជឿជាក់ថា មហិច្ឆតា​ក្នុង​ពង្រីក​ការ​គ្របដណ្តប់​សេវា និង​ប្រសិទ្ធភាព​ប្រតិបត្តិការ​ដ៏​ល្អ​របស់​ធនាគារ ជួយ​គាំទ្រ​ដល់​ការទទួលបាន​ប្រាក់ចំណេញ​លើសពី​មធ្យម” ។

អ្នកជំនាញ​របស់ S&P បានលើកឡើង​ជាពិសេស អំពី​ស្ថានភាព​អាជីវកម្ម​ដ៏​មាន​ស្ថិរភាព និង​សក្តានុពល​របស់​ធនាគា​រ ABA សម្រាប់​កំណើន​បន្ថែមទៀតថា “យើង​រំពឹងថា ធនាគារ ABA នឹង​បន្ត​ទទួលបាន​កំណើន​ដ៏​ខ្លាំង និង​លឿន​ពិតប្រាកដ​នៃ​និមិត្តសញ្ញា​អាជីវកម្ម និង​ផលប​ត្រ​កម្ចី​របស់ខ្លួន” ។

ធនាគារ​មាន​ជំហរ​រឹងមាំ ក្នុងការ​ទទួលបាន​ប្រាក់ចំណេញ ពី​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច ដែល​យើង​រំពឹងថា នឹង​កើតមាន​ក្រោយ​បញ្ចប់​ការរីក​រាលដាល នៃ​វីរុស​កូ​វីដ១។ ជំហរ​នេះ ត្រូវបាន​ឆ្លុះបញ្ចាំង​នៅក្នុង​កំណើន ជា​បន្តបន្ទាប់​នៅក្នុង​ចំណែក​ទីផ្សារ​នៃ​ប្រាក់កម្ចី និង​ប្រាក់​បញ្ញើ​របស់ខ្លួន រយៈពេល ១៨ខែ​បន្ទាប់។

របាយការណ៍​របស់ S&P សន្និដ្ឋានថា មូលដ្ឋាន​ប្រាក់​បញ្ញើ​អតិថិជន ដ៏​ច្រើន​លើសលុប​របស់​ធនាគារ នឹង​ទំនងជា​បន្ត​កើនឡើង​ទៀត​ស្រប​នឹង​ប្រាក់កម្ចី និង​ប្រព័ន្ធ​ឌីជីថល​ដ៏​រឹងមាំ​របស់​ធនាគារ ដែលជា​គុណសម្បត្តិ​ដ៏​មាន​ភាព​ប្រកួតប្រជែង។

របាយការណ៍​បានឱ្យដឹង​ទៀតថា “យើង​ចាត់ទុក​កំណើន​ប្រាក់​បញ្ញើ​អតិថិ​ជននេះ​ថា “វិជ្ជមាន” ដោយសារ​ថវិកា​ទាំងអស់នេះ ជាទូទៅ​មាននៅ​យូរ​ជាង​ថវិកា​ការលក់ដុំ។ ធនាគារជាតិ​កាណាដា បង្ហាញ​ពី​ឆន្ទៈ​បន្ត​វិនិយោគ​លើ​បំណុល បន្ទាប់បន្សំ​របស់​ធនា​គារ ABA ដែល​តាម​ទស្សនៈ​របស់​យើង ក៏​ផ្តល់​ឲ្យ​ធនាគារ ABA នូវ​សិទ្ធិ​ចូលក្នុង​ការកំណត់​តម្លៃ​កាន់តែខ្លាំង​នៅក្នុង​ទីផ្សារ​មូល​ប​ត្រ​បំណុល” ។

លោក Zhiger Atchabarov នាយក​ប្រតិបត្តិការ​អន្តរជាតិ​របស់​ធនាគា​រ ABA Bank មានប្រសាសន៍ថា “នេះ​បញ្ជាក់​ពី​ភាពរឹងមាំ​នៃ​យុទ្ធសាស្ត្រ គុណភាព​ខ្ពស់​នៃ​ទ្រព្យសកម្ម​របស់​ធនាគា​រ​យើង ព្រមទាំង​បញ្ជាក់​ពី​ស្ថិរភាព​ហិរញ្ញវត្ថុ​របស់​ធនាគារ ABA ទោះបី​ជាមាន​បញ្ហា​ប្រឈម​ជា​ពេលបច្ចុប្បន្ន​ទាំង​ក្នុងប្រទេស និង​ទូទាំង​សកលលោក” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here