រដ្ឋាភិបាលព្យាករថា GDP សម្រាប់មនុស្សម្នាក់នឹងកើនឡើងដល់១,៧៧១ដុល្លារនៅឆ្នាំ២០២១

ដោយៈ សាវុធ

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានព្យាករថា ផលិតផលក្នុងស្រុកសរុប(GDP) សម្រា​ប់មនុស្សម្នាក់នឹងកើនឡើងដល់១,៧៧១ដុល្លារ នៅឆ្នាំ២០២១ ធៀបនឹង១៦០០ដុល្លារ ក្នុងឆ្នាំ២០២០។ នេះបើយោងតាមការចេញផ្សាយរបស់ភ្នាក់ងារសារព័ត៌មានរដ្ឋនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ។

ការព្យាករណ៍នេះត្រូវបានធ្វើឡើងដោយលោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីម្សិលមិញ អំឡុងពេលការពារសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២១ នៅព្រឹទ្ធសភា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តទៀតថា “កំណើននេះអាចធ្វើទៅបាន តាមរយៈការខិតខំផ្សេងៗរបស់រាជរដ្ឋាភិបាល រួមមានការផ្តល់ការលើកទឹកចិត្តពន្ធដល់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាវិស័យសំខាន់ៗ ដូចជាទេសចរណ៍ និងបដិសណ្ឋារកិច្ច”។

រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញថវិកាជាតិជាង២០០លានដុល្លារអាមេរិករួចហើយ ដើម្បីឧបត្ថម្ភធនដល់អ្នក ដែលរងផលប៉ះពាល់ពីវិបត្ដិកូវីដ១៩ ហើយត្រៀមថវិកាបន្ថែមទៀត ដើម្បីជួយដល់ពួកគេ ប្រសិនបើវិបត្តិនៅតែបន្ត។

ទោះបីជាការនាំចេញភាគច្រើន ត្រូវបានរងគ្រោះដោយជំងឺរាតត្បាតក៏ដោយ ក៏ការនាំចេញកង់ គ្រឿងបន្លាស់អគ្គិសនី និងគ្រឿងបន្លាស់រថយន្តមានការកើនឡើង។

ការនាំចេញអង្ករ និងទំនិញកសិកម្មផ្សេងទៀតក៏បានកើនឡើងផងដែរ ខណៈភ្ញៀវទេសចរក្នុងស្រុកបានគាំទ្រដល់ការងើបឡើងវិញ មួយផ្នែកនៃវិស័យទេសចរណ៍។

យោងតាមរបស់របាយការណ៍ចុងក្រោយ World Bank បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងទុកថា នឹងងើបឡើងវិញហើយលូតលាស់ បានប្រហែលជិត៤ភាគរយ ក្នុងឆ្នាំ២០២១ ខណៈ ADB បានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនស្ទុះឡើង ៥.៩ ភាគរយនៅឆ្នាំក្រោយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here