មន្ត្រីពាណិជ្ជកម្មរុស្ស៊ីបង្ហាញឆន្ទៈពង្រីកកិច្ចសហប្រតិបត្តិការ លើធុរកិច្ចនិងទេសចរណ៍

ដោយៈ ម៉ាណា

    ភ្នំពេញៈ ភាគីរុស្ស៊ី​បាន​បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកកិច្ចសហប្រតិបត្តិការជាមួយស្ថានទូតកម្ពុជា ដើម្បីរៀបចំព្រឹត្តិការណ៍មួយ​ចំនួន ​ក្នុងន័យ​​ផ្សព្វផ្សាយពី​សក្តានុពល​ នៃ​ការ​​បណ្តាក់​ទុន​ផ្ទាល់​នៅ​កម្ពុជា ក៏​ដូច​ជា​ជំរុញ​​ភ្ញៀវ​ទេសចរ​រុស្ស៊ី ​ឱ្យ​ធ្វើដំណើរ​មក​កម្សាន្ត​នៅ​កម្ពុជា​កាន់​តែ​ច្រើន​។

ព័ត៌មាននេះ​ត្រូវ​បានលោក Sergey Dvoryanov ប្រធានក្លឹបការទូតអន្តរជាតិ AMICABILITY (International Diplomatic Club) លើក​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​​ លោកពេជ្រឃុន បញ្ញា ឯកអគ្គរាជទូត​កម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី និង​មាន​ការ​ចូល​រួម​ពី​​លោក ហុង សាមឌី អនុព័ន្ធពាណិជ្ជកម្មកម្ពុជា អមឯកអគ្គរាជទូត​កម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី នៅ​ទីក្រុង​ម៉ូស្គូ ប្រទេស​រុស្ស៊ី កាល​ពីសប្តាហ៍មុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងជំនួបនេះ លោកSergey Dvoryanov និងគណៈប្រតិភូរុស្ស៊ី បានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការស្វែងរកកិច្ចសហប្រតិបត្តិការជាមួយស្ថានទូតកម្ពុជា ដើម្បីរៀបចំព្រឹត្តិការណ៍មួយ ក្នុងគោលបំណងទាក់ទាញវិនិយោគិនរុស្ស៊ី ​ឱ្យ​ចូល​មក​ស្វែង​រក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ ការលើកកម្ពស់មរតកវប្បធម៌​អរិយធម៌កម្ពុជា ការតាំងពិព័រ​ណ៍ផលិតផលខ្មែរ ការផ្សព្វផ្សាយពីវិស័យសុខាភិបាលរុស្ស៊ី និងការផ្សព្វផ្សាយពីតំបន់ទេសចរណ៍កម្ពុជា ក៏ដូចជាការទាក់ទាញភ្ញៀវទេស​ចរណ៍រុស្ស៊ីមកលេងកម្ពុជា​កាន់​តែ​ច្រើន​។

ជាការឆ្លើយតប លោកពេជ្រឃុន បញ្ញា បានសម្តែងសេចក្តីស្វាគមន៍​ចំពោះ​ក្រុមហ៊ុនរុស្ស៊ី ដែល​មានបំណងចង់ស្វែងរកកិច្ចសហប្រតិបត្តិការ ក្នុងការរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះ ដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយពីវប្បធម៌ ​អរិយធម៌ខ្មែរ បន្ថែមទៀតលើឆាកអន្តរជាតិ។

បន្ថែម​លើ​នេះ លោកក៏​បាន​លើកឡើង ពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល​កម្ពុជា ក្នុងការ​លើកកម្ពស់បរិយាកាសធុរកិច្ច និងវិស័យសក្តានុពលផ្សេងៗទៀត។

ជាមួយគ្នានេះ កាល​ពី​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ២០២៥កម្ពុជា​-រុស្ស៊ី បាន​រៀបចំ​កិច្ច​ប្រជុំ ​គណៈកម្មការ​អន្តររដ្ឋាភិបាល​កម្ពុជា-រុស្ស៊ី លើ​ក​ទី​១ តាម​​ប្រព័ន្ធ​វីដេអូ ដែល​​មាន​លោកឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ប្រាក់ សុខុន និង​រដ្ឋមន្ត្រីក្រសួងកសិកម្មនៃសហព័ន្ធរុស្ស៊ី លោកស្រី Oksana Lut បានធ្វើជាសហប្រធាន។

កិច្ច​ប្រជុំ​នេះ​មាន​គោល​បំណង ​​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស(IGC) រវាង​ប្រទេស​ទាំង២ឱ្យ​កាន់​តែ​ប្រសើរ​។

ក្នុង​កិច្ច​ប្រជុំ​នោះ លោក​ប្រាក់ សុខុន បាន​លើកឡើង​​ពី​សារៈ​សំខាន់​នៃ​ការ​​ពង្រឹង កិច្ចសហប្រតិបត្តិការទ្វេភាគី​កម្ពុជា-​រុស្ស៊ី ឱ្យ​បាន​កាន់​តែ​ប្រសើរបន្ថែម​ទៀត ព្រម​ទាំង​បាន​​ជំរុញឱ្យមានការពន្លឿន និងអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀង/ អនុស្សរណៈដែលភាគី​ទាំង២ បានចុះហត្ថ​លេខានា​ពេល​កន្លង​មក ដើម្បីទាញយកអត្ថប្រយោ​ជន៍ឱ្យ​បាន​ជាអតិបរមា។

លោក​បាន​បញ្ជាក់​ថា មាន​វិស័យ​អាទិភាព​ចំនួន៣ ដែលភាគី​ទាំង ២ បាន​សន្យា​នឹង​ខិតខំ​ពង្រឹង កិច្ចសហប្រតិបត្តិការជាមួយ​គ្នា​ ដូចជា វិស័យ​ពាណិជ្ជកម្ម ថាមពល និង​ឧស្សាហកម្ម និង​កិច្ច​សហប្រតិបត្តិការលើ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​នៅ​កម្ពុជា។

លោក ប្រាក់ សុខុន បាន​ថ្លែង​ថា “​លើវិស័យពាណិជ្ជកម្ម និងវិនិយោគ ខ្ញុំ​សូម​អញ្ជើញថ្នាក់ដឹកនាំ​ធុរកិច្ច សហគ្រិន និងអ្នកវិនិយោគរុស្ស៊ី មកចូល​មក​ស្វែងយល់ពីទីផ្សារ​កម្ពុជា ជាពិសេសក្នុងវិស័យដូចជា កសិកម្ម និង ផលិតផលម្ហូបអាហារ”។ លោកបន្ថែមថា “​បន្ថែម​លើ​នេះ​ក៏​ស្នើឱ្យភាគីទាំង២ ពិចារណា​ពី​ការ​រៀបចំវេទិកាធុរកិច្ច ឬពិព័រ​ណ៍រួមគ្នា ដើម្បីជាវេទិកាសម្រាប់ការភ្ជាប់ទំនាក់ទំនង ការផ្គូផ្គង និងការធ្វើអាជីវកម្មរួម”។

យោងតាមរបាយការណ៍​បូក​សរុប​លទ្ធផល ​ការងារ​ប្រចាំ​ឆ្នាំ​២០២៤ របស់​ក្រសួង​ពាណិជ្ជកម្មឱ្យ​ដឹង​ថា បច្ចុប្បន្ន​កម្ពុជា-​រុស្ស៊ី បាន​និង​កំពុង​បន្ត​នីតិវិធី​មួយ​ចំនួន ដើម្បី​ឈាន​ទៅ​រក​ការ​ចុះ​ហត្ថលេខា​លើ​ពិធី​សារ​រវាង​សេវាគយសហព័ន្ធ​រុស្ស៊ី-កម្ពុជា លើ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​រដ្ឋបាល ការ​ផ្លាស់​ប្តូរ​ព័ត៌មាន និង​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ដែល​បាន​សហនើ​ឡើង​ដោយ​ភាគី​រុស្ស៊ី ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ របស់​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប-​អាស៊ី​។​

ទិន្នន័យក្រសួង​ទេសចរណ៍ បាន​ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២៤ មាន​ជនជាតិ​រុស្ស៊ី​ចំនួន៧១,៩០១នាក់ បាន​ធ្វើ​ដំណើរ​មក​កម្ពុជា ធ្លាក់​ចុះ ១៥,៧​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០២៣៕​

 

LEAVE A REPLY

Please enter your comment!
Please enter your name here