ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានស្ថិតក្នុងសភាពទ្រឹងក្នុងការជួញដូរនៅព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ ខណៈដែលក្រុមអ្នកវិនិយោគកំពុងរង់ចាំលទ្ធផលនៃកិច្ចចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ដែលគ្រោងនឹងរៀបចំឡើងនៅទីក្រុងឡុងដ៍នៃប្រទេសអង់គ្លេស។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានស្ថិតនៅទ្រឹងត្រឹមតម្លៃ៦៦,៤៧ដុល្លារក្នុងមួយបារ៉ែលគិតនៅត្រឹមម៉ោងសកល 0008 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានកើនឡើង១សេនដល់៦៤,៥៩ដុល្លារក្នុងមួយបារ៉ែល។
ការរំពឹងទុកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនបានធ្វើឱ្យតម្លៃប្រេងឆៅកើនឡើង ខណៈដែលជំនួយការកំពូល៣នាក់របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ គ្រោងជួបពិភាក្សាជាមួយសមភាគីចិននៅទីក្រុងឡុងដ៍នៅថ្ងៃចន្ទនេះដើម្បីចូលរួមកិច្ចប្រជុំលើកដំបូងនៃយន្តការពិគ្រោះយោបល់សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន៕