ដោយៈ សាវុធ
ភ្នំពេញៈ មជ្ឈមណ្ឌលក្រុមប្រឹក្សាធុរកិច្ចកម្ពុជាប្រចាំនៅប្រទេសថៃ (CBC) ដែលស្ថិតនៅក្នុងទីក្រុងបាងកក គ្រោងបើកដំណើរការនៅមុនចូលឆ្នាំ ប្រពៃណីជាតិខ្មែរខាងមុខនេះ។ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ នៃស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក ប្រទេសថៃ។
លោកហេង សុវណ្ណារិទ្ធ អនុព័ន្ធពាណិជ្ជកម្ម នៃស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក ត្រូវបានដកស្រង់សម្តីចេញពីទូរទស្សន៍ក្នុងស្រុកមួយ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ ដោយលោកបានថ្លែងថាថា មជ្ឈមណ្ឌលក្រុមប្រឹក្សាធុរកិច្ចកម្ពុជា គឺនឹងជួយសម្របសម្រួល ដល់ការដោះដូរពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ជាពិសេសដើម្បីសម្រេចបាន តាមទិសដៅពាណិជ្ជកម្មទ្វេភាគីតម្លៃ១៥ពាន់លានដុល្លារ ដែលកំណត់ដោយប្រមុខថ្នាក់ដឹកនាំប្រទេសទាំងពីរនៅឆ្នាំក្រោយ។
លោកបន្តថា “មជ្ឈមណ្ឌលនេះមានកម្ពស់៤ជាន់ ជាការវិនិយោគរបស់ក្រុមហ៊ុន Zay Station Co., Ltd សហការជាមួយការិយាល័យពាណិជ្ជកម្ម នៃស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ”។
នៅពេលបញ្ចប់ការសាងសង់ អគារនេះនឹងក្លាយជាមជ្ឈមណ្ឌលផ្តល់ព័ត៌មាន និងផ្សព្វផ្សាយផលិតផលខ្មែរ និងថៃ និងជាសាលាហ្វឹកហ្វឺនផ្នែកធុរកិច្ច ព្រមទាំងកន្លែងផ្តល់ការប្រឹក្សាអំពីលក្ខខណ្ឌច្បាប់ និងសេវាផ្សេងៗទាក់ទងវិស័យពាណិជ្ជកម្ម និងវិនិយោគ។
លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ធ្លាប់មានប្រសាសន៍ថា វត្តមានមជ្ឈមណ្ឌលធុរកិច្ចកម្ពុជា(CBCC) នៅក្នុងទីក្រុងបាងកក នឹងដើរតួនាទីសំខាន់ ក្នុងការលើកស្ទួយអត្ថប្រយោជន៍ពាណិជ្ជករខ្មែរ ជំរុញពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ និងចូលរួមអនុវត្តការទូតសេដ្ឋកិច្ច ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា។
លោកថ្លែងថា “ជាផ្នែកមួយនៃអាណត្តិរបស់ខ្លួន ក្នុងការលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី និងទាក់ទាញក្រុមវិនិយោគិនថៃ កាន់តែច្រើនមកប្រទេសកម្ពុជា និងពីប្រទេសកម្ពុជា ទៅប្រទេសថៃCBC នឹងអភិវឌ្ឍន៍ជាទីកន្លែងផ្លាស់ប្តូរមតិ និងការខិតខំលើកកម្ពស់ការសន្ទនាជាមួយសមភាគីកម្ពុជា និងក្រុមវិនិយោគិនថៃ”។
ទំហំពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា និងថៃ សម្រេចបានជាង៦ពាន់លានដុល្លារ គិតត្រឹមខែតុលា ឆ្នាំ២០២០ ធ្លាក់ចុះ២១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ដែលមានទឹកប្រាក់សរុបជាង៧ពាន់លានដុល្លារ៕