ដោយៈលក្ខិណា
ភ្នំពេញៈ ព្រឹទ្ធសភាកម្ពុជាកាលពីព្រឹកថ្ងៃទី២១ធ្នូ ២០២០នេះ បានអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា សម័យប្រជុំព្រឺទ្ធសភានាព្រឹកនេះ ក៏បានលើក យកសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់គ្រប់ គ្រងឆ្នាំ២០១៩ -សេចក្តីព្រាងច្បាប់ ស្តីពីមូលបត្ររដ្ឋ -សេចក្តីព្រាងច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារមកពីនិត្យ និងឱ្យយោបល់ដោយឥតកែប្រែចំនួន៥៧សំឡេងដូចគ្នា នៃសមាជិកព្រឹទ្ធសភាទាំងមូលដែលបានចូលរួម។
លោកម៉ម ប៊ុននាង សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់ ក្រុមអ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំពេញអង្គថា ថវិកាសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ គឺជាការប្រយុទ្ធការពារអាយុជីវិតប្រជាជន រក្សាលំនឹងសង្គម សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ ព្រមជាមួយការតម្រង់ធនធានឆ្ពោះទៅស្តារ និងជំរុញកំណើន សេដ្ឋកិច្ចឡើងវិញក្រោយពីស្រាកស្រាន្តទៅជំងឺកូវីដ-១៩។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលដឹកនាំសម័យប្រជុំពេញអង្គនេះបានប្រកាសថា ការអនុម័តច្បាប់ថវិកានេះ មានសារៈសំខាន់ណាស់ សំរាប់ទុកជាការប្រញាប់ជូនរាជ រដ្ឋាភិបាលសម្រាប់ជាប្រយោជន៍ ដល់កិច្ចការអភិវឌ្ឍប្រទេស និងសង្គមជាតិ ។
បើយោងទៅតាមខ្លឹមសារសង្ខេបស្តីពី សេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១បានបង្ហាញថា គម្រោងចំណាយសរុបថវិការដ្ឋ ក្នុងឆ្នាំ២០២១មានចំនួនជាង៣២ទ្រីលានរៀល ដែលចំនួននេះមានការថយចុះចំនួន៤% បើធៀបទៅនឹងច្បាប់កាលពីឆ្នាំ២០២០។ ក្នុងនោះដែរ ចំណាយចរន្តថវិកាជាតិគ្រោងមានចំនួនជាង១៨លានលានរៀល គឺថយចុះ៥,៤% ធៀបនឹងច្បាប់ឆ្នាំ២០២០ ។
ចំណែកឯការចំណាមូលធនថវិការដ្ឋ មានចំនួនជាង១៣ទ្រីលានរៀល ថយចុះ១,៩% ធៀបនឹងច្បាប់ឆ្នាំ២០២០ដូចគ្នាកាលពីឆ្នាំមុន៕







