លោកស៊ុន ចាន់ថុលៈមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញនឹងក្លាយជាចលករជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

ដោយៈម៉ាណេត

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់កម្ពុជាបានលើកឡើងថា មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ ដែលជាស្ថាប័នដ៏មានសក្ដានុពល ក្នុងការលើកស្ទួយវិស័យដឹកជញ្ជូន ឱ្យកាន់តែមានប្រសិទ្ធភាព និងមានលក្ខណៈប្រកួតប្រជែង ជាមួយនឹងប្រទេសក្នុងតំបន់នឹងក្លាយជាកម្លាំងចលករ ជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ក្នុងកិច្ចប្រជុំដើម្បីពិនិត្យ និងអនុម័តលើសេចក្ដីព្រាងចុងក្រោយនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌ FA (Framework Agreement) នៃគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (PP-LC) ជាមួយលោក Alex Sanford អ្នកប្រឹក្សាយោបល់ផ្នែកច្បាប់អន្តរជាតិ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកមានប្រសាសន៍ថា “មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ គឺជាមជ្ឈមណ្ឌលដ៏មានសក្ដានុពល ក្នុងការលើកស្ទួយវិស័យដឹកជញ្ជូន ឱ្យកាន់តែមានប្រសិទ្ធភាព និងមានលក្ខណៈប្រកួតប្រជែង ជាមួយនឹងប្រទេសក្នុងតំបន់ និងសកលលោកទាំងតម្លៃ និងសេវាកម្ម”។ លោកបន្តថា “វានឹងសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល  ក្នុងការអភិវឌ្ឍកម្ពុជា ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០”។

កិច្ចប្រជុំខាងលើនេះបានធ្វើឡើង ក្នុងគោលបំណងពិនិត្យលើសេចក្តីព្រាងចុងក្រោយនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌ នៃគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងរាជរដ្ឋាភិបាល ជាមួយនឹងក្រុមហ៊ុន YCH និងដើម្បីប្រមូលធាតុចូលបន្ថែមពីគ្រប់ស្ថាប័នពាក់ព័ន្ធ និងអ្នកប្រឹក្សាយោបល់ផ្នែកច្បាប់អន្តរជាតិលើចំណុចមួយចំនួន ដែលនៅសេសសល់ពីកិច្ចប្រជុំនាពេលកន្លងមក។

កិច្ចប្រជុំនេះក៏ជាការដាក់បញ្ចូលនូវគំនិតសំខាន់ៗ ដើម្បីធ្វើឱ្យកិច្ចព្រមព្រៀងខាងលើ មានខ្លឹមសារជាគតិយុត្តិគ្រប់ជ្រុងជ្រោ​យក្នុងបទដ្ឋានជាតិ និងអន្តរជាតិ អាចទទួលយកបានពីគ្រប់ភាគី ជាពិសេសបម្រើឱ្យប្រយោជន៍ជាតិជារួម ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល និងឈានទៅបញ្ចប់សេចក្ដីព្រាង នៃកិច្ចព្រមព្រៀងនេះនាពេលឆាប់ៗខាងមុខ ដើម្បីដាក់ជូនទៅក្រុមហ៊ុន YCH៕

LEAVE A REPLY

Please enter your comment!
Please enter your name here